ភ្នំពេញៈ ស្ថាប័នឯកជន​ចំនួន​ ១ និង​រដ្ឋ​ចំនួន​ ២ និង​ស្ថាប័ន​ទទួលបាន​ជយលាភី​ ២ ពី​កម្មវិធី​ប្រកួតប្រជែង​គម្រោង​នវានុវត្តន៍ ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​ជំនាញ​លើក​ទី​ ១ ដែលជា​កម្មវិធី​ផ្ដួចផ្ដើម​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ នេះ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ កុម្ភៈ​។

ស្ថាប័នឯកជន​ដែល​ទទួល​បាន​ជយលាភី​លេខ​ ១ មាន​ទឹកប្រាក់ ៥ ​ម៉ឺនដុល្លារ គឺ​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូល ឌុយប្រ៉ូល ដែលជា​សាលាបង្រៀន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។ សាលា​នឹង​ធ្វើ​ឌីជីថល​វូបនីយកម្ម​កម្មវិធីសិក្សា​អាស៊ាន​សម្រាប់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៅ​លើ​ជំនាញ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។

សាលា​នេះ​ក៏​នឹង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា និង​បង្កើត​កញ្ចប់​វាយតម្លៃ​ការទទួលស្គាល់​ការសិក្សា​ពីមុន​ និង​រៀបចំ​ឱ្យ​មាន​ការបណ្តុះបណ្តាល​គរុកោសល្យ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​។

ជយលាភី​លេខ ២ ​ដែលមាន​ទឹកប្រាក់​ចំនួន​ ៣ ​ម៉ឺន​ដុល្លារ​បាន​ទៅលើ​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​។ គណៈកម្មាធិការ​នេះ​នឹង​បង្កើត​ប្រព័ន្ធ​វាយតម្លៃ​ការទទួល​ស្គាល់​ការសិក្សា​ពី​មុន​តាមបែប​ចម្រុះ​។ ចំណែកឯ​ជយលាភី​លេខ​ ៣ ​មាន​ទឹកប្រាក់​ចំនួន ២ ​ម៉ឺន​ដុល្លារ​បាន​ទៅលើ​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

បើតាម​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា កម្មវិធី​ប្រកួតប្រជែង​នេះ​ទទួល​បានការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​កិច្ចអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​។ កម្មវិធី​នេះ​លើក​ទឹកចិត្ត​ដល់​ស្ថាប័ន​នានា​ក្នុង​ការលើក​ជា​គម្រោង​ស្នើ​នវានុវត្តន៍ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​ដែល​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កំពុង​ជួបប្រទះ និង​ជួយ​កម្ពុជា​ក្នុង​ការស្តារ​ឡើងវិញ​ក្រោយ​ដំណាក់កាល​វិបត្តិ​ជំងឺ​កូវីដ​១៩​។

លោក ​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានប្រសាសន៍​ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាងមុតមាំ​ថា គម្រោង​ជយលាភី​ទាំង​ ៣ ​នៃ​កម្មវិធី​ប្រកួតប្រជែង​គម្រោង​នវានុវត្តន៍ ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​ជំនាញ​លើក​ទី ១ នៅ​កម្ពុជា​នេះ​នឹង​រួមចំណែក​សម្រេច​បាន​នូវ​លទ្ធផល​ដ៏ធំធេង​សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បចេ្ចកទេស និង​វិជ្ជាជីវៈ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស ព្រមទាំង​បង្កើត​ឱកាស​ការងារ​សមរម្យ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​»​។

តំណាង​អង្គការ​សហប្រជាជាតិ​ថ្លែងថា ការធានា​សិទ្ធិ​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​គឺជា​ការត្រៀម​រៀបចំ​ដ៏ល្អ​បំផុត​ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ភាពជោគជ័យ​នៅក្នុង​ពិភពការងារ​។ ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ស្វែងរក និង​លើកកម្ពស់​ដំណោះស្រាយ​នវានុវត្តន៍ ដែល​រួមចំណែក​ដល់​ការធ្វើ​ភាវូបនីយកម្ម​មាតិកា​សម្រាប់​ការរៀនសូត្រ និង​ការបង្កើត​ថ្នាល​សម្រាប់​អភិវឌ្ឍ​ជំនាញ​៕