ភ្នំពេញៈ ទីស្នាក់ការ​គណ​បក្សហ៊្វុនស៊ិនប៉ិច​​ ២ កន្លែង​ នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​កំពង់​ឆ្នាំង​ត្រូវ​បាន​ដាក់​លក់​ក្នុងតម្លៃ​ជិត​ ១ លាន​ដុល្លារ​អាមេរិក ​ដើម្បី​យកលុយ​ទៅ​ព្យាបាល​ជំងឺ​សម្ដេច​ក្រុមព្រះ​នរោត្តម រណ​ឫទ្ធិ​ ជា​ព្រះប្រធាន​គណបក្ស។ នេះបើ​​តាម​ប្រភព​បញ្ជាក់​ពី​ម្សិលមិញ ​ប៉ុន្ដែ​ក្រុម​មន្ត្រី​ក្នុង​គណបក្ស​នេះ​មិន​ទាន់​ចេញមុខ​បកស្រាយ​ព័ត៌​មាន​លើក​ឡើង​ខាងលើ​លម្អិត​នៅ​ឡើយទេ។

មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​ថ្លែងពី​ម្សិល​មិញថា ទីស្នាក់ការ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទាំង​ ២ កន្លែង​ នៅ​ខេត្ត​មណ្ឌល​​គិរី ​និង​ខេត្ត​កំពង់​ឆ្នាំង ​ពិតជា​ត្រូវបាន​ដាក់លក់​មែន ​ក្រោម​ហេតុផល​ប្រមូល​ថវិកា​ទាំងអស់ ​ដើម្បី​ប្រគល់​ថ្វាយ​សម្ដេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ សម្រាប់​ព្យាបាល​ជំងឺ​របស់​ព្រះអង្គ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​គ្រាន់តែ​ដឹងថា​ពិត​ជាមាន​ការទិញ​លក់​ស្នាក់ការ​ហ្នឹង​មែន ​ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​ពី​តម្លៃ​ឲ្យ​ច្បាស់​លាស់​ប៉ុន្មាន​ទេ។ រឿង​លក់​ស្នាក់ការ​នេះ​ខ្ញុំ​នៅតែ​មិនទាន់​ជឿជាក់ថា​ ក្រុមមន្ត្រី​ប្រមូល​លុយ​ទៅ​ប្រគល់ថ្វាយ​សម្ដេច​ក្រុមព្រះ​ នរោ​ត្តម ​រណឫទ្ធិ​ ទេ ​គឺ​ខ្ញុំ​សង្ស័យថា ​អាចជា​លេស​យក​ធ្វើ​អ្វី​ផ្សេង​ពីនេះ។ បើ​ពិតជា​ប្រគល់​ថ្វាយ​សម្ដេច​ក្រុមព្រះ​មែន​ ពួក​ខ្ញុំ​មិន​ថា​អ្វី​ទេ»។

លោក​ ណុប សុធា​រិទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ពី​ម្សិលមិញ ​មិនអាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ឡើយ​ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។

តាម​ការផ្សាយ​របស់​សារព័ត៌មាន​ Swiftnews ពី​ម្សិលមិញ​អះ​អាង​ថា​៖​ «មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ បាន​ឲ្យ​ដឹងថា​ លោក​ ហេង ហាក់​លីម​ និង​មេធាវី​ លោក ផែង ហេង​ បាន​​ឲ្យ​សម្ដេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ ​ដែល​កំពុងមាន​ជំងឺ ​ផ្ដិត​មេដៃ​លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​២ កន្លែង​ គឺ​ទីស្នាក់ការ​គណបក្ស​ខេត្ត​មណ្ឌលគិរី ​មាន​តម្លៃ​ប្រហែល​ ​៤០ ម៉ឺន​ដុល្លារ​ និង​ទីស្នាក់ការ​គណបក្ស​នៅ​ខេត្ត​កំពង់ឆ្នាំ​ង​ មាន តម្លៃ​ប្រហែល​ ៥០ ម៉ឺន​ដុល្លារ»។

