បន្ទាយមានជ័យ: ស្នងការ​នគរ​បាល​ខេត្ត​ បន្ទាយ​មាន​ជ័យ លោក អាត់ ខែម បាន​អះ​អាង​ថា លោក​នឹង​ចាត់​វិធាន​ការ​លើ​មន្ត្រី​នគរ​បាល​ស្រុក​ស្វាយ​ចេក​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ម្នាក់​រឿង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ នៅ​ភូមិ​ ចំការ​គ ឃុំ​ស្វាយ​ចេក​ ខណៈ​បុរស​ជន​រង​គ្រោះ​ប្ដឹង​ទៅរ​ដ្ឋ​មន្ត្រី​មហា​ផ្ទៃ​និង​ចង់​ឲ្យ​មន្ត្រី​ល្មើស​ច្បាប់​នោះ​សុំ​ទោស​ជា​សា​ធារណៈ​និង​បង់​សំណង​ជំងឺ​ចិត្ត​។

លោក អាត់ ខែម បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​កោះហៅ​ភាគី​ទាំងពីរ​មក​ចូល​ខ្លួន​ដោះ​ស្រាយ​នៅ​ស្នង​ការ​រដ្ឋា​ន​នគរបាល​ខេត្ត​រួច​ហើយ ដោយ​រូបលោក​ផ្ទាល់​និង​មន្ត្រី​ប្រព្រឹត្ត​ល្មើស​ច្បាប់​បាន​ចេញ​មុខ​សុំ​ទោស​និង​សារ​ភាព​​ពីកំហុស​របស់ខ្លួន​ដែរ ប៉ុន្ដែ​លោក​នៅ​ទុក​ពេល​ឲ្យ​ជន​រង​គ្រោះ​ពិភាក្សា​ជា​មួយ​គ្រួសារ​រឿង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត។

លោក​បន្ត​ថា លោក​នឹង​ដាក់​ទោស​ជនបង្ក​ហេតុ​តាម​ច្បាប់​រដ្ឋបាល បន្ទាប់ពី​វាយតម្លៃ​ពី​ទង្វើ​មន្ត្រី​រូបនោះ ប៉ុន្ដែ​ខណៈ​នេះ​នៅ​រង់ចាំ​ចម្លើយ​ជន​រង​គ្រោះ ដើម្បី​បាន​ដឹង​ពី​ទំហំ​នៃ​ការទាមទារ​ជា​ប្រាក់ឬ​ចង់​ឲ្យ​ជនបង្ក​សុំទោស​ជា​សាធារណៈ។

លោក ខែម បញ្ជាក់​ថា៖«ខ្ញុំ​អត់​កាន់​ជើង​ខាង​ណា​ទេ អ្នក​ដែល​ធ្វើ​ខុស ត្រូវ​តែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ។ ខ្ញុំ​ទុក​ពេល​ឲ្យ​គាត់​ពិភាក្សា​គ្នា…ហើយ​ក្នុង​អំឡុង​ពេល​ជួបគ្នា​នេះ ​ខ្ញុំ និង​មន្ត្រី ក៏​បាន​សុំ​ទោស​នៅមុខ​គាត់​ហ្នឹង​ដែរ ប៉ុន្ដែ​បើ​គាត់​ចង់​បាន​បែប​ណា​ទៀត គឺ​យើង​នឹង​ធ្វើ​តាម​សំណូម​ពរ​គាត់»។

លោក ទឿ​ង សុផល ជា​ជន​រង​គ្រោះ​ដែល​មានរប​រជា​ជាង​ជុស​ជុល​ម៉ូតូ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ជួប​ជា​មួយ​​ស្នង​ការ​នគរ​បាល​ខេត្ត ដើម្បី​ដោះ​ស្រាយ​រឿង​នេះ ដោយ​លោក​ អាត់ ខែម បាន​សម្រប​សម្រួល​និង​ប្រាប់​ថា មន្ត្រី​ទាំង​នោះ​នឹង​ត្រូវ​ពិ​ន័យ​តាម​ច្បាប់​និង​ព្រម​ផ្ដល់​សំណង​ទៅ​លោក​ផង​ដែរ​។

ប៉ុន្តែ​លោក​ថា លទ្ធ​ផល​នេះ លោក​នៅ​មិន​ទាន់​ជឿ​ជាក់​ទាំង​ស្រុង​ទេ ​ដោយ​ស្នើ​ឲ្យ​មន្ត្រី​ប្រព្រឹត្ត​កំហុស​ទាំង​នេះ ​ត្រូវ​ចេញ​មុខ​​សុំ​ទោស​លោក​ជា​សា​ធារ​ណៈ និង​ផ្ដល់​សំណង​មួយ​ចំនួន ​ដើម្បី​យក​ទៅ​ព្យា​បាល​របួស​បន្ត​ទៀត​។

លោក ​សុផល​ បញ្ជាក់​ថា៖​«ខ្ញុំ​មិន​ទាន់​ដឹង​ថា ត្រូវ​ទាម​ទារ​សំណង​ប៉ុន្មាន​ទេ ​ដោយ​នៅ​ពិភាក្សា​ជា​មួយ​គ្រួសារ​សិន​ ព្រោះ​ខ្ញុំ​នៅមាន​របួស បន្ទាប់ពី​ប៉ូលិស​​វ៉ៃ និង​ដាក់​ខ្នោះ​ជើង​ខាង​ស្តាំ រួចហើយ​ទើប​ដក​ខ្នោះដៃ​វិញ បន្តិច​ក្រោយមក​សមត្ថ​កិច្ច​បាន​យក​ដំបង មួយ​មក​ហើយ​និយាយ​ថា ដំបង​នេះ​ទុក​វាយ​អា​មុខ​ឌឺ»។

