ភ្នំពេញៈ លោក ស ថេត ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​នៅតាម​បណ្ដា​ខណ្ឌ​ទាំងអស់​ចុះ​ស្ទូច​យក​រថយន្ត​ដែល​ចត​ល្មើសច្បាប់​ធ្វើឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ ខណៈ​លោក​បញ្ជាក់​ថា កន្លងមក​សមត្ថកិច្ច​ហាក់​ពុំបាន​ចាត់វិធានការ​រឹតបន្តឹង​ដោយសារ​តែ​ខ្វះ​រថយន្ត​សម្រាប់​ស្ទូច​។

លោក ស ថេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ពុំបាន​អនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​នាពេល​កន្លងមក ចំពោះ​ការចត​រថយន្ត​ល្មើស​ស្លាក​សញ្ញា​ចរាចរណ៍ គឺ​ដោយសារ​នៅ​តាម​បណ្ដា​ខណ្ឌ​មួយ​ចំនួន ពុំទាន់​មាន​រថយន្ត​ស្ទូច ដើម្បី​ស្ទូច​យក​រថយន្ត​ចត​ល្មើសច្បាប់​យក​ទៅ​ផាកពិន័យ​។

លោក​ថា​៖ «​យើង​ត្រូវការ​រថយន្ត​ស្ទូច​ហ្នឹង​ច្រើន ហើយ​កន្លង​មក យើង​បាន​ស្នើ​ទៅខាង​សាលាក្រុង​សុំ​រថយន្ត​ហ្នឹង​ ៧ ​គ្រឿង​ហើយ ប៉ុន្តែ​មិនទាន់​ធ្លាក់​មក​។ បច្ចុប្បន្ន​យើង​មាន​រថយន្តស្ទូច​ហ្នឹង​សម្រាប់​ខណ្ឌ​នៅ​កណ្ដាល​ក្រុង​សំខាន់ៗ​ចំនួន​ ៤ ​ខណ្ឌ និង​មាន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ៤ ​គ្រឿង​ សរុប​មាន​ចំនួន​ ៨ ​គ្រឿង​»​។

កាលពី​ថ្ងៃ​ ៨ ​ខែ​មិថុនា​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​លោក ស ថេត បាន​ណែនាំ​ជាថ្មី​ដល់​ស្នងការរង​ទទួល​បន្ទុក​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំងអស់​ត្រូវតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ហើយ​ចំពោះ​រថយន្ត​ដែល​ចត​ល្មើស​ស្លាក​សញ្ញា​ចរាចរណ៍​ត្រូវតែ​ស្ទូច​យក​មក​ផាកពិន័យ​នៅ​អធិការដ្ឋាន​ខណ្ឌ​ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ថ្លែងថា​លោក​មិនទាន់​ដឹង​ច្បាស់​អំពី​សំណើ​របស់​ស្នងការ​ដែល​ស្នើសុំ​រថយន្តស្ទូច​បន្ថែម​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ថ្វីដ្បិត​ខណ្ឌ​មួយចំនួន​ខ្វះខាត​សម្ភារ​សម្រាប់​ធ្វើ​ការងារ​ក៏​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ទាំងនោះ​មិន​បាន​ព្រងើយ​កន្ដើយ ចំពោះ​ការចត​រថយន្ត​ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះដែរ​។

លោក​បន្តថា​៖ «​ប្រសិន​បើ​មាន​ការខ្វះខាត​គឺ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​តែង​គិតគូរ​ដើម្បី​ដោះស្រាយ ហើយ​មិនមែន​ទាល់តែ​មាន​លក្ខណៈ​គ្រប់​អស់ ទើប​ការងារ​ (​រៀបចំ​សណ្ដាប់ធ្នាប់​) ​ដំណើរការ​ទៅ​បាន​នោះទេ​»​។

លោក​ ទៀង ច័ន្ទសារ អធិការ​ខណ្ឌដូនពេញ​បាន​លើកឡើង​ថា នៅក្នុង​ខណ្ឌ​របស់​លោក​គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ជាប្រចាំ​ក្នុង​ការស្ទូច​យក​រថយន្ត​ទាំង​ប្រភេទ​រថយន្ត​ធុន​ស្រាល និង​ធ្ងន់​ដែល​ចត​ល្មើសច្បាប់​ទៅ​ដាក់​នៅ​អធិការដ្ឋាន​ដើម្បី​ផាកពិន័យ​ទៅតាម​ច្បាប់​។ លោក​ថា​៖ «​យើង​អនុវត្ត​ហ្នឹង ដើម្បី​ឱ្យ​ម្ចាស់​រថយន្ត​ចូលរួម​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ ដើម្បី​កុំឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​សង្គម​ និង​ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ផ្សេងៗ​»​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី ៨ ខែ​មិថុនា​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន​ក៏បាន​បញ្ជាក់​ដែរ​ថា​ក្រសួង​នឹង​ចាប់ផ្ដើម​ផាកពិន័យ​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ ដែល​ពុំបាន​យកទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​មុន​ថ្ងៃទី ១ ​ខែកក្កដា​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​ពុំ​អាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក ឈួន វ៉ន់ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​ទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បញ្ជាក់​ថា នៅ​មុនពេល​មាន​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​ ១ ឧសភា គឺមាន​រថយន្ត​ប្រហែល ៦០% ក្នុង​ចំណោម​រថយន្ត​ជិត ១ ​លាន​គ្រឿង​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ ពុំទាន់​បាន​មក​ត្រួតពិនិត្យ​បច្ចេកទេស (​ឆៀក​) នៅ​ឡើយ ខណៈ​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា​ខាង​មុខ​តទៅ រថយន្ត​ហួស​សុពលភាព​ឆៀក​នឹង​ត្រូវ​ផាកពិន័យ​គិត​តាម​ចំនួន​ថ្ងៃ​ដែល​ហួស​ក្នុង​ ១ ​ថ្ងៃ​ត្រូវ​ផាក​ ២ ០០០ ​រៀល​៕

វីដេអូ៖