មណ្ឌលគិរីៈ ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ១ កន្លែង នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានលក់ជាផ្លូវការក្នុងតម្លៃ ៦០ ម៉ឺនដុល្លារអាមេរិក ទៅឲ្យថៅកែរ៉ែមាសនៅស្រុកកែវសីមាដែលភាគីអ្នកលក់បានទទួលលុយកក់ចំនួន ៣០ ម៉ឺនដុល្លារមុនហើយ ដោយអ្នកទិញនៅរង់ចាំទទួលឯកសារគ្រប់គ្រាន់ទើបប្រគល់លុយគ្រប់ចំនួន ប៉ុន្ដែការទិញ-លក់នេះ នៅមានភាពចម្រូងចម្រាសនៅឡើយ។
លោក សៅ សារីម អតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចប្រចាំខេត្តមណ្ឌលគិរី និងជាអ្នកកាន់កាប់ដីនោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ដីទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងក្រុងបានលុង ខេត្តមណ្ឌលគិរីមានទំហំ ៤០ គុណ ៧១ ម៉ែត្រត្រូវបានឈ្មោះ ឆាន់ រី ជាអ្នកតំណាងឈរឈ្មោះលក់ដីនេះក្នុងតម្លៃ ៦០ ម៉ឺនដុល្លារអាមេរិក ទៅឲ្យឈ្មោះ អ៊ុន ឈាងលឹម ជាថៅកែរ៉ែមាសប្រចាំស្រុកកែវសីមា។
លោកបន្តថា ភាគីអ្នកលក់បានទទួលលុយកក់ចំនួន ៣០ ម៉ឺនដុល្លារ រួចរាល់ហើយពីអ្នកទិញ។ រីឯលុយ ៣០ ម៉ឺនដុល្លារ ដែលនៅសល់ត្រូវបានភាគីអ្នកទិញកំពុងរង់ចាំការរៀបចំឯកសារផ្លូវការរួចរាល់ ទើបប្រគល់លុយឲ្យគ្រប់ចំនួន។
លោកបញ្ជាក់ថា៖ «ភាគីអ្នកលក់ និងអ្នកទិញកំពុងជាប់គាំងត្រង់ឯកសារ ព្រោះខ្ញុំបានប្ដឹងជំទាស់ទៅលោកអភិបាលខេត្តមិនឲ្យចេញឯកសារណាមួយមកលក់ដូរដីទីស្នាក់ការនេះ ហើយខ្ញុំនឹងតស៊ូ មតិជំទាស់ដាច់ខាត មិនឲ្យលក់ទេ»។
លោកបន្ថែមថា ដីស្នាក់ការនេះជាដីរបស់លោកផ្ទាល់ ដោយលោកបានដោះដូរពីពលរដ្ឋម្នាក់កាលពីឆ្នាំ ១៩៩៥ ក្រោយមកលោកបានអនុញ្ញាតឲ្យគណបក្សហ៊្វុនស៊ិនប៉ិចខ្ចីដីធ្វើជាទីស្នាក់ការបណ្ដោះអាសន្ន។ ការខ្ចីនោះមានលក្ខខណ្ឌថា បើឈប់ធ្វើទីស្នាក់ការហើយត្រូវប្រគល់ដីនោះមកឲ្យលោកវិញ។ ប៉ុន្ដែផ្ទុយពីនេះបែរជាមនុស្សជំនាន់ក្រោយរបស់គណបក្សឃុបឃិតគ្នាលួចលក់ដីលោកទៅឲ្យអ្នកផ្សេងវិញ។
មន្ត្រីក្នុងបក្សហ៊្វុនស៊ិនប៉ិចម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះប្រាប់ថា ឈ្មោះ ហេង ហាក់លីម ជំនួយការរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាអ្នករត់ការលក់ដូរដីទីស្នាក់ការនៅមណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តព្រះសីហនុ។ ប៉ុន្ដែម្សិលមិញភ្នំពេញ-ប៉ុស្ដិ៍មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញការចោទប្រកាន់នេះបានទេ ដោយលោកបានចុចផ្ដាច់ទូរស័ព្ទមិននិយាយ។
មន្ត្រីដដែលនោះបន្តថាលោក ហេង ហាក់លីម មានព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីនរោត្តម ម៉ារី ធ្វើជាខ្នងបង្អែកដោយគាត់បានសាកសួរ និងស៊ើបអង្កេតរកបណ្ណកម្មសិទ្ធិដី (ប្លង់រឹង) តាមទីស្នាក់ការបក្សនីមួយៗដើម្បីដកហូតយកដីមកលក់ទៅឲ្យអ្នកផ្សេងទៀត។
