ភ្នំពេញ: ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើកវគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រយ:ពេល​ ៥៥ ​ថ្ងៃ​ដែល​មាន​សិក្ខាកាម​ជា​មន្ត្រីនគរបាល​ចរាចរណ៍​ចំនួន​ ៨៣៧ ​នាក់ ​មកពី​ទាំង​ ១៤ ​ខណ្ឌ​ចូលរួម​ចាប់ផ្តើម​ពីថ្ងៃ​ទី ​៦ ខែមេសា ដល់​ថ្ងៃទី​ ២៩ ខែមិថុនា ​ឆ្នាំ​ ២០២០​។

លោក ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នេះ​ត្រូវ​បាន​ធ្វើឡើង​រយ:ពេល​ខ្លី​ចំនួន​ ១០​ វគ្គ​ដោយ​ក្នុង​ ១ ​វគ្គៗ​រយ:ពេល​ ៥ ​ថ្ងៃ​ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៨៣៧ ​នាក់​។ លោក​បន្តថា​វគ្គ​បំប៉ន​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​មាន​សមាសភាព​មកពី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ការិយាល័យ​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង ១៤ ដែល​ទទួល​ការងារ​ផ្នែក​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​។

វគ្គ​បំប៉ន​នេះ​គ្រាន់តែ​ចង់បង្ហាញ​ពី​នីតិវិធី និង​បច្ចេកទេស​ជាក់ស្ដែង​បន្ថែម​លើ​ជំនាញ​របស់​ពួកគាត់​ដែល​បាន​សិក្សា​ពី​សាលា​នគរបាល​ស្រាប់​។ លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​វគ្គ​បំប៉ន​ជំនាញ​មានន័យ​ថា គាត់​មាន​ជំនាញ វិជ្ជាជីវៈ​ពី​សាលា​នគរបាល​រួចរាល់​ហើយ ហើយ​ឥឡូវនេះ​យើង​គ្រាន់តែ​ចង់បង្ហាញ​អ្វីដែល​ថ្មី​ទាក់ទង​ការអនុវត្ត​អនុក្រឹត្យ​ ឬ​លិខិត​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ហើយ​យើង​នឹង​បង្ហាញ​បទពិសោធ​ការងារ​មួយចំនួន​ដែល​ជា​ដំណោះស្រាយ និង​បង្ហាញ​បញ្ហា​ប្រឈម​ខ្លះៗ​ដែល​ទាក់ទង​វិស័យ​ចរាចរណ៍​ផ្លូវគោក​»​។

លោក សុខ ហេង អធិការ​​ខណ្ឌទួលគោក​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់លោក​ចំនួន​ ២ ​នាក់​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ទៅ​ចូលរួម​ក្នុង​វគ្គ​បំប៉ន​នេះ​ដើម្បី​ឲ្យ​ពួកគាត់​ទៅ​ដកស្រង់​បទពិសោធ​ល្អៗ​ពី​រាមច្បង និង​គ្រូ​បង្គោល​ជំនាញៗ​ក្នុង​ការងារ​ចរាចរណ៍​។

លោក​បន្តថា ចំពោះ​មេរៀន ឬ​មុខជំនាញ​ទាក់ទង​វគ្គ​បំប៉ន​នេះ​លោក​មិន​បានដឹង​ច្បាស់​ទេ ប៉ុន្ដែ​លោក​ចង់​ឲ្យ​មន្ត្រី​លោក​មាន​ជំនាញ​បន្ថែមទៀត​ក្នុង​ការងារ​នេះ​។ «​ខ្ញុំ​ឯកភាព​ឲ្យ​ពួកគាត់​សិក្សា​នូវ​វគ្គ​បំប៉ន​ផ្នែក​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឲ្យ​ពួកគាត់​យក​ជំនាញ​ទាំងអស់​ដែល​គាត់​បាន​ដកស្រង់​ពី​គ្រូ​បង្គោល​ និង​អ្នកជំនាញ​មក​អនុវត្ត​ការងារ​ផ្ទាល់​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ព្រោះ​យើង​ត្រូវការ​មន្ត្រី​ដែលមាន​ជំនាញ​ច្បាស់លាស់​មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ក្នុង​ការងារ​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP) បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ឲ្យ​មាន​វគ្គ​បំប៉ន​បែបនេះ​ទៅ​ដល់​មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍ ដើម្បី​ឲ្យ​ស្របតាម​បរិបទ​ថ្មីៗ​នេះ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​ទាក់ទង​ការផាកពិន័យ​អន្តរការណ៍ ដែល​ជា​ការកែសម្រួល​ចេញពី​អនុក្រឹត្យ​លេខ ៤៤​។

លោក​បន្តថា នៅក្នុង​វគ្គ​បំប៉ន​នេះ​លោក​ជំរុញ​ឲ្យ​គ្រូ​បង្គោល​ជួយ​ពន្យល់​បន្ថែម​ជុំវិញ​ការផ្សព្វផ្សាយ​អំពី​អនុក្រឹត្យ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ទៅកាន់​ប្រជាពលរដ្ឋ ក្រៅពី​ការផាកពិន័យ និង​ការអនុវត្ត​ច្បាប់​។ ក្នុងនោះ​គួរ​មានការ​បង្ហាញ​ពីសារ​មួយចំនួន​ដែល​អប់រំ​ពួកគាត់​ឲ្យ​បាន​យល់​អំពី​ច្បាប់ និង​អនុក្រឹត្យ​ដែល​ទើប​កែសម្រួល​ថ្មី​នេះ​។

លោក បញ្ញា បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ផ្ដោត​សំខាន់​ទៅលើ​ការប្រតិបត្តិ​របស់​កងកម្លាំង​របស់​យើង​នៅពេល​ចុះ​អនុវត្ត​ច្បាប់​ចៀសវាង​ការបង្កើត​ឲ្យ​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ធ្វើឲ្យ​ខូច​កិត្តិយស​កងកម្លាំង​របស់​យើង​។ ដូច្នេះ​វគ្គ​បំប៉ន​នេះ​គួរ​បញ្ចូល​នូវ​វិធីសាស្ត្រ​រកដំណោះស្រាយ​សមរម្យ និង​​ពន្យល់​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​ជនល្មើស​ និង​ប្រជាពលរដ្ឋ​»​។

តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ៦ ខែ​មេសា​ថា លទ្ធផល​កិច្ចប្រតិបត្តិការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ ៣ ​ខែ​ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែ​មីនា​ឆ្នាំ​ ២០២០ សមត្ថកិច្ច​ជំនាញ​ឃាត់​ និង​ផាកពិន័យ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១៣១៨៥៣ គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៨២៨៦៥ ​គ្រឿង​៕