The Phnom Penh Post Search

Search form

ស្នងការ​ព្រះវិហារ​នឹង​ត្រូវ​ជំនួស​ដោយ​ស្នងការ​រង​ពោធិ៍សាត់

ស្នងការ​ព្រះវិហារ​នឹង​ត្រូវ​ជំនួស​ដោយ​ស្នងការ​រង​ពោធិ៍សាត់

ព្រះវិហារៈ តំណែង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ដែល​ដឹក​នាំ​ដោយ​លោក ម៉ៅ ពៅ អស់​រយៈ​ពេល ៥ឆ្នាំ​មក​ហើយ​នោះ​នឹង​ត្រូវ​ជំនួស​ដោយ លោក ស៊ី គីរី ស្នងការ​រងនគរបាល​ខេត្ត​ពោធិ៍សាត់​នៅ​ក្នុង​សប្តាហ៍​នេះ ដែល​ពិធី​ផ្ទេរ​តំណែង​នឹង​ត្រូវ​ធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ។

លោក រស់ បូណាន​ ស្នងការ​រង​ខេត្ត​ពោធិ៍សាត់ បាន​និយាយ​ថា លោក ស្នងការ​រង ស៊ី គីរី នឹង​ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​ខេត្ត​ព្រះវិហារ​ជំនួស លោក ម៉ៅ ពៅ។ លោក​បញ្ជាក់​ថា៖​«តាម​ព័ត៌មាន​ដែល​ខ្ញុំ​ដឹង គឺ​ពិត​ជា​មាន​ការ​តែង​តាំង​លោក ស៊ី គីរី ​ជា​ស្នងការ​ខេត្ត ព្រះវិហារ​មែន។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ទាល់​តែ​លោក​(ស៊ី គីរី​)​ផ្ទាល់​ទើប​ដឹង​ច្បាស់»។

លោក កែវ ចំរើន ស្នងការ​រង​ខេត្ត​ព្រះវិហារ បានឲ្យ​ដឹង​ដែរ​ថា ពិត​ជា​មាន​ការ​ផ្លាស់​ប្តូរ​តំណែង​ស្នងការ​ខេត្ត​ព្រះ​វិហារ​មែន ដែល​ពិធី​ប្រកាស​ផ្ទេរ​មុខ​តំណែង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ តុលា ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ទេ ដោយ​ថ្លែង​ថា៖«ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ វាជា​ការ​សម្រេច​របស់​ថ្នាក់​លើ»។

ទោះ​ជា​បែប​ណា លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ទាន់​បាន​ឃើញ​លិខិត​ជា​ផ្លូវ​ការ នៃ​ការ​ផ្លាស់​ប្តូរ​តំណែង​នេះ​ទេ»។

ទាំង លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ម៉ៅ ពៅ និង​លោកស៊ី គីរី​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ​កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ថ្លែង​ថា លោក​ឧបនាយក​រដ្ឋ​មន្ដ្រី ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ ទី១៩ ខែ​តុលា ឆ្នាំ ២០១២ អំពី​ការ​ផ្លាស់​ប្តូរ​តំណែង​ស្នងការ​ខេត្ត​ព្រះវិហារ​នេះ ។

ព័ត៌មាន ពី​ការ​ផ្លាស់​ប្តូរ​តំណែង​លោក ម៉ៅ ពៅ នេះ គឺ​កើត​ឡើង បន្ទាប់​ពី​លោក​ឧត្ដម​សេនីយ៍​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទបាញ់ បោះ​នៅ​ក្នុង​សណ្ឋាគារ​មួយ នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី ៣០ កញ្ញា ឆ្នាំ ២០១២​ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈ​ខ្លី ដើម្បី​សាក​សួរ។ នៅ​ពេល​នោះ លោក​ម៉ៅ ពៅ បាន​បញ្ជាក់​ប្រាប់​ព្រះ​រាជ​អាជ្ញា​ខេត្ត​សៀមរាប​លោក ទី សុវិន​ថាល់ ថា ការ​បាញ់​របស់​គាត់​ដើម្បី​ការពារ​ខ្លួន ដោយ​មាន​គេ​គំរាម​កំហែង​មក​លើ​រូប​គាត់​ខណៈ​ដែល​មាន​មនុស្ស​មក​ទាត់ ទ្វារ​បន្ទប់​គាត់​។ នៅ​ថ្ងៃ​បន្ទាប់​ លោក​ម៉ៅ ពៅ ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​នៅ​អគ្គស្នងការ​នគរបាលជាតិ។

បើ តាម​លោក ឡោ ចាន់ មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​ ព្រះវិហារ លោក ម៉ៅ ពៅ​ ធ្លាប់​រង​នូវ​បណ្ដឹង កាល​ពី​ថ្ងៃ​ទី៣ ខែ សីហា ឆ្នាំ​ ២០១២ ពីស្ត្រី​ម្នាក់​ឈ្មោះ ហេង ឆេងហ៊ាង ប្ដឹង​មក​ការិយាល័យ​អាដហុក ដោយ​ចោទ​ស្នងការ​រូប​នោះ​ថា បាន​ប្រើ​ហិង្សា ដោយ​ជេរ និង​វាយ​ដំ​ទៅ​លើ​រូប​គាត់៕

អត្ថបទគួរចាប់អារម្មណ៍