កណ្ដាលៈ ខណៈ​​មាន​ក្មេង​ស្រី​អាយុ ៩​ ឆ្នាំ​ម្នាក់ បាន​ដាច់​ដៃ ​ដោយ​សារ​ម៉ាស៊ីន​ធ្វើ​ឥដ្ឋ​ នៅ​​ក្នុង​សិប្បកម្ម​ធ្វើ​ឥដ្ឋ​មួយ​នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ ស្នងការ​​ខេត្ត​កណ្តាល​ បាន​អះអាង​ថា នេះ​ពុំ​មែន​ជា​ករណី​ជួញ​ដូរ​ពលកម្ម​កុមារ ឲ្យ​មក​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី ០៩ មីនា ម៉ាស៊ីន​​​ធ្វើ​ឥដ្ឋ​ នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល បាន​ធ្វើ​ឱ្យ​កុមារី​អាយុ ៩ ឆ្នាំ​ម្នាក់​ ឈ្មោះ ឆេង ស្រីភ័ក្រ បាន​រងគ្រោះ​ថ្នាក់​ដាច់​ដៃ​ខាង​ស្ដាំ ​ហើយ​ក្រោយ​កើត​ហេតុ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ។

កុមារី​រងគ្រោះ ឆេង ស្រីភ័ក្រ​បាន​ចាកចេញ​ពី​ស្រុក​កំណើត ​នៅ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​តាម​ឪពុក​ឈ្មោះ ឆេង ប៊ុនហំ និង​ម្ដាយ​ឈ្មោះ ឃឹម ចាន់ណា បាន​មក​រស់​នៅ​ និង​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​នៅ​ក្នុង​​​សិប្បកម្ម​ឡឥដ្ឋ​មួយ​កន្លែង​ដែល​មាន​ថៅកែ​ឈ្មោះ លាង ស្រ៊ុន ស្ថិត​ក្នុង​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល អស់​រយៈ​ពេល ៦ ​ឆ្នាំ​មក​ហើយ។ នេះ​បើតាម​ការ​លើក​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​ទី ១០ មីនា​។

ស្នងការដ្ឋាន​ខេត្ត​កណ្ដាល​បន្ត​ថា នៅ​ថ្ងៃ​ទី ០៩ មីនា ឪពុក​​ឈ្មោះ ឆេង ប៊ុនហំ បាន​ធ្វើ​ការ​ជា​​អ្នក​ចាក់​ដី​ចូល​ម៉ាស៊ីន​ហើយ​​កុមារី ឆេង ស្រីភ័ក្រ និង​ម្ដាយ​របស់​នាង មាន​តួនាទី​ជា​អ្នក​ចាំ​កាត់​ឥដ្ឋ​ចេញ​ពី​ម៉ាស៊ីន​ និង​រៀបចំ​ដាក់​លើ​រទេះ​សម្រាប់​ឱ្យ​ឪពុក​អូស​យក​ទៅ​ហាល​ថ្ងៃ​ សម្រាប់​សម្ងួត។

នៅ​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក នៅ​ពេល​លោក ប៊ុនហំ កំពុង​លើក​ដុំ​ឥដ្ឋ​ចេញ​ពី​រទះ​ដាក់​ហាល ក៏​ស្រាប់​តែ​ឃើញ​កូន​​ស្រី​ចូល​ដៃ​នៅ​ក្នុង​ម៉ាស៊ីន​ហើយ​ក៏​បាន​រត់​ស្ទុះស្ទា​ទៅ​បិទ​ម៉ាស៊ីន​ដើម្បី​ជួយ​សង្គ្រោះ​ ប៉ុន្តែ​កូន​ស្រី​​​បាន​ដាច់​ដៃ​ខាង​ស្ដាំ​រួច​ទៅ​ហើយ​ ហើយ​ភ្លាមៗ​នោះ​ ក្រុម​គ្រួសារ​ក៏​បាន​​បញ្ជូន​នាង​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​​​បង្អែក​ស្រុក តែ​ត្រូវ​គេ​បញ្ជូន​​​បន្ត​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ។

លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តាម​ការ​ស៊ើប​អង្កេត​បឋម​ពី​អាជ្ញាធរ មូលហេតុ​នាំ​ឱ្យ​កុមារី​មាន​គ្រោះថ្នាក់​នៅ​កន្លែង​ឡឥដ្ឋ​បែប​នេះ ព្រោះ​ជា​ទម្លាប់​កូនៗ តែង​ទៅ​តាម​និង​លេង​នៅ​កន្លែង​​ការងារ​ឪពុក ម្ដាយនិង​មិនមែន​ជា​ករណី​ជួល​ពលកម្ម​កុមារ​ឡើយ។

