បន្ទាយ​មាន​ជ័យ:​ ​ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ​សិទ្ធិ ​ឡោះ ​គ្រោង​នឹង​ដាក់​សំ​ណើ​ទៅ​ក្រសួង​មហា​ផ្ទៃ ​និង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​ដើម្បី​ដាក់​ពិន័យ​រដ្ឋបាល​ដល់​មន្ត្រី​នគរបាល​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ចំនួន​ ៣ នាក់​ ដែល​ពា​ក់​ព័ន្ធ​ករណី​ផ្ទុះ​អាវុធ ​២ គ្រាប់ ​នៅ​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោ​ភ័ណ ​ខេត្ត​បន្ទាយមាន​ជ័យ​ ​ខណៈ​ពួក​គេ​នៅ​ក្នុង​វង់​ផឹក​ស៊ី​កា​ល​ពី​ថ្ងៃ​ទី ១១ ​ខែ​ធ្នូ​។​

​លោក​ ​សិទ្ធិ​ ឡោះ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​លិខិត​នីតិវិធី​ដាក់​សំណើ​ ដើ​ម្បី​ធ្វើការ​សម្រេច​ដាក់​ទោស​ទណ្ឌ​ពួក​គាត់​ទៅ​តាម​ច្បាប់។​

​លោក​ ​ឡោះ​ ថ្លែង​ថា៖​ ​«​ខ្ញុំ​​គ្មាន​សិទ្ធ​ិដាក់​ពិន័យ​ ដក​ស័ក្តិ ​និង​ដក​ហូ​ត​តួនា​ទី​មន្ត្រី​ដោយ​ចិត្ត​ខ្ញុំ​ផ្ទាល់​ទេ ​ប៉ុន្ដែ​ខ្ញុំ​អាច​ធ្វើ​សំណើ​ទៅ​ថ្នាក់​ដឹក​នាំ ​ដើម្បី​សម្រេច​ដាក់​ពិន័យ​តាម​នីតិ​វិធី​ច្បា​ប់​»​។​

​លោក​បញ្ជាក់​ថា​៖​ ​«​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​សកម្ម​ភាព​បង្ក​ឱ្យ​ផ្ទុះ​អាវុធ​នេះ​ ​គឺ​ភ្លាមៗ​ហ្នឹង​ខ្ញុំ​គ្រាន់តែ​ឃាត់​ខ្លួន​ពួក​គាត់​ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​បង្ក​បញ្ហា​បែប​នេះ ​ហើយ​ខ្ញុំ​បាន​យក​ពួក​គាត់​មក​សួរនាំ​ពី​មូល​​ហេតុ​ ​ហើយ​គ្រោង​ដាក់​សំណើ​ចាត់​វិធាន​ការ​ទៅ​លើ​​ពួក​គាត់​តាម​ច្បាប់​ ​ប៉ុន្ដែ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​បាន​ទេ​ ​ព្រោះ​យើង​កំពុង​រៀបចំ។​ ​ចំពោះ​ការ​សម្រេច​បែប​ណា​ទៀត​ ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ​»​។​

​លោក​ ​ឈឹម​ វុទ្ធី​ នាយ​ប៉ុស្តិ៍​នគរ​បាល​រ​ដ្ឋ​បាល​សង្កាត់​អូរ​អំបិល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​ស្នង​ការ​នគរ​បា​ល​ខេត្ត​បន្ទាយ​មានជ័យ ​បាន​នាំ​ខ្លួន​ទៅ​សាក​សួរ ​និង​ចាត់​ចែង​តាម​នីតិវីធី​ច្បាប់​រួចរាល់​ហើយ​ ​ប៉ុន្ដែ​លោក​មិនអាច​និយាយ​រៀប​រាប់​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​នេះ​បាន​ទេ​ ​ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​មន្ត្រី​នគរបាល​ជំនាញ​ ​ត្រូវ​បាន​អង្គភាព​ខ្លួន​ដាក់​ពិន័យ​ហើ​យ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ដឹង​ថា ​កើត​រឿង​ហ្នឹង​នៅ​ក្នុង​កន្លែង​ផឹក​ស៊ី ​ប៉ុន្ដែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​លើស​ពី​នេះ​ទេ ព្រោះ​ខាង​ស្នង​ការ​គេ​ចាត់​ចែង​ហើយ​»​។​​ ​

​បើ​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹង​ពី​ម្សិល​មិញ​ថា មន្ត្រី​នគរ​បាល​ដែល​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ទាំង ​៣ នាក់​នេះ ​មាន​ឈ្មោះ ​ឈឹម​ អឿ​ត​ មាន​ឋានៈ ​វរសេនីយ៍ត្រី​ដែល​តួនា​ទី​ជា​នាយ​ផ្នែក​ការិយា​ល័យ​សរុប​វិភាគ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ​ឈ្មោះ ​សៀក​ ប៊ុន​សៀង ​ឋានៈ​ជា ​អនុសេនីយ៍​ទោ ​និង​ឈ្មោះ ​ឧ​ត្ត​ម​ ឆ​រ័ត្ន​ ​មាន​ឋានៈ​ អនុ​សេនីយ៍​ទោ ​ដែល​ជា​អ្នក​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន​ ២ គ្រាប់ ​នៅ​ក្នុង​កន្លែង​វង់​ផឹក​ស៊ី។ មន្ត្រី​នគរ​បាល​​ទាំង​ ​៣ នា​ក់​ ពី​ម្សិលមិញ​មិន​ទាន់​អាច​ស្វែង​រក​ប្រភព​ទាក់​ទងបាន​ទេ៕