ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិបានអំពាវនាវឲ្យក្រុមគ្រួសារជនរងគ្រោះដែលបានបាត់កូននៅក្នុងបាតុកម្មក្រោយពេលបោះឆ្នោតឲ្យដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដើម្បីឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរកជនរងគ្រោះតាមវិធានការជំនាញ។
យោងតាមគេហទំព័រប៉ូលិសលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថាក្នុងនាមកម្លាំងនគរបាលជាតិជាអង្គអនុវត្តច្បាប់ដែលការពារថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋគឺមិនដែលព្រងើយ និងធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្លួនឡើយ។ ជាក់ស្តែងដូចជាប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានលើកឡើងអំពីការបាត់ខ្លួននៅផ្លូវវេងស្រេងកាលពីឆ្នាំ ២០១៤ របស់យុវជនម្នាក់រស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សមត្ថកិច្ចនគរបាលបានខិតខំស្រាវជ្រាវស៊ើបអង្កេតខ្លាំងណាស់ប៉ុន្តែយើងមានការសោកស្តាយខ្លាំងណាស់ចំពោះករណីនេះដែលសមត្ថកិច្ចនគរបាលមិនបានទទួលការចូលរួមពីក្រុមគ្រួសារជនរងគ្រោះ។
លោកបានថ្លែងថា៖ «មកទល់បច្ចុប្បន្នសមត្ថកិច្ចនគរបាលយើងមិនថានៅខេត្តស្វាយរៀង ឬក៏រាជធានីភ្នំពេញនៅមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារនោះនៅឡើយទេ។ ដូច្នេះហើយក្នុងនាមកម្លាំងនគរបាលជាតិសំណូមពរឲ្យក្រុមគ្រួសារជនរងគ្រោះចូលរួមសហការដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចមានតម្រុយ និងមានពន្លឺខ្លះក្នុងការស្រាវជ្រាវស៊ើបអង្កេតរកជនរងគ្រោះតាមវិធានការជំនាញ»។
គួរបញ្ជាក់ថាយុវជន ឃឹម សុផាត អាយុ ១៦ ឆ្នាំបានបាត់ខ្លួនកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ ក្នុងកូដកម្មសុំដំឡើងប្រាក់ខែគោល ១៦០ ដុល្លារនៅផ្លូវវេងស្រេង ក្រុងភ្នំពេញ។
លោក ឃឹម សឿន ឪពុករបស់យុវជនរងគ្រោះដែលបានបាត់ខ្លួនបានឲ្យដឹងថាលោកបានដាក់ពាក្យបណ្តឹងម្តងទៅក្រសួងមហាផ្ទៃបន្ទាប់ពីបាត់ខ្លួនកូនរបស់លោកប្រហែលមួយខែជាមួយជនរងគ្រោះផ្សេងទៀតប៉ុន្តែពុំដែលឃើញមានចំណាត់ការអ្វីនោះទេទើបតែពីរថ្ងៃកន្លងមកនេះមេភូមិបានចុះមកសាកសួរដំណឹង។
លោកថា៖ «ជិតពីរឆ្នាំហើយទើបតែមេភូមិមកសួរដំណឹងខ្ញុំថាកូនបាត់តាំងពីពេលណា? ខ្ញុំឆ្ងល់ដែរហេតុអីទើបមកសួរពេលនេះ»។
លោកថាលោកមិនសង្ឃឹមថាគេនឹងរកកូនរបស់លោកឃើញនោះទេពីព្រោះមានមិត្តភក្តិរបស់គេបានប្រាប់លោកថាគេឃើញសមត្ថកិច្ចបាញ់ស្លាប់បាត់ទៅហើយ។ លោកថា៖ «ឥឡូវឲ្យខ្ញុំទៅប្តឹងអ្នកណាបើសុទ្ធតែគ្នាគេហ្នឹងហើយពេលនេះទើបតែស្រែកថាឲ្យដាក់ពាក្យបណ្តឹងចុះពាក្យបណ្តឹងពីមុនយកទៅចោលនៅឯងណា? ខ្ញុំមិនសង្ឃឹមថាទទួលបានយុត្តិធម៌នោះទេ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានលើកឡើងថាការប្រកាសនេះគឺដោយសារតែកម្ពុជាជាសមាជិកនៃជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំអន្តរជាតិហើយថ្មីៗក្រុមអង្គការសង្គមស៊ីវិលបានទទូចឲ្យមានការស៊ើបអង្កេតលើករណីនេះដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះ។
លោកបានថ្លែងថា៖ «តាមពិតទៅមិនមែនគ្រួសារមិនបានប្តឹងនោះទេគឺគ្រួសារជនរងគ្រោះ និងសាក្សីបានទៅបំភ្លឺនៅក្រសួងមហាផ្ទៃទៀតផងនេះគ្រាន់តែជាការលើកឡើងដើម្បីឲ្យឃើញថាសំណុំរឿងនេះរដ្ឋាភិបាលកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតឲ្យត្រូវតាមនីតិវិធីតែប៉ុណ្ណោះ»។
គួរបញ្ជាក់ផងដែរថានៅក្នុងទិវាអន្តរជាតិជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំកន្លងមកអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលរក្សាជំហានជាវិជ្ជមានចំពោះការបាត់ខ្លួនដោយបង្ខំ និងត្រូវស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើករណីនៃការបាត់ខ្លួនយុវជន ឃឹម សុផាត។
បើយោងទៅតាមការចេញផ្សាយសេចក្តីសម្រង់របកគំហើញរបស់គណៈកម្មការវាយតម្លៃការខូចខាតដែលបង្កឡើងដោយបាតុកម្មរបស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ បានឲ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៤ នាក់បានស្លាប់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចំនួន ៦៤ នាក់បានរងរបួសនិង មនុស្ស ២៣ នាក់ផ្សេងទៀតបានឃាត់ខ្លួន រីឯការខូចខាតទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជននៅរាជធានីភ្នំពេញ និងខេត្តមានចំនួនជិត ១០០ លានដុល្លារចាប់តាំងពីថ្ងៃធ្វើបាតុកម្មក្រោយការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ រហូតដល់ដើមខែមករាឆ្នាំ ២០១៤ ដែលអាជ្ញាធរបានហៅថាជាបាតុកម្មខុសច្បាប់ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ៕