លោក​មេធាវី​ ផែង ហេង ​ពី​ម្សិលមិញ​ បដិសេធ​ធ្វើ​អធិប្បាយ​​ដោយ​ជំរុញ​ឲ្យ​ទៅ​សម្ភាស​កូនក្ដី​របស់​លោក​ ដោយ​ប្រាប់​ថា ​មិនអាច​និយាយ​រៀបរាប់​ពី​ដំណឹង​លក់​ទីស្នាក់ការ​នេះ​បាន​ទេ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​គ្រាន់តែ​ជា​អ្នក​បញ្ជាក់​ស្នា​ម​មេដៃ​បុត្រា​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ​ហើយ​សាច់រឿង​យ៉ាងណា ​សួរ​ទៅ​សាមីខ្លួន​បក្ស​ឬ​អ្នក​អាច​និយាយ​រឿង​ហ្នឹង​បាន​ទៅ។ ខ្ញុំ​ជា​មេធាវី ​គ្រាន់តែ​បានឃើញ​ស្នាម​មេដៃ​ព្រះ​បុត្រា​ព្រះអង្គ ​ហើយ​ខ្ញុំ​ក៏​មិនមែន​អ្នកតំណាង​អ្វី​ដែរ។ បើ​យើង​តតាំង​គ្នា​នៅ​តុលាការ​ទើប​ខ្ញុំ​អាចជា​អ្នកតំណាង​ ប៉ុន្ដែ​រឿងនេះ​ខ្ញុំ​អត់​ពាក់ព័ន្ធ​ទេ»។

លោក​ សាយ ហាក់ ​នាយក​ខុទ្ទកា​ល័យ​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម រណ​ឫ​ទ្ធិ​ និង​ជា​អនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ពី​ម្សិលមិញ ​ក៏បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ ដោយ​លោក​អះអាងថា​ កំពុង​ជាប់​រវល់​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​ទេ។

ចំណែក​លោក ​ហេង ហាក់​លីម​ ទីប្រឹក្សា​រាជរដ្ឋាភិបាល ​និង​ជា​ជំនួយការ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ម៉ារី ​ដែលជា​អ្នក​រួមចំណែក​ឲ្យ​សម្ដេច​ក្រុមព្រះ ​នរោត្តម ​រណឫទ្ធិ ​ដែល​កំពុងមាន​ជំងឺ ​ផ្ដិត​មេដៃ ​លក់​ទី​ស្នាក់​ការ​គណបក្ស​ ២ កន្លែង​នោះ ​ពី​ម្សិល​មិញ មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បានទេ​ ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​វិញ។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណិ្ឌ​ត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ​ថ្លែង​ថា ​បើ​មាន​ករណីនេះ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាប់ផ្ដើម​ធ្លាក់​ប្រជាប្រិយភាព​កាន់តែ​ដុន​ដាប​ខ្លាំង​ហើយ​ ប៉ុន្ដែ​គណ​បក្ស​នេះ​ នឹង​មិន​រំលាយ​ខ្លួន​នោះ​ទេ។

លោក​បន្ថែមថា​៖ «ការ​ឈានទៅ​លក់​ស្នាក់ការ​បក្ស​ហើយ ​គឺ​មានន័យថា​គាត់​អត់​មាន​កេរអាករ​អ្វី​ទៀត​ទេ​ គឺ​គាត់​ស៊ី​កេរ​ លក់​កេរ​របស់​សម្ដេច​ឪ​យើង ​ហើយ​​កេរ​ហ្នឹង ​គឺ​កេរ​ដែល​បាន​ឈ្មោះ​តាំងពី​ឆ្នាំ ១៩៩៣ ​មក ដែល​សម្ដេច​ឪ​បាន​បន្សល់​ទុក​ឲ្យ។ មាន​ន័យ ថា ​គាត់​មាន​តែ​ឈ្មោះ​ ចាប់ពី​ពេលនេះ​ទៅ ​គឺ​មិនអាច​ប្រមូល​អ្នកគាំទ្រ​បាន​ទៀត​ទេ ​ព្រោះ​ដល់​ដំណាក់​កាល​ចែក​ចាន ឆ្នាំង​គ្នា​ហើយ»។

