ភ្នំពេញ: ស្នងការ​នគរ​បាលរាជធានី​ភ្នំពេញ​ លោក ស ថេត បានសម្រេច​ផ្អាក​ការងារ​ប​ណ្ដោះ​អា​សន្ន​ចំពោះ​លោក​អនុ​សេនី​យ៍ឯក ស៊ីម ប៊ុន​ធឿន ​មន្ត្រី​នគរ​បា​ល​ ចំណុះ​អធិការដ្ឋាន​ន​គ​រ​បា​ល​​​ខណ្ឌមានជ័យ ដោយសារ​​តែ​មន្ត្រី​រូប​នេះ ផា​កពិន័យ​អ្នក​បើកបរ​ម៉ូតូល្មើស​ច្បាប់ ដោយ​មិន​​បាន​ចេញ​បង្កាន់​ដៃ​តាម​ការ​កំណត់ ​បន្ទាប់ពី​ពលរដ្ឋ​លួច​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ។

តាម​លិខិត​បង្គាប់ការ​ស្ដីពី​កា​រ​ផ្អាក​ការងារ​បណ្ដោះ​អាស​ន្ន​​មន្ត្រី​នគរបាលជាតិ ដែល​ចុះ​​ហត្ថលេខា​ដោយ​លោកស ថេ​ត ​នៅ​ថ្ងៃទី​ ១១ ខែ មិថុនា​​ ឲ្យ​ដឹងថា ត្រូវបាន​ផ្អាក​ការងារ​បណ្ដោះ​អាសន្ន​ចំពោះ​លោក​អនុសេនីយ៍​ឯក ស៊ីម ប៊ុនធឿន អត្តលេខ ៦៥៤៣៣ ឋានៈ​នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមាន​ជ័យនៃ​ស្នង​​ការ​ដ្ឋាននគរបាលរាជធានី​ភ្នំពេញ ដោយ​មូលហេ​តុ ​«ផាក​ពិន័យមិន​ត្រឹមត្រូវ មិន​ចេ​ញ​បង្កាន់​ដៃ​តាម​ការ​កំណត់»។

លិខិត​បញ្ជាក់​ថា៖ «សាមី​ខ្លួន​ ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និ​ង​​រង់ចាំ​ការ​សម្រេច​ជាថ្មី»។

លោក ស ថេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​រូបនេះ ត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​រួចហើយដោ​យ​​រង់ចាំ​ការសម្រេច​ថ្មី​ណាមួយ​ផ្សេងទៀត ដើម្បី​កែប្រែ​កំហុស​ឆ្គង។ ចំពោះ​មន្ត្រី​នគរបាល​ឈរជើង​នៅតាម​គោលដៅ​នា​នា​​ទៀត ក៏​នឹងត្រូវ​ទទួល​ពិន័យ​ដូចគ្នា​នេះ​ដែរ ប្រសិន​បើរក​ឃើញ ឬ​បាន​ប្រព្រឹត្ត​ខុសច្បាប់ និង​បទបញ្ជា​ថ្នាក់​លើ។

លោក​បញ្ជាក់ថា៖ «យើង​ធ្វើ​នីតិវិធី គឺ​ដំបូង​ ត្រូវ​ផ្អាក​ការងារ​គាត់​សិន ហើយ​យើង​តាមដាន​តទៅទៀត បើ​គាត់​ធ្វើ​កំហុស​ធ្ងន់​​ជាង​ហ្នឹង​ទៀត គឺ​ពិន័យ​ក៏​ធ្ងន់​ជាង​ហ្នឹង​ទៀត​ដែរ ឬ​អាច​បន្ថ​យស័ក្ដិ ដក​តួនាទីនិង​ឈា​ន​ទៅ​បណ្ដេញ​ចេញពី​ក្រប​ខ័ណ្ឌ តាម​សេចក្ដីប្រកាស​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្ដែ​មន្ត្រី​រូបនេះ គឺ​យើង​ធ្វើតាម​ជំហាន​ដំបូង ហើ​យ​ក៏​ព្រមាន​ដល់​មន្ត្រី​តា​ម​​គោល​ដៅ​នានា​ទៀត​ដែរ គឺ​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា» ។

លោក សន ជ័យ នាយក​ប្រតិ​​បត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណ​នេ​យ្យភាព​សង្គម​កម្ពុ​ជា (AN​SA) ​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៊ឹង​បែប​នេះ ដោយ​លោក​ជំរុញ​មន្ត្រី​អនុ​វត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព ព្រោះ​កន្លងមកនេះ គេ​ឃើញ​មាន​មន្ត្រី​ដែល​ផាកពិន័យ​អ្នកធ្វើ​ចរាចរណ៍​ខុសច្បាប់​នៅតាម​តំបន់​មួយចំនួន មិនសូវ មាន​ចេញ​វិក្កយបត្រ ឬ​ប​ង្កា​ន់​​ដៃ​​ឲ្យ​អ្នក​រង​ពិន័យ​ទេ។

លោក​បញ្ជាក់ថា៖ «យើង​ឃើ​ញ​ទាំងអស់គ្នា គឺ​មន្ត្រី​នគរបាល​ខ្លះ​គាត់​ឃាត់​អ្នក​ជិះឡាន ម៉ូតូ​ល្មើសច្បាប់ គឺ​គាត់​ចាប់ ចាប់​ហើ​យ​អ៊ីចឹង គឺមាន​អ្នកខ្លះ​ចេញ​បង្កាន់ដៃ​ឲ្យ ហើយ​អ្នកខ្លះទៀត អត់​ចេញ​បង្កាន់ដៃ​ទេ ហើយ​លើក​ម៉ូតូ​ដាក់​ឡាន យក​ទៅ​ទុក​​នៅប៉ុស្ដិ៍​បាត់ ចាំ​យកលុយ​តែម្ដង ហើយ​ករណីនេះ ខ្ញុំ​គិត​ថា វា​មិនមែនជា​ការ ព្រមាន​អ្វី​ទេ ព្រោះ​រឿង​ហ្នឹង​ វាកើតឡើង​ច្រើ​ន​ដែរហើយ​ ទើបតែ​ធ្វើបាន ១ ឬ ២ ករណី»។

តាម​​វី​ដេអូ​ឃ្លីប​ខ្លី​មួយ ត្រូវបាន​ពលរដ្ឋ​ថត​បង្ហោះ​នៅលើ​បណ្ដា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីថ្ងៃ ១១ ខែ ​មិថុនា ដែល​បានបង្ហាញ​ពី​សកម្មភាព​មន្ត្រី​នគរបាល​ចរាចរណ៍​ធ្វើការ​ផាកពិន័យអ្នក​កែច្នៃ​យានយន្ត និង​ជិះ​ល្មើសច្បាប់​ចរាចរណ៍។ ក្នុង​នោះ​មន្ត្រី​នគរបាល និង​អ្នកល្មើសច្បាប់​​បាន​ចរចាគ្នា​បញ្ហា​លុយកាក់​ ជុំវិញ​ការ​បើក​បរ​​ល្មើសច្បាប់ ​ដែល​មាន​ទីតាំង​ចាប់​ផាកពិន័យ​នៅ​ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី៕