The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថាប័ន​រដ្ឋ​ចាប់​ផ្តើម​ពិនិត្យ​មន្ត្រី​រាជការ​ខ្មោច

ស្ថាប័ន​រដ្ឋ​ចាប់​ផ្តើម​ពិនិត្យ​មន្ត្រី​រាជការ​ខ្មោច

ស្ថាប័ន​រដ្ឋ​ចាប់​ផ្តើម​ពិនិត្យ​មន្ត្រី​រាជការ​ខ្មោច

ភ្នំពេញៈ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រដ្ឋសភា នៅ​ថ្ងៃ​ពុធ​នេះ អំពី​ចំនួន​មន្ត្រី​រាជការ​យ៉ាង​ច្រើន​រហូត​ដល់​ជាង ១៣០០ នាក់​របស់​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ ខណៈ​ដែល​ក្រសួង​ការងារ​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ការ​ប្រើ​ឈ្មោះ​មន្ត្រី​រាជការ​ខ្មោច បើក​ប្រាក់​ខែ​រដ្ឋ។

មន្រ្តី​រដ្ឋសភា​ម្នាក់ បាន​អះអាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មាន​មន្រ្តី​រាជការ​ស៊ីវិល​ជាច្រើន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន មិន​បាន​មក​ធ្វើ​ការ​ទេ គឺ​គ្រាន់​តែ​មក​បើក​ប្រាក់​ខែ​នៅ​ពេល​ដែល​ដាច់​ខែ​ប៉ុណ្ណោះ។

មន្រ្តី​ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បាន​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បើក​ប្រាក់​ខែ​មាន ១៣២៤ នាក់។ ប៉ុន្តែ​មាន​មន្ត្រី​រាជការ​ប្រមាណ​តែ​ពី ៤០០ ទៅ ៥០០ នាក់​ប៉ុណ្ណោះ ដែល​មក​ធ្វើ​ការ។ នរណា​មក​នៅ​តែ​មក។ អ្នក​ដែល​មិន​មក​នៅ​តែ​មិន​មក។ ប៉ុន្តែ​នៅ​ពេល​បើក​លុយ ពួក​គេ​មក​ប្រជ្រៀត​ក្បាល​គ្នា»។

មន្រ្តី​រូប​នេះ បាន​អះអាង​ទៀត​ថា ភាគ​ច្រើន​នៃ​ពួក​គេ គឺ​ជា​សាច់​ញាតិ​របស់​ថ្នាក់​ដឹក​នាំ។ នៅ​ពេល​ទាក់​ទង​កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក ញ៉ែម ថ្ថាវី អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​សមាជិក​សភា ពី​គណបក្ស​កាន់​អំណាច បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ហើយ​បាន​បង្វែរ​សំណួរ​នេះ ទៅ​លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋសភា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ជី​ឈ្មោះ​បុគ្គលិក ប៉ុន្តែ​លោក ប៉េងឡុង ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ។

លោក ប៉េងឡុង បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ជម្រាប​ទេ។ តាម​ធម្មតា ការ​ផ្តល់​ព័ត៌មាន លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ទើប​ខ្ញុំ​អាច​ផ្តល់​ជូន​បាន»។ យ៉ាង​ណា​ក្តី លោក ប៉េងឡុង បាន​បង្វែរ​សំណួរ​នេះ​ទៅ​លោក សុន ឆ័យ សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អនុ​ប្រធាន​គណៈកម្មការ​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា។

លោក ប៉េងឡុង បាន​ឲ្យ​ដឹង​ថា លោក សុន ឆ័យ នឹង​និយាយ​អំពី​ចំនួន​មន្រ្តី​រាជការ​ស៊ីវិល នៅ​រដ្ឋសភា​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​សភា​នៅ​ថ្ងៃ​នេះ។ ទោះ​ជា​យ៉ាង​ណា លោក សុន ឆ័យ មិន​អាច​ទាក់​ទង​បាន​ទេ ពី​ថ្ងៃ​ម្សិល​មិញ​។ ប៉ុន្តែ​សមាជិក​សភា​គណបក្ស​ប្រឆាំង ដែល​ជា​ប្រធាន​គណៈ​កម្មការ​លុប​បំបាត់​និង​ប្រឆាំង​អំពើ​ពុក​រលួយ នៃ​រដ្ឋសភា​លោក ហូរ វ៉ាន់ បាន​ថ្លែង​ថា គណៈកម្មការ កំពុង​តែ​ប្រមូល​ឯកសារ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ឬ​ភាព​មិន​ប្រក្រតី​ក្នុង​សភា និង​ក្នុង​ស្ថាប័ន​ផ្សេង​ទៀត​ដើម្បី​ចាត់​ការ​លើ​រឿង​នេះ។