តាម​លិខិត​ចំហ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច​ផ្ញើ​ថ្វាយ​សម្តេច​ក្រុម​ព្រះចុះ​ថ្ងៃទី ២២​ ខែ កក្កដា​ ឆ្នាំ​ ២០១៩ ​ដែល​មន្ត្រី​ម្នាក់​ផ្ញើ​មក​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​​​សរសេរ​ថា​ ចំពោះ​ព្រះអង្គ​ម្ចាស់​ចក្រា​វុឌ្ឍ​ បើ​ចង់​ជួយ​ដល់​ព្រះបិតា​ព្រះអង្គម្ចាស់​ឆាប់​បានជា​សះស្បើយ​ពី​ព្រះរោគា​ព្យាធិ ​ហើយ​មិន​ចង់ឃើញ​ហ៊្វុនស៊ិនប៉ិច​ត្រូវ​ដួល​រលំ​ក្រោម​ការ​គ្រប់គ្រង​បណ្ដោះអាសន្ន​របស់​ព្រះអង្គ​ម្ចាស់​នោះ​ព្រះអង្គ​ម្ចាស់​ត្រូវ​កែសម្រួល​ឥរិយាបថ​ក្នុងការ​ដឹកនាំ​។ ត្រូវ​រួបរួម​សាមគ្គី​គ្នា​ ក្នុង​គ្រួសារ​ហ៊្វុនស៊ិនប៉ិច ​ដោយ​ប្រមូល​កម្លាំង​ និង​ពង្រីក​ការ​គាំទ្រ​ទាំង​នៅ​ថ្នាក់​កណ្ដាល​ និង​នៅ​មូលដ្ឋាន មាន​ន័យថា​ កម្លាំង​ដែល​បាត់បង់ ​ត្រូវតែ​ប្រមូល​មក​វិញ។

លិខិត​បន្តថា ​ការចង់​បង្រួបបង្រួម​ជាមួយ​បក្ស​ដទៃ ​ត្រូវ​ពិនិត្យ​អំពី​លទ្ធភាព ​សមត្ថភាព​ និង​បទពិសោធ​របស់​ឥស្សរ​ជន​នយោបាយ​ដើម្បី​ចូលរួម​ក្នុង​ការឆ្លើយ​តប​សេចក្ដី​សម្រេច​រួមគ្នា​ដែលជា​ផល​ប្រយោជន៍​របស់​គណ​បក្ស​ទាំង​បច្ចុប្បន្ន​ និង​អនាគត។ បញ្ឈប់​រាល់​ការរំលោភ​អំណាច ​ការរំលោភ​ឋា​នានុ​ក្រម​ ការបំពាន​លើ​លក្ខន្ដិកៈ​គណបក្ស ​តាមរយៈ​ការ​ផ្លាស់​ប្ដូរ​ ការដក​តួនាទី ​ការបញ្ឈប់​មុខ​តំណែង​ក្នុង​រចនាសម្ព័ន្ធហ្វ៊ុនស៊ិនប៉ិច​ ឬ​ការប៉ុនប៉ង​រំលាយចោល​រាល់​សេចក្ដី​សម្រេច​ពី​មុន​របស់​សម្ដេច​ក្រុមព្រះ។

លិខិត​បញ្ជាក់ថា ​«ត្រូវ​បើក​ទូលាយ​ និង​ផ្ដល់​ឱកាស​ដល់​ឥស្សរជន​នយោបាយ​ចាស់ៗ​និង​អ្នកតស៊ូ​ដែលមាន​ភក្ដីភាព​ចំពោះ​សម្ដេច​ក្រុមព្រះ​ និង​ថ្នាក់​ដឹកនាំ​រាជធានី ​ខេត្ត ​ឬ​សមាជិក​បក្ស ​បាន​ចូល​ក្រាបថ្វាយ​បង្គំ​គាល់​សម្ដេច​ក្រុមព្រះ។ ក្នុង​ករណី​ដែល​ព្រះអង្គម្ចាស់​ចង់​បន្ត​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជំនួស​តំ​ណែង​សម្ដេច​ក្រុមព្រះត្រូវ តែ​រៀបចំ​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវស្របតាម​ច្បាប់​ និង​លក្ខ​ន្ដិកៈ​គណបក្ស ​ចៀសវាង​អនិត្យា​នុកូល​ភាព និង​កំហុសឆ្គង​ខាង​គុណធម៌​ក្នុងការ​ដឹកនាំ​គណបក្ស​ដូច​បច្ចុប្បន្ន»៕