ភ្នំពេញៈ ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួង​មហាផ្ទៃ ណែនាំ​យុវជន​ឲ្យ​ពង្រឹង​ចំណេះដឹង​ ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ និង​ចូលរួម​អភិវឌ្ឍ​ជាតិ​ឲ្យ​ស្របតាម​យុគសម័យ​បច្ចេកវិទ្យា បន្ទាប់ពី​នាយកដ្ឋាន​នេះ​មើលឃើញ​ថា បច្ចេកវិទ្យា​ជា​ជំនាញ​ដែល​យុវជន​ត្រូវការ​ជា​ចាំបាច់​នាបច្ចុប្បន្ន​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា សង្កេត​ឃើញ​ថា មាន​កិច្ចការងារ​ជាច្រើន​ដែល​កម្ពុជា​ត្រូវការ​បំពេញ និង​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ រួមទាំង​ស្ថាប័ន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​ការអនុវត្ត​ប្រព័ន្ធ​អេកូសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។

សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​ ២៩ ឧសភា នាយកដ្ឋាន​នេះ​ថា​ការងារ​ដែល​គួរ​យកចិត្ត​ទុកដាក់ គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការអនុវត្ត​យន្តការ​នានា ដែល​បាន​ដាក់ចេញ​ក្នុង​ផែនការ​សកម្មភាព រួមទាំង​ធនធាន​មនុស្ស​ក្នុង​ការបំពេញ​កិច្ចការងារ​ផ្សេងៗ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ឌីជីថល​។

នាយកដ្ឋាន​នេះ​បន្ត​ថា យុវជន​កម្ពុជា​កំពុង​ទទួលយក​ចំណេះដឹង​ថ្មីៗ​អំពី​បច្ចេកវិទ្យា​ក្នុង​គោលបំណង ពង្រីក​ពុទ្ធិ​ចំណេះ​ជំនាញ និង​ចំណេះដឹង​ទូទៅ​ដើម្បី​ឲ្យ​ដើរ​ទាន់​បរិបទ​នៃ​សង្គម​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ក៏ដូចជា​ក្នុង​តំបន់​ផងដែរ​។

ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា ជំរុញ​យុវជន​កម្ពុជា​គួរ​គប្បី​បន្ត​ក្រេបជញ្ជក់​ចំណេះដឹង​មូលដ្ឋាន​ (​ថ្នាក់​មធ្យមសិក្សា និង​ឧត្តមសិក្សា​)​។ បន្ថែម​ពីនេះ ត្រូវ​បន្ត​ពង្រឹង​ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ ឯកទេស បន្ត​អនុវត្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ជួសជុល​ចំណុច​ខ្វះខាត​ (​បទពិសោធ​)​។

នាយកដ្ឋាន​នេះ​ថា​៖ «​យុវជន​កម្ពុជា​គួរ​គប្បី​ខិតខំ​សិក្សា ពង្រឹង​ចំណេះដឹង​ភាសាបរទេស (​តួយ៉ាង ភាសា​អង់គ្លេស​។​ល​។​) ​បន្ត​ចូលរួម អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការចែករំលែក​ចំណេះដឹង​ និង​បទពិសោធ​ និង​បន្ត​ប្រកាន់យក​នូវ​សេចក្តី​ថ្លៃថ្នូរ សីលធម៌ សុជីវធម៌ សាមគ្គីភាព ក្នុង​ការប្រតិបត្តិ​ក្នុង​គ្រួសារ សហគមន៍​ និង​ប្រទេសជាតិ រួមទាំង​ប្រកាន់​ទម្លាប់​អាន ទម្លាប់​សិក្សា​ស្រាវជ្រាវ និង​ទម្លាប់​ចែករំលែក​»​។

លោក​ ឡាំ សុជាតិ ​ប្រធាន​វិទ្យាស្ថាន តស៊ូ​មតិ និង​គោលនយោបាយ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ឧសភា​ថា បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ន ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ជាពិសេស​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ភាពរីកចម្រើន​។

ប៉ុន្តែ​លោក​ថា ក្នុង​បរិបទ​នេះ យុវជន​កម្ពុជា​មិន​ទាន់​អាច​យក​បច្ចេកវិទ្យា​ទៅប្រើប្រាស់​ឲ្យ​ស្រប​នឹង​តម្រូវការ​របស់​ប្រទេសជាតិ​ដែល​ចង់បាន​នោះទេ ដោយសារ យុវជន​មួយចំនួន​បាន​យក​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ផ្លូវខុស​។

លោក​ថា​៖ «​ខ្ញុំ​មិនដឹងថា​រដ្ឋាភិបាល មាន​គោលនយោបាយ​បែបណា ដើម្បី​បណ្តុះ​ធនធាន​មនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​។ គ្រាន់តែ ខ្ញុំ​ដឹងថា​ក្នុង​សម័យនេះ​ស្របពេល​ជំងឺ​កូវីដ​ ១៩ ​ផង​នោះ ការប្រើប្រាស់ [​រដ្ឋាភិបាល​អេឡិចត្រូនិក​] ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាន់សម័យ គឺ​គួរតែ​ប្រើប្រាស់​ផ្លូវការ និង ចាប់ផ្តើម​បញ្ជ្រាប​ចំណេះដឹង ប្រជាជន ជាពិសេស​យុវជន​»៕