ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​នឹង​ការផ្ញើ​សារ​ «​ឈ្នះ​រង្វាន់​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​» បន្ទាប់ពី​ស្ថាប័ន​នេះ​បាន​សង្កេតឃើញ​មាន​ការកើនឡើង​នូវ​ការទទួល​បាន​សារ​បែបនេះ​តាម​បណ្តាញ​សង្គម​ Telegram និង​ហ្វេសប៊ុក​។

យោង​តាមរយៈ​ការបង្ហោះ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ពី​ម្សិលមិញ​ឱ្យដឹងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ​មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ទទួល​បាន​សារ​ដែលមាន​ខ្លឹមសារ​ថា​ «​ខ្ញុំ​ទើបតែ​បាន​ឈ្នះ​រង្វាន់​ដោយ​ឥតគិតថ្លៃ​មួយ​ដោយ​គ្រាន់តែ​ឆ្លើយ​សំណួរ​មួយចំនួន​! អ្នក​គប្បី​ធ្វើ​វា​ឥឡូវនេះ គឺ​មុន​ពេល​ដែល​កម្មវិធី​ផ្ដល់​រង្វាន់​បាន​បញ្ចប់ទៅ​!»​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ស្រាវជ្រាវ​រកឃើញ​ថា សារ​ទាំងអស់​នេះ​គឺជា សារ​បោក​បញ្ឆោត ហើយ​វា​គឺជា​ល្បិច​របស់​ពួកក្រុម​ជនខិលខូច​ដើម្បី​លួច​ប្រមូលយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ នៅពេល​ខ្លះទៀត​នោះ​ពួកគេ​នឹង​ទាមទារ​ឱ្យ​លោក​បង់ប្រាក់​បន្តិចបន្តួច ដើម្បីឱ្យ​លោកអ្នក​មាន​ការជឿជាក់​។ ប៉ុន្តែ​នេះ​ជា​ល្បិច​ដើម្បី​បោក​បញ្ឆោត​យកប្រាក់​កាស ឬ​ដើម្បី​លួច​យក​លេខ​បណ្ណ​ឥណទាន​របស់លោក​អ្នក​ទៀត​ផង​។

ការបោក​បញ្ឆោត​ដែល​អះអាង​ថា ឈ្នះ​រង្វាន់​មាន​ដូចជា​កុំព្យូទ័រ​ និង​ទូរស័ព្ទដៃ​តាមរយៈ​កម្មវិធី Telegram ដែលមាន​ឈ្មោះថា Classiscam បាន​រីក​រាលដាល​យ៉ាងខ្លាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​នៅ​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ល្បិច​បោក​បញ្ឆោត នេះ​ត្រូវបាន​ចាប់​ផ្តើមឡើង​នៅ​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ​ ២០១៩​។

បច្ចុប្បន្ន​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា មាន​ជនខិលខូច​ចំនួន​ ៥ ​ពាន់​នាក់ ដែល​កំពុង​ប្រើប្រាស់​វិធី​នេះ​ដើម្បី​បោក​បញ្ឆោត​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ នាយកដ្ឋាន​បាន​ណែនាំ​ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ កុំ​ជឿ​លើ​ការឈ្នះ​រង្វាន់ ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ​នោះ ព្រោះ​ភាគច្រើន វា​គឺជា​ការបោក​បញ្ឆោត​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បញ្ជាក់ថា​៖ «​សូម​លោកអ្នក​កុំ​ចុច​នៅលើ​តំណ​ភ្ជាប់ ឬ​ធ្វើការ​ចែកចាយ​បន្ត ដែល​នាំឱ្យ​ខាតបង់​ពេលវេលា ឬ​ប្រាក់កាស​របស់​លោក​អ្នក​តែប៉ុណ្ណោះ​»​។

លោក​ ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ ឱ្យដឹងពី​ម្សិលមិញ​ថា នាយកដ្ឋាន​ជំនាញ​ចេញ​ការណែនាំ​នេះ ព្រោះ​វា​ជា​ហានិភ័យ​មួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ពី​ការឆបោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមជម្រាបថា កាលណា​នាយកដ្ឋាន​គេ​ចេញ​សេចក្តី​ប្រកាស​អ៊ីចឹង​ ហើយ​មិន​ខ្វល់​ថា​ច្រើន ឬ​តិច​នោះទេ វា​ជា​ហានិភ័យ​មួយ​ហើយ ដែល​យើង​ចេញ​ធ្វើការ​ណែនាំ​ទៅ​ដល់​សាធារណជន​។ បើ​វា​តូចតាច គេ​មិន​ងាយ​ចេញ​ផ្តេសផ្តាស​ឱ្យ​ផ្អើល​ដល់​ក្នុង​សង្គម​ទេ​»​។

លោក​បន្តថា​៖ «​ឱ្យ​ខ្ញុំ​ថា​ច្រើន ឬ​តិច​ខ្ញុំ​មិន​ថា​ទេ​ប៉ុន្តែ​វា​បង្ហាញ​ពី​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​មាន​ការបាត់បង់​»​។

លោក​ ង៉ែត មុសេ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ពី​ម្សិលមិញ ថា ករណី​ឆបោក​តាម​បណ្តាញ​សង្គម​នេះ​មិនមែន​ទើបតែ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ វា​បានកើត​យូរណាស់​មក​ហើយ​នៅ​បណ្តា​ប្រទេស​នានា​។ ករណីនេះ​កើតឡើង បន្ទាប់ពី​ឧក្រិដ្ឋជន មើលឃើញ​ពី​ការរីកចម្រើន​ និង​កំណើន​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​ប្រព័ន្ធ​តេឡេក្រាម​។

បើតាម​លោក​ ង៉ែត មុសេ អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​ប្រទេស​កម្ពុជា​មួយចំនួន​អាច​នឹង​ធ្លាក់​ចូល​ទៅក្នុង​ការបោក​បញ្ឆោត​នេះ​នៅពេល​មាន​សារ​លោត​ក្នុង​ទូរស័ព្ទដៃ​ថា​ «​អបអរសាទរ​អ្នកឈ្នះ​រង្វាន់​»​។ បើ​មាន​អ្នកណា​ដែល​លោភលន់​អាច​នឹង​ចូលក្នុង​អន្ទាក់​របស់គេ​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ដែល​មិន​បាន​ដឹង ដូចជា​បុគ្គលិក​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ​ធម្មតា​អាច​នឹង​ធ្លាក់​ចូល​ទៅក្នុង​ [​ការឆបោក​នេះ​] តាមរយៈ​ការផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​ឱ្យគេ​។ ​ប៉ុន្តែ​បើ​មាន​ករណី​លោត សារ គួរតែ​កុំ​បើក​មើល និង​ផ្តល់ព័ត៌មាន និង​ដាក់​ការសង្ស័យ​»​។

លោក​បន្តថា​៖ «​បើ​មាន​ករណីនេះ កើតឡើង​បុគ្គលិក​ក្រុមហ៊ុន​គួរតែ​ទៅរក​អ្នកបច្ចេកទេស​នៅក្នុង​ស្ថាប័ន​ដើម្បី​ជួយ​ដោះស្រាយ​។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ធម្មតា គួរតែ​សាកសួរ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដើម្បី​មាន​វិធានការ និង​ជួយ​បាន​»៕

វីដេអូ៖