ស្វាយរៀងៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​បន្ត​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជាប្រចាំ​ចំពោះ​រថយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​នេះ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​សហជីព​ជំរុញ​បន្ថែមទៀត​ឲ្យ​យកចិត្តទុកដាក់ និង​គួរ​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ​។

លោក កឹង ឃន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​កម្មករ​ក្នុង​ខេត្ត​ស្វាយរៀង គឺ​បាន​ធ្វើឡើង​ជាប្រចាំ និង​គ្រប់​តំបន់​គោលដៅ​។ ​លោក​បន្តថា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ស្រប​ពេល​ដែល​កន្លងមក​មាន​រថយន្ត​ដឹក​កម្មករ​ជាច្រើន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នោះ ដូច្នេះ​​ការចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​នឹង​នៅតែ​បន្តធ្វើ​ជាប្រចាំ​។

លោក​បាន​បញ្ជាក់ថា​៖ «​មើល​តែ​យូរ​​ទៅ គឺ​យើង​ចុះ​ត្រួតពិនិត្យ​គាត់​ (​អ្នក​បើកឡាន​ដឹក​កម្មករ​) ​ណែនាំ​គាត់ ហើយ​មិនមែន​ធ្វើ​តែ​ទៅលើ​បច្ចេកទេស​ទេ​គឺ​​ណែនាំ​ទៅលើ​អ្នកបើកបរ​ទៀត​។ ​យើង​​ពិនិត្យថា ពួកគាត់​មាន​ប័ណ្ណបើកបរ​​ត្រឹមត្រូវ បើក​ត្រូវ​ប្រកាន់​ស្តាំ និង​កុំ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ យើង​ធ្វើ​ជា​ប្រចាំ យើង​ធ្វើ​ដូច​ភ្លៀងរលឹម​អ៊ីចឹង​»​។

កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា​កន្លងទៅ​អាជ្ញាធរខេត្ត​នេះ​បាន​ចុះ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​រថយន្ត​ដឹក​កម្មករ​​ និង​ការអនុវត្ត​កិច្ចសន្យា​ដាក់​កៅអី​អង្គុយ​សម្រាប់​កម្មករ​ចំនួន ២១៩ ​គ្រឿង​លើ​គោលដៅ​ ២០ ​ក្នុង​ក្រុង-ស្រុក​ចំនួន​ ៨​។ ជា​លទ្ធផល ការត្រួតពិនិត្យ​នោះ​គឺ​ឃើញ​មាន​លក្ខណៈ​ល្អប្រសើរ​។ នេះ​បើតាម​អាជ្ញាធរខេត្ត​ស្វាយរៀង​។

នៅ​ឆ្នាំ​ ២០១៨ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​លើ​កម្មករ​និយោជិត​ចំនួន ១ ៦៩២ ​ករណី​ដែល​មាន​ជនរងគ្រោះ ១ ៨៩៤ ​នាក់​ក្នុងនោះ​​មាន​អ្នកស្លាប់​ចំនួន​ ៤០ ​នាក់ និង​របួសធ្ងន់​ ៣៤៩ ​នាក់ របួសស្រាល​ ១ ៥០៥ នាក់​។ នេះ​បើតាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប.ស.ស​) ​នៃ​ក្រសួង​ការងារ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ដើមឆ្នាំ​នេះ​។

អង្គការ​ពលកម្ម​អន្តរជាតិ ILO និង International Finance Corporation IFC បាន​លើកឡើងថា កម្មករ​រោងចក្រ​កាត់ដេរ​នៅតែ​ប្រឈម​ហានិភ័យ​ជា​រៀងរាល់ថ្ងៃ ដោយសារ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ពុំមាន​បទពិសោធ​ហើយ​​តែង​បង្ក​គ្រោះថ្នាក់ កត្តា​យានយន្ត​ដឹក​លើស​ចំណុះ​ដែល​គ្មាន​សុវត្ថិភាព ការកើនឡើង​នូវ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពុំ​​ទាន់​មាន​ភាពល្អប្រសើរ​ជាដើម​។

តាម​ការលើក​ឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៨ ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែល​អង្គការ​ទាំង​ ២ ​នេះ​បាន​សិក្សា​រួម​គ្នា​​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ បង្ក​ផលប៉ះពាល់​ដល់​កម្មករ​ខ្លួនឯង និង​សមាជិកគ្រួសារ ២ ​លាន​នាក់​ដែល​កំពុង​ត្រូវការ​ការជួយ​គាំទ្រ​ពី​ពួកគេ ស្រប​ពេល​ដែល​ផលិតភាព​របស់​រោងចក្រ​ក៏​ពឹង​ផ្អែក​ទៅលើ​កម្លាំង​ពលកម្ម​របស់​កម្មករ​ទាំង​នេះដែរ​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធ​សហជីព​កម្ពុជា​បាន​សាទរ​ចំពោះ​ការចុះ​ត្រួតពិនិត្យ​លើ​យានយន្ត​ដឹក​កម្មករ​នេះ ប៉ុន្តែ​លោកស្រី​អះអាង​ថា យន្តការ​បែបនេះ​នៅ​មិនទាន់​អាចជួយ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករ​នៅ​តាម​ដងផ្លូវ​បាន​ជោគជ័យ​នោះ​ឡើយ​ទេ​។

លោកស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​សមត្ថកិច្ច​គួរ​ពង្រឹង​វិធានការទប់ស្កាត់​បន្ថែមទៀត និង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាកដ​ថា ការអនុវត្ត​ច្បាប់​ក្នុងការ​គ្រប់គ្រង​បញ្ហា​ទាំងនេះ​មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ​។

លោកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើសុំ​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ពីដំបូង​ទៅ មិនមែន​ទាល់​តែមាន​បញ្ហា​កើតឡើង​ហើយ ទើប​យើង​នាំគ្នា​ចុះទៅ​ធ្វើ ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​កម្មករ​ផ្សេងៗ​​នោះទេ​។ យើង​ទទួលស្គាល់​ថា យើង​​មានការ​បង់ពន្ធ ការធ្វើ​ឆៀក ហើយ​គ្រប់​ប្រជាពលរដ្ឋ​ត្រូវមាន​បណ្ណ​បើកបរ ប៉ុន្តែ​សួរថា ធាតុពិត​ពេល​យើង​ធ្វើ​​រឿង​ទាំងអស់​ហ្នឹង​តើ​បាន​ពិនិត្យ​ត្រឹមត្រូវ​ ឬ​ពិតប្រាកដ​ទេ​? ​គឺ​អត់​មាន​ទេ​»​។

កម្មករ​រោងចក្រ​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៧ មាន​ប្រមាណ ៧៦៣ ៨២០ ​នាក់​ក្នុងនោះ​ពួកគេ​តែង​ទៅ​ធ្វើការ​ដោយ​ជិះ​រថយន្ត​មាន​តទ្រុង​​ដែល​មិន​សូវ​មាន​សុវត្ថិភាព ស្របពេល​សហគ្រាស និង​គ្រឹះស្ថាន​កាត់ដេរ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន ១១៣៩​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​៕