ភ្នំពេញៈ ស្ពាន​ជ្រោយ​ចង្វារ​ទី១ ឬ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ជប៉ុ​ន ត្រូវ​បាន​បើក​ឲ្យ​ដំណើ​រការ​ឡើង​វិញ​កាល​ពី​​ព្រឹក​ថ្ងៃ​ពុ​ធ​ម្សិល​មិ​ញ បន្ទាប់​ពី​បាន​ផ្អាក​ដើម្បី​ធ្វើ​ការ​ជួស​ជុល​កែ​លម្អ​គុណ​ភាព​ និង​​សោ​ភណភា​ព​ អស់​រយៈ​ពេ​ល​ជាង​ ១ ឆ្នាំ​ដោយ​​បាន​ចំណា​យ​ថវិកា​ជួស​ជុល​​អស់​ប្រមាណ​ ៣០ ​លាន​ដុល្លារ​។

ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើ​រកា​រ​​ឡើង​វិញ​នេះ បាន​ធ្វើ​ឡើង​ក្រោ​ម​អធិប​តី​ភាព ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក Hidehisa Horinouchi ឯក​អគ្គរាជ​ទូត​ជប៉ុនប្រចាំ​នៅ​កម្ពុ​ជា​។ ក្នុង​ឱកាស​នោះលោក​ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​យ៉ា​ង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិ​បា​ល​ និង​ប្រជាជន​ជប៉ុនដែល​ជានិច្ច​​​កាលតែង​យក​ចិត្ត​ទុក​ដាក់ជួ​យ​​កសាង​ និង​អភិវឌ្ឍ​ប្រទេស​ កម្ពុជា។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ និង​អ្នក​ដែលធ្វើ​ចរាចរណ៍ឆ្លងកាត់​​ស្ពាន​ និង​ផ្លូ​វថ្នល់​ទាំង​អស់​​ថា​៖ «ត្រូវ​ចេះយោគ​យល់ ​និង​អធ្យា​ស្រ័យ​ឲ្យគ្នា​ទៅវិញ​ទៅ​ម​ក ពិសេសត្រូវ​ចេះគោរព​ច្បាប់​ ស្លា​ក​សញ្ញា និង​គំនូស​ចរា​ចរ​ណ៍​​ឲ្យបាន​ខ្ជាប់​ខ្ជួន​ទាំង​អស់​គ្នា ដើ​ម្បី​ឲ្យការ​ធ្វើ​ដំណើរ​របស់​យើង​ ប្រកប​ដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា»។

ស្ពាន​ជ្រោយ​ចង្វារ​ទី១ បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​តភ្ជាប់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​​ នៃ​ទន្លេសាប​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ដែល​ស្ពាន​នេះ​មា​ន​​ប្រវែង ​៩៧១ ម៉ែត្រ និង​ទទឹ​ង​ ១៣,៨​ ម៉ែ​ត្រ ត្រូវ​បាន​សាង​​សង់លើក​ដំបូង​ និង​ដាក់​ឲ្យប្រើ​​ប្រាស់​ក្នុង​ឆ្នាំ ១៩៦៣ តាម​រយៈ​ជំនួយ​ឥត​សំណង​របស់​​ជប៉ុន។ ស្ពាន​នេះ ត្រូវ​បាន​កាត់​ផ្តាច់​ក្នុង​អំឡុង​ឆ្នាំ​ ១៩៧២ ពេល​​កម្ពុជា​ជួប​ភ្លើង​សង្គ្រាម។

ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩២ ខណៈ​ប្រទេស​កម្ពុជាកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស្វះ​ស្វែង​រកការ​បង្រួប​បង្រួម​គ្នាពីគ្រប់​ភា​គី​ជម្លោះ​ដើម្បី​​ស្វែង​រក​​សន្តិភាព​នោះ ស្ពាន​នេះ​ ក៏ត្រូវ​បាន​ជួស​ជុល​ និង​តភ្ជាប់ជា​ថ្មីឡើង​វិញ​ ដោយ​ប្រទេស ជប៉ុន​ ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី «​ស្ពាន​​ជ្រោយចង្វារ» ​មកជា ​«ស្ពាន​មិត្ត​ភាព​កម្ពុជា​-ជប៉ុន» ដោយ​ព្រះ​មហា​វីរ​ក្សត្រ ព្រះបរមរតន​កោដ្ឋ ​សម្ដេ​ច​ព្រះ​បាទ នរោត្ដម សីហនុ។

ដោយ​សារ​តែ​ស្ពាន​នេះ​បាន​ចាស់​ទ្រុឌ​ទ្រោម​ នៅ​ចុង​ឆ្នាំ ២០​១៧ រដ្ឋាភិ​បាល​បាន​សម្រេ​ច​ផ្អា​ក​ដំណើរការ​ឆ្លង​កាត់​ស្ពាន​នេះជា​បណ្ដោះ​អាសន្ន ដើម្បី​ធ្វើការ​ជួស​ជុល​ឡើង​វិញ​ក្រោម​ជំនួយ​របស់​ជប៉ុន។

តាម​គម្រោង​ស្ពាន​នេះ​ នឹង​ត្រូវ​បញ្ចប់​ការ​ជួស​ជុល​នៅចុង​ឆ្នាំ​​ ២០១៩ ប៉ុន្តែ​ដោយ​សារ​ការខិត​ខំប្រឹង​ប្រែង​របស់ ក្រុម​ការងារ​ជួស​​ជុល​ទាំង​ភាគី​ជប៉ុ​ន និង​កម្ពុជា ដែល​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់​នោះ គឺ​​បាន​បញ្ចប់​មុន​កាល​កំណត់​ និងត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ឡើង​​វិញនាថ្ងៃទី​ ៣ ​មេសា​ ឆ្នាំ​ ២០​១​៩ ​​នេះ ដើម្បី​ជួយ​សម្រួល​ការ​ធ្វើដំណើរ​របស់​ប្រជា​ពល​រដ្ឋក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

បើតាម​លោក​ទេសរដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន ការ​ជួស​ជុល​ស្ពាន​នេះបាន​ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន។

លោក​បញ្ជាក់​ថា​​​៖ «ក្រោម​ការ​យក​ចិត្ត​ទុក​ដា​ក់​​ខ្ពស់ពីក្រុម​វិស្វករ​ជួស​ជុល​រប​ស់​ជប៉ុន​ និង​កម្ពុជា​ ស្ពាន​នេះបា​ន​ជួស​ជុលថ្មី និង​មាន​គុណភាព​រឹង​មាំល្អ​ប្រសើរ​ឡើង​វិញ ដែល​តាម​ការអះ​អាង​របស់​មន្ត្រី​ជំនា​ញ​វិស្វកម្មជ​ប៉ុន ស្ពាន​នេះ​អាចប្រើ​​ប្រាស់​បