ភ្នំពេញៈ កម្ពុជា​គ្រោង​ស្នើ​ដាក់​បញ្ចូល​តំបន់​ធម្មជាតិ​ចំនួន​ ៥ ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​លោក​របស់​អង្គការ​ យូណេស្កូ ដើម្បី​រួម​គ្នា​អភិរក្ស​តំបន់​ទាំងនេះ​ឱ្យ​គង់វង្ស​ ដោយ​មន្ត្រី​បរិស្ថាន​បញ្ជាក់​ថា យូណេស្កូ ​ផ្តល់​យោបល់​ឱ្យ​កម្ពុជា​រៀបចំ​ឯកសារ​លម្អិត បន្ថែម​ទៀត​ដើម្បី​ឱ្យ​មាន​ភាព​រឹងមាំ និង​ពេញ​លេញ​សម្រាប់​ការ​ដាក់​ស្នើ​សុំ​នេះ។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី ថ្ងៃទី ៩ ​ខែ​មីនា ​ថា ​នេះជា​លើក​ទី ១ ​ដែល​កម្ពុជា ​គិតគូរ​អំពី​ការ​ដាក់​បញ្ចូល​បេតិកភណ្ឌ​ធម្មជាតិ ​របស់​ខ្លួន ​ទៅ​ជា​បេតិកភណ្ឌ​របស់​ពិភព​លោក។

លោក​ថ្លែង​ថា ​កិច្ច​ប្រជុំ​អន្តរក្រសួង​ កាល​ពី​ថ្ងៃទី ៦ មីនា ​មិន​ទាន់ សម្រេច​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ​ទេ ដោយសារ​តែ​មាន​ការ​ផ្តល់​យោបល់​ពី​ខាង​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​បុរាណ​វិទ្យា យូណេស្កូ ​និង​ក្រសួង​វប្បធម៌​ថា កម្ពុជា​គួរតែ​រៀបចំ​នូវ​ឯកសារ​សម្អិត​សម្អាង​ឱ្យបាន​ល្អ​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ​រូបនេះ​ បញ្ជាក់​ថា៖ «យើង​នៅមាន​ពេល​ច្រើន​ទៀត។ អ៊ីចឹង​ គឺ​ចាំបាច់​ត្រូវ​រៀបចំ​ទៅលើ​បញ្ជី ​ទៅ​លើ​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ​បន្ថែម​ ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​រឹងមាំ​បន្ថែម​ទៀត​នៅ​ក្នុង​ការដាក់​ស្នើសុំ​ទៅ​កាន់​អង្គការ យូណេស្កូ ដើម្បី​ដាក់​ជា​បេតិក​ភណ្ឌ​ធម្មជាតិ​ពិភព​លោក»។

ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ៧ ​មីនា ​ថា​ក្រសួង​បរិស្ថាន ​និង​អន្តរ​ក្រសួង កាលពី​ថ្ងៃ​ទី ៦ ខែមីនា ​បាន​ប្រជុំ​កំណត់​តំបន់​ធម្មជាតិ​នៅ​កម្ពុជា​ ដែល​មានតម្លៃ​ជាសកល​លេចធ្លោ ​ដើម្បី​ស្នើសុំ​ដាក់​ក្នុង​បញ្ជី​ត្រៀម​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​ យូណេស្កូ។

លោក​នេត្រ ភក្ត្រា ថ្លែង​ថា៖ «កិច្ច​ប្រជុំ​បច្ចេក​ទេស​គ្រាន់តែ​ស្នើ​សុំ​ ហ្នឹង​ទៅ ​ហើយ​គេ​ផ្តល់​យោបល់​ថា ឱ្យ​បន្ថែម​នូវ​ឯកសារ​មួយ​ចំនួន​ទៀត​ដើម្បី​ឱ្យ​វា​ពេញ​លេញ។ តាម​​ពិត​វាល្អ​ហើយ។ ការ​ស្នើ​ដាក់​មួយ​ណា​ជា​អាទិភាព​អត់​ទាន់​ដឹង​នៅ​ឡើយ​ទេ។ យើង​នឹង​មាន​កិច្ច​ប្រជុំ​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​បន្ថែម​ទៅ​លើ​បញ្ជី​ដែល​ដាក់​ស្នើ​សុំ​ហ្នឹង»។

លោក​បញ្ជក់ថា​ ការ​ដាក់​ស្នើសុំ​នេះ​ គឺ​ដើម្បី​រួមគ្នា​ការពារ ​និង​អភិរក្ស​តំបន់​ទាំងនេះ​ឱ្យ​បាន​គង់វង្ស ​ដែល​មាន​ការ​ទទួល​ស្គាល់ ជា​លក្ខណៈ​អន្តរជាតិ​អំពី​ភាព​សម្បូរ​បែប​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ​តម្លៃ​វប្បធម៌ តម្លៃ​ប្រវត្តិសាស្ត្រ ​តម្លៃ​បរិស្ថាន។

ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ ឲ្យ​ដឹង​ដែរ​ថា ​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៥ នោះ ​រួមមាន ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ភ្នំត្បែង ​តំបន់​គ្រប់គ្រង​និង​ការពារ​ជម្រក​សត្វ​ផ្សោត​មេគង្គ​ ព្រែកកាំពី ​ថ្ម​ភ្នំណាមលៀរ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំណាមលៀរ ​ដែន​ជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ​ និង​ឧទ្យាន​ជាតិ​ក្រវាញ​ខាង​ត្បូង។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «គោល​បំណង​នៃ​កិច្ច​ប្រជុំ​ដ៏​សំខាន់ នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​លក្ខណ​ពិសេស​របស់​តំបន់​ការពារ​ធម្មជាតិ​ ចំនួន ៥ ​ដើម្បី​ឯកភាព​គ្នា។ ជាពិសេស ​ពី​អង្គការ​ យូណេស្កូ និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ទៅលើ​បញ្ជី​ទីតាំង​ សម្បត្តិ​ធម្មជាតិ ដើម្បី​ស្នើ​ដាក់​ចូល​ក្នុង​បញ្ជី​ត្រៀម​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​លោក​របស់​អង្គការ​ យូណេស្កូ»។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ និង​ ក្រសួង​វប្បធម៌ ​លេខាធិការ​វិទ្យាសាស្រ្ត​នៃ​ អាយស៊ីស៊ីអង្គរ ប្រធាន​ អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ​អគ្គលេខា​ធិការ​គណៈកម្មការ​ជាតិ​ យូណេស្កូ​កម្ពុជា​ តំណាង​ក្រសួង​ពាក់ព័ន្ធ ​មន្ត្រី​រដ្ឋបាល​ខេត្ត កោះកុង ​ខេត្ត​ព្រះវិហារ ​ខេត្ត​រតនគិរី​ ខេត្ត​មណ្ឌលគិរី​ និង​ដៃគូអភិវឌ្ឍន៍ ​សរុប​ប្រមាណ​ ៧០ ​នាក់​៕

វីដេអូ៖