លោក ណុប សុធារិទ្ធិ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់បានឡើយ ដោយលោកបានបិទទូរស័ព្ទ។
ចំណែកលោក ឆឹង ចំរើន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយអះអាងថា៖ «ខ្ញុំអត់ដឹងទេ រឿងហ្នឹង រាល់ថ្ងៃនេះ ខ្ញុំគិតតែម្យ៉ាងសុំឲ្យសម្ដេច ក្រុមព្រះ [នរោត្តម រណឫទ្ធិ] មានព្រះរាជសុខភាពល្អឡើងវិញប៉ុណ្ណោះ»។
លោក អ៊ុន ឈាងលឹម ថៅកែ រ៉ែមាស និងជាអ្នកទទួលទិញដីទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចខេត្តមណ្ឌលគិរីកាលពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញការទិញ-លក់ដីនេះបានទេ។
រីឯលោក ឆាន់ រី ជាតំណាងអ្នកឈរឈ្មោះលក់ដីទីស្នាក់ការគណបក្សនោះ ក៏គ្មានប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញការលើកឡើងនេះដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគថ្លែងថា បើពិតជាមានការលក់ទីស្នាក់ការគណបក្សមែន មានន័យថា គណបក្សហ៊្វុនស៊ិនប៉ិចគ្មានកេរអាករអ្វីជាទីពឹងទៀតទេ ដោយពួកគាត់កំពុងលក់កេររបស់សម្ដេចឪដែលជាកេរតាំងពីឆ្នាំ ១៩៩៣ មកនោះចែកគ្នាចាយ។
លោកបញ្ជាក់ថា៖ «បើជ្រុលជាលក់ទីស្នាក់ការអស់បែបនេះ គួរតែរំសាយបក្សហ៊្វុនស៊ិនប៉ិចចោលទៅ រីឯរាជវង្សគួរចាកចេញពីឆាកនយោបាយ ឬនៅក្រៅឆាកនយោបាយ ហើយងាកមកធ្វើការមនុស្សធម៌ក្នុងសង្គមយើងវិញល្អជាងធ្វើនយោបាយ ព្រោះបើនៅធ្វើនយោបាយបែបនេះ គឺនឹងនៅមានការរិះគន់រាជវង្សមិនខានដែលបណ្ដាលឲ្យអាប់ឱនកិត្តិយសព្រះមហាក្សត្រ»។
តាមលិខិតរបស់លោក សៅ សារីម ជាអ្នកកាន់កាប់ប្លង់កម្មសិទ្ធិដីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចនៅខេត្តមណ្ឌលគិរីបានជម្រាបជូនទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃ ១៤ សីហា ឲ្យដឹងថា៖ «កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ ខ្ញុំបានជំទាស់មិនឲ្យឈ្មោះ ឆាន់ រី ទទួលប័ណ្ណសុំចុះបញ្ជីប្លង់រឹងម្ដងរួចមកហើយដោយមូលហេតុដីទំនាស់។ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ខ្ញុំបានទៅពិនិត្យបញ្ជីឈ្មោះនៅរដ្ឋបាលសង្កាត់មនោរម្យ ស្រាប់តែឃើញមានឈ្មោះ អ៊ុន ឈាងលឹម ប្រពន្ធឈ្មោះ កុយ ធីតា មកតាំងខ្លួនជាម្ចាស់លើក្បាលដីទំនាស់ ៤០ គុណ ៧០ ម៉ែត្រនោះដោយមិនមានឯកសារគ្រប់គ្រាន់ ហើយដីនោះខ្ញុំបានប្ដឹងជាមួយ ឆាន់ រី តាំងពីឆ្នាំ ២០១៦ មិនទាន់មានដំណោះស្រាយនៅឡើយ។ ដូច្នេះសូមលោកអភិបាលខេត្តមណ្ឌលគិរីជួយដោះស្រាយ»។
ប្រភពពីមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា គណបក្សនេះគ្រោងនឹងដាក់លក់ទីស្នាក់ការបក្សខេត្តព្រះសីហនុចំនួន ៩០ ម៉ឺនដុល្លារអាមេរិក ខណៈទីស្នាក់ការនៅខេត្តមណ្ឌលគិរីលក់តម្លៃ ៦០ ម៉ឺនដុល្លារ និងខេត្តកំពង់ឆ្នាំងត្រូវបានដាក់លក់ក្នុងតម្លៃ ៥០ ម៉ឺនដុល្លារ ប៉ុន្ដែគម្រោងលក់ទីស្នាក់ការទាំង ៣ កន្លែងនេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសគ្នានៅឡើយ៕