លោក ហូរ វ៉ាន់ បាន​បញ្ជាក់​ថា៖ «អំពើ​ពុក​រលួយ ជា​មុខ​សញ្ញា​មួយ​ដែល​គណៈកម្មការ ត្រូវ​តែ​ចាត់​វិធានការ។ ដូច្នេះ​ទី​ណា​មាន​សញ្ញា​នៃ​អំពើ​ពុក​រលួយ យើង​ត្រូវ​តែ​ស៊ើប​អង្កេត»។

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ចន្ទ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បាន​ចេញ​លិខិត​មួយ ដោយ​ជំរុញ​ឲ្យ​គ្រប់​ប្រធាន​អង្គភាព ក្រោម​ឱវាទ បញ្ឈប់​ការ​ផ្តល់​ប្រាក់​បៀវត្សរ៍ ដល់​មន្រ្តី​រាជការ​ដែល​មិន​បាន​មក​ធ្វើ​ការ និង​រាយ​ការណ៍​មក​ថ្នាក់​លើ ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ការ​ប្រើ​ឈ្មោះ​មន្រ្តី​ខ្មោច​បើក​ប្រាក់​ខែ​រដ្ឋ។ ក្នុង​លិខិត​នេះ ក្រសួង​ការងារ​នឹង​តម្រូវ​ឲ្យ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​របស់​ខ្លួន​ត្រួត​ពិនិត្យ និង​ពង្រឹង​វត្តមាន​របស់​មន្រ្តី​ក្នុង​អង្គភាព ហើយ​ប្រធាន​នាយកដ្ឋាន ប្រធាន​មន្ទីរ និង​ប្រធាន​ការិយាល័យ​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្ទាល់ ចំពោះ​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន ដែល​មិន​បាន​មក​ធ្វើ​ការ​ទៀង​ទាត់​ឬ​អវត្តមាន គ្មាន​មូលហេតុ ដោយ​ត្រូវ​រាយ​ការណ៍​មក​កាន់​អង្គភាព​សាមី ដើម្បី​សុំ​មក​ក្រសួង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រសួង​ការងារ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដោយ​ផ្ទាល់ ទៅ​លើ​ប្រធាន​អង្គភាព ឬ​មន្រ្តី​ណា​ម្នាក់ ដែល​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្រ្តី ដែល​មិន​មក​ធ្វើ​ការ​ផង​ដែរ ហើយ​ក្នុង​ករណី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ មន្រ្តី​ដែល​ពាក់​ព័ន្ធ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​លោក អ៊ុំ មាន បាន​បដិសេធ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ ខណៈ​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ លោក ហេង សួរ មិន​អាច​ទាក់​ទង​បាន។ យុទ្ធនាការ​នេះ ចាប់​ផ្តើម​ធ្វើ​ឡើង ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ ទី១៥ ខែ​សីហា បាន​ប្រកាស​ទុក​ឱសានវាទ​រយៈ​ពេល ៣ ខែ ដល់​គ្រប់​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ចាត់​វិធាន​ការ​បង្ក្រាប​និង​បោស​សម្អាត​ឈ្មោះ​មន្រ្តី​ខ្មោច​គ្រប់​ក្រសួង​ដែល​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បើក​ប្រាក់​បៀវត្សរ៍​ពី​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ ប្រឆាំង​អំពើ​ពុក​រលួយ លោក​ស្រី ម៉ម ស៊ីថា យល់​ថា ការ​ជូន​ដំណឹង​និង​ការ​ទុក​ពេល​មុន​នឹង​ការ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ គឺជា​ទង្វើ​ខុស​មួយ ដែល​ផ្តល់​ឱកាស​ដល់​មន្រ្តី​ខិល​ខូច​អាច​រក​វិធីសាស្ត្រ​ការពារ​ខ្លួន​ជា​មុន។ «ប្រាប់​ចោរ​មុន​អ៊ីចឹង ចាប់​ចោរ​មិន​បាន​នោះ​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