លោកថ្លែង​​ថា៖ «យើង​នៅ​តែ​ស៊ើប​អង្កេត​អ៊ីចឹង ប៉ុន្តែ​យើង​មិន​ទាន់​រក​ឃើញ​ថា វា​ជា​ការ​ជួល​ពលកម្ម​កុមារ​ គឺ​វា​មិនមែន វា​ជា​ទម្លាប់​នៅ​តាម​ឡឥដ្ឋ​​​ជា​ទូទៅ​ណា៎ ឪពុកម្ដាយ​ទៅ​ណា កូន​វា​នៅ​តាម​នៅ​ហ្នឹង ដល់​ហើយ​ក្មេងៗ​អត់​មាន​អី​លេង ពេល​ម៉ែឪ​ធ្វើ​ការ​ មិន​មក​តាម​ម៉ែ​តាម​ឪ»។

លោក ចំរើន អះអាង​ថា ប្រសិន​ការ​ស៊ើប​អង្កេត​បន្ត​ ហើយ​រក​ឃើញ​មាន​ករណី​រំលោភ​ពលកម្ម​កុមារ អាជ្ញាធរ​នឹង​ប្រើ​វិធានការ​ច្បាប់។

ទោះ​យ៉ាង​ណា​នៅ​ក្នុង​របាយការណ៍​ស្ដីពី «ការ​អភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះ​​​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា» របស់​អង្គការ​លីកាដូ​ កាល​ពី​ឆ្នាំ ២០១៦ បាន​ឲ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ បាន​ប្រើ​មធ្យោបាយ​ជ្រើសរើស​កម្មករ ដោយ​ផ្ដល់​ប្រាក់​កម្ចី​ និង​​ផ្តល់​កន្លែង​ស្នាក់​នៅ​ សម្រាប់​គ្រួសារ​​ទីទាល់​ក្រ​ហើយ​តម្រូវ​ឱ្យ​គ្រួសារ​​ទាំង​នោះ ត្រូវ​ធ្វើការ​ជា​កម្មករ​ឡឥដ្ឋ​រហូត​អាច​ទូទាត់​សង​បំណុល​វិញ​គ្រប់​ចំនួន។ ប៉ុន្តែ​យ៉ាង​ណា​ក្តី​ក្រុម​គ្រួសារ​ទីទាល់​​​ក្រ​មិន​អាច​មាន​លទ្ធភាព​សង​បំណុល​រួច​ឡើយ ទោះ​ជា​ត្រូវ​សង​អស់ ៣ជំនាន់​ក្ដី និង​មាន​តែ​ជំពាក់​បំណុល​ជំនាន់​បន្ថែម​ទៀត ដោយសារ​ប្រាក់​ឈ្នួល​ទទួល​បាន​ ក្នុង​សិប្បកម្ម​ឡឥដ្ឋ មាន​ចំនួន​ទាប​ពេក។

របាយការណ៍​នេះ​បាន​ចេញ​ បន្ទាប់​ពី​អង្គការ​លីកាដូ បាន​ចុះ​ទៅ​ស្រាវជ្រាវ​សិប្បកម្ម​ផលិត​​ឥដ្ឋ​ជាង ១០០ មាន​កម្មករ​រាប់​ពាន់​នាក់ ដែល​មាន​ទីតាំង​នៅ​ក្បែរ​រាជធានី​ភ្នំពេញ ហើយ​បាន​សម្ភាស​កម្មករ​ផ្ទាល់​ចំនួន ៥០ នាក់ ដែល​ជា​មនុស្ស​ពេញ​វ័យ ​និង​កុមារ។

អង្គការ​លីកាដូ​បញ្ជាក់ថា ឪពុក ម្ដាយ​ស្ទើរ​តែ​ទាំង​អស់​ បាន​និយាយ​ថា កូនៗ​ពួក​គេ​ ដែល​ជា​កុមារ បាន​ជួយ​ធ្វើ​ការងារ​នៅ​ឡឥដ្ឋ ព្រោះ​ការ​ចូលរួម​ជួយ​ធ្វើ​ការងារ​ពី​សមាជិក​គ្រួសារ នឹង​ធ្វើ​ឱ្យ​ចំនួន​ផលិត​ឥដ្ឋ​កើន​​​​ឡើង​ហើយ​នឹង​ធ្វើ​ឱ្យ​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ពួក​គេ ក៏​កើន​ឡើង​ដែរ។ ប៉ុន្តែ​កាល​នោះ​ ក្រសួង​ការងារ​ បាន​បដិសេធ​ការ​រក​ឃើញ​នេះ​និង​បញ្ជាក់​ថា ក្រសួ​ង​​មិន​អនុញ្ញាត​ឲ្យ​កុមារ​ធ្វើ​ការងារ​នៅ​ឡឥដ្ឋ​ទេ។