លោក ជា ស្លូញ អធិ​ការ​ស្រុក​ស្វាយចេក​បាន​ថ្លែងថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​ឆ្គ​ងមែ​ន ប៉ុន្ដែ​​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ធ្ងន់​ធ្ងរ​ដូច​ការ​ចោទ​ទេ ដោយ​គ្រាន់​តែ​ចាប់​ដាក់​ខ្នោះ​រុញ​បញ្ចូល​ក្នុង​រថ​យន្ត​ប៉ុណ្ណោះ ​គឺ​មិន​​​បាន​ធ្វើ​ទារុណ​កម្ម​អ្វី​ទេ​។

លោក​ថា លោក​យល់​ព្រម​ឲ្យ​ថ្នាក់​លើ​ដាក់​វិន័យ​តាម​ច្បាប់​រដ្ឋ​បាល និង​ផ្ដល់​សំណង​ជូន​ជន​រង​គ្រោះ​ដែរ​។

លោក​ថា៖​«ការពិត​មុខ​គាត់​​មាន​សភាព​ហើម​ស្រាប់​ទេ ព្រោះ​គាត់​មាន​ថ្គាម​ខ្លា តែ​ពេល​យើង​មើលទៅ​ដូច​មាន​គេ​វ៉ៃ​ហើម​មុខ​អ៊ឺ​ចឹ​ង។ ខ្ញុំ​មិន​និយាយ​កាន់​ជើង​ខាង​ណា​ទេ»​។

តាម​លិខិត​ចុះ​ថ្ងៃទី​១២​ ខែតុលា​ ដែល​បាន​ដាក់​ពាក្យ​សុំ​អន្តរា​គមន៍​ទៅ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា លោក ​ទឿ​ង សុផល បាន​រៀប​រាប់​ថា​កាល​ពី​យប់​ថ្ងៃទី​៨​ ខែតុ​លា មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ឃុំ​ខាង​លើ ដោយ​មាន​រថ​យន្ត​ម៉ាក Chevrolet មួយ​គ្រឿង ​បើកបរ​ដោយ​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ក្រោម​ស្ថាន​ភាព​ស្រវឹង​ធ្លាក់​ចូល​ស្រះ​ទឹក រួច​ថយ​ទៅ​បុក​ទ្វារ​ផ្ទះ​បង​ថ្លៃ​គាត់ ​ពេលនោះ​ខ្លួន​បាន​ទៅ​និយាយ​ជាមួយ​អ្នក​បើក​ឡាន​កុំ​ឲ្យ​បើក​ទៀត ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​។

ដោយ​ឃាត់​មិន​ស្តាប់​ជនរ​ងគ្រោះ បាន​យក​ទូរស័ព្ទ​ថត​រថយន្ត​ ហើយ​ជន​ជាតិ​ថៃ​ក៏​ខឹង​ដេញ​វាយ​ខ្លួន​និង​ដណ្តើម​ទូរ​ស័ព្ទ ក៏​ដួល​ខ្លួន​ឯង និង​ខឹង​សម្បា បាន​ហៅ​គ្នី​គ្នា​២​នាក់​ដែល​ស្រវឹង​ដែរ មក​វាយ​លើ​ម្ចាស់​ផ្ទះ​បែក​មាត់​ហូរ​ឈាម។

ពេល​នោះ​ម្ចាស់​ផ្ទះ​ឈ្មោះ ធូ សុ​លី ខឹង​ជន​ជាតិ​ថៃ​ទាំង​នោះ ​ក៏​បាន​យក​កូន​សោ​វាយ​គម្រប​ក្បាល​ឡាន​ក្រពឹត​បន្តិច ហើយ​​មិន​ចង់​ឲ្យ​ហេតុ​ការណ៍​កាន់​តែ​ធំ ទើប​ជន​រង​គ្រោះ​ឈ្មោះ ទឿ​ង សុផល​ រត់​ទៅប្រាប់​លោក ប៉ុន អឿន អនុប្រធាន​ភូមិ​ឲ្យ​មក​ជួយ​សម្រប​សម្រួល​ ប៉ុន្តែ​គាត់​មិន​ទាន់​មក​ដល់​ផង ​ជន​បង្ក​ជាតិ​ថៃ​បាន​បើករ​ថយ​ន្ត​ទៅ​ផ្ទះ​មេភូ​មិ​ចម្ការ​គ​ឈ្មោះ ហែម ​សុផាន់។ ពេល​នោះ ​ជន​ជាតិ​ថៃ​បាន​ស្រែក​ឡូ​ឡា​ឲ្យ​ម្ចាស់​ផ្ទះ​សង​ថ្លៃ​ក្រ​ពឹត​ក្បាល​ឡាន ​និង​ថ្លៃ​របួស​ ដែល​គេ​ដើរ​ដួល​ខ្លួន​ឯង​ជា​ទឹក​ប្រាក់​ចំនួន​ ៥០០០​ បាត។

ដោយ​សារ​តែ​ជន​រង​គ្រោះ ​មិន​ព្រម​សង​សំណង​ លោក ហែម សុផាន់ បាន​ហៅ​ទូរស័ព្ទ​ទៅ​នគរបាល​ស្រុក​​ស្វាយចេក​មក​ចាប់​ខ្លួន​ជន​រង​គ្រោះ​ឈ្មោះ ទឿ​ង សុផល ដាក់​ខ្នោះដៃ​ទៅក្រោយ វាយ​ដំ ធ្វើ​ទារុណ​កម្ម ​តាម​អំពើ​ចិត្ត​ ញាត់​ចូល​ឡាន​ដឹក​យក​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្វាយ​ចេក​តែ​ម្ដង​៕