
ម៉ូតូធុនធំដែលបង្កសំឡេងរំខានត្រូវបានចាប់ឃាត់នៅភ្នំពេញ។ រូប នគរបាល
ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបញ្ជាឱ្យកម្លាំងនគរបាលទាំង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញត្រូវផ្អាកសកម្មភាពចាប់ឃាត់ម៉ូតូធុនធំ ដែលឮសំឡេងរំខានខ្លាំង ដោយរង់ចាំបទបញ្ជាថ្មីពីអគ្គស្នងការនគរបាលជាតិ។
ការចេញបញ្ជានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងនគរបាលរាជធានីបានចាប់ឃាត់ម៉ូតូដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កសំឡេងលាន់ឮខ្លាំងចំនួន ៦០ គ្រឿង ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ។
លោក ស ថេត បានថ្លែងកាលពីថ្ងៃទី ១១ មករាថា កងកម្លាំងនគរបាលទាំង ១៤ ខណ្ឌត្រូវបានឱ្យផ្អាកសកម្មភាពចាប់ម៉ូតូធំ ដែលមានបំពង់ស៊ីម៉ាំងឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។ លោកបញ្ជាក់ថា ការផ្អាកនេះគឺរង់ចាំទទួលបញ្ជាថ្មីពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ។
លោកថ្លែងថា៖ «តាមខណ្ឌទាំងអស់ ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៊ីម៉ាំងអត់មានសម្បុកដែលមានសំឡេងឮខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី... ព្រោះម៉ូតូធំខ្លះ គេមានសម្បុកស៊ីម៉ាំងបើកទៅអត់ឮរំខានទេ ដូច្នេះប្រភេទនេះ អត់មានខុសទេ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងអង្គប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១១ ខែមករា បានជំរុញឱ្យខណ្ឌទាំង ១៤ រក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងត្រូវទប់ស្កាត់ការបំពងសំឡេងរំខាននានា។
លោកបញ្ជាក់ថា អាជ្ញាធររាជធានីក៏ដូចជាកម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួន និងឃាត់ម៉ូតូបានចំនួន ៦០ គ្រឿងពាក់ព័ន្ធនឹងម៉ូតូធំៗដែលបានបង្កសំឡេងរំខាន ក៏ដូចជា ម៉ូតូដែលកែច្នៃស៊ីម៉ាំង រំខានដល់ប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យមន្ទីរពាក់ព័ន្ធ ពិសេសគឺមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរបរិស្ថានរាជធានីភ្នំពេញត្រូវចុះផ្ទាល់ទៅដល់ទីតាំងដែលបានឃាត់ម៉ូតូទាំងនោះទុក ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការប៉ះពាល់ទៅលើបរិស្ថាន មុននឹងប្រគល់ឱ្យម្ចាស់ម៉ូតូវិញ។ ប៉ុន្តែទោះយ៉ាងណាក្តី លោកបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេសគឺនៅតែរក្សាទុកដដែល ដោយរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ។
ចំណែកកងកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងក៏បានឃាត់អ្នកប្រើប្រាស់ម៉ូតូដែលបំពាក់ដោយបំពង់ស៊ីម៉ាំងកែច្នៃបង្កសំឡេងឮខ្លាំងរំខានពេលយប់នៅក្នុងក្រុងបាត់ដំបងបានចំនួន ៨ គ្រឿងផងដែរ កាលពីយប់ថ្ងៃ ១០ មករា ឆ្នាំ ២០២០។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង ៨ គ្រឿងនេះរួចមកពិនិត្យឃើញថា ម៉ូតូទាំងនេះក្រៅពីការកែច្នៃបំពង់ស៊ីម៉ាំង ដើម្បីបន្លឺសំឡេងខ្លាំងៗនៅមានលក្ខណៈមិនត្រឹមត្រូវលើចំណុចផ្សេងៗទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោក គឹមសាន បានប្រគល់ភារកិច្ចទៅការិយាល័យនគបាលចរាចរណ៍ ផ្លូវគោកអនុវត្តដោយធ្វើការអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀត និងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូឱ្យបានត្រឹមត្រូវរួចធ្វើការផាកពិន័យទៅតាមអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនប្រគល់ម៉ូតូជូនម្ចាស់វិញ។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានឱ្យដឹងពីថ្ងៃទី ១១ មករាថា រហូតមកដល់ពេលនេះ មិនទាន់បានប្រមូលទិន្នន័យបូកសរុបលទ្ធផលនៃការឃាត់ម៉ូតូដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កឱ្យមានសំឡេងរំខាននៅទូទាំងប្រទេសនោះទេ ខណៈក្រសួងកំពុងតែរៀបចំធ្វើសេចក្តីណែនាំ។ លោកបន្តថា៖ «បច្ចុប្បន្ននេះ អន្តរក្រសួងកំពុងតែរៀបចំធ្វើឯកសារសេចក្តីណែនាំ ប៉ុន្តែថ្នាក់លើមិនទាន់សម្រេចដាក់ថា ជាបទបញ្ជា ឬសេចក្តីណែនាំ ឬក៏អ្វីនោះទេនៅពេលចេញយើងដឹងហើយ...»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជាបានគាំទ្រចំណាត់ការនេះ។ ប៉ុន្តែលោកក៏ស្នើឱ្យអាជ្ញាធរ ពិនិត្យមើលជាមុនផងដែរ ពីព្រោះម៉ូតូដែលនាំចូលខ្លះ មានសំឡេងឮខ្លាំងពីរោងចក្ររបស់វាស្រាប់។ លោកបញ្ញាបានស្នើដល់អាជ្ញាធរ គួរតែគិតគូរពីការអនុវត្តផងដែរបន្ទាប់ពីទទួលបានបទបញ្ជា ឬការណែនាំណាមួយពីថ្នាក់ដឹកនាំ ដោយមានការផ្សព្វផ្សាយយ៉ាងហោចណាស់ ១ អាទិត្យ ឬ ២ អាទិត្យជាមុនសិន ដើម្បីឱ្យពលរដ្ឋបានជ្រាប ហើយអនុវត្ត ទើបមិនមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៨ មករា ឆ្នាំ ២០២០ បានបញ្ជាឱ្យកម្លាំងនគរបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យ និងស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំដែលបង្កសំឡេងរំខានដល់ពលរដ្ឋ។
លោក ស ខេង យល់ឃើញថា មានករណីក្មេងទំនើងមួយចំនួន ជិះម៉ូតូធំកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំឡេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសលោកផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំឡេងបំពង់ស៊ីម៉ាំងនេះដែរ។
យោងតាមអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកបានចែងនៅក្នុងមាត្រា ៦ ថ្មី ថា ត្រូវពិន័យទឹកប្រាក់ចំនួន ១០ ម៉ឺនរៀលចំពោះអ្នកបើកបរបញ្ចេញសំឡេងម៉ាស៊ីនឮខ្លាំងឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេស៕
វីដេអូ៖