លោក អំ សំអាត អ្នក​គ្រប់គ្រង​​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​​ម្សិលមិញ​ថា តាម​អ្វីដែល​អង្គការ​លីកាដូ​រក​ឃើញ​កន្លង​មក គឺ​ករណី​គ្រោះថ្នាក់​នៅ​ឡឥដ្ឋ​មាន​ខ្លះ​ធ្វើ​ឱ្យ​កុមារ​ដាច់​ដៃ និង​ខ្លះ​ទៀត​ធ្វើ​ឱ្យ​កុមារ​បាត់បង់​ជីវិត​តែ​ម្ដង​។

លោក​បន្ត​ថា បើ​អាជ្ញាធរ​ បាន​ចុះ​ធ្វើ​អធិការកិច្ច​ផ្ទាល់​ជា​មួយ​ម្ចាស់​ឡឥដ្ឋ ហើយ​បាន​ដាក់​ចេញ​លក្ខខណ្ឌ​តឹងរ៊ឹង​ ឬ​កិច្ចសន្យា​ជា​មួយ​ថៅកែ​ឡឥដ្ឋ​ កុំ​ឱ្យ​ទទួល​យក​កុមារ​មក​ធ្វើ​ការ​នៅ​ឡឥដ្ឋ ឬ​មាន​ការ​តម្រូវ​ណា​មួយ​ឱ្យ​ម្ចាស់​ឡឥដ្ឋ​ ព្រមាន​បញ្ឈប់​កម្មករ​ដែល​នាំកូន​ៗ​មក​ជួយ​កម្លាំង​ពលកម្ម​នៅ​ឡឥដ្ឋ ហើយ​នៅ​តែ​មាន​ករណី​គ្រោះថ្នាក់​បែបនេះ គឺ​ម្ចាស់​ឡឥដ្ឋ​ត្រូវ​ប្រឈម​នឹង​ច្បាប់។

លោក​ថា៖ «ដើម្បី​ចៀសវាង បើសិន​ក្មេង​អត់​កន្លែង​លេង ត្រូវ​បង្កើត​កន្លែង​មួយ​សម្រាប់​ក្មេង​លេង​នៅ​អំឡុង​ពេល​ឪពុក​ម្ដាយ​កំពុង​ធ្វើការ ដើម្បី​កុំ​ឱ្យ​ក្មេង​ទៅ​ជិត​កន្លែង​ឡឥដ្ឋ​ហ្នឹង ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ថា ឪពុកម្ដាយ​ខ្លះ​ដើម្បី​ឱ្យ​បាន​កម្រៃ​​ច្រើន​បាន​យក​កូន​ឱ្យ​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ហើយ​ទាំង​អស់​នេះ បើ​ថៅកែ​ឡឥដ្ឋ​ឆ្លើយ​ថា​ អត់​ដឹង វា​អត់​ត្រូវ​ទេ ព្រោះ​វា​ជា​ការ​គ្រប់គ្រង​របស់​គាត់ ហើយ​ត្រូវ​តែ​មាន​វិធានការ ហើយ​បើ​នៅ​តែ​ឆ្លើយ​អ៊ីចឹង​ទៀត កុមារ​នឹង​កាន់​តែ​បន្ត​រងគ្រោះ​បន្ថែម​ទៀត​ហើយ»។

ភ្នំពេញ​ប៉ុស្ដិ៍​ មិន​អាច​សុំ​ការ​បក​ស្រាយ ​ពី​លោក ហេង សួរ អ្នក​​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ​បាន​ទេ​កាល​ពី​​ម្សិលមិញ​ដោយ​ទូរស័ព្ទ​​​លោក​ពុំ​មាន​​អ្នក​ទទួល។

ចំណែក​លោក លឹម សារ៉ុម ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ថ្លែង​ថា លោក​​ជាប់​ប្រជុំ​មិន​អាច​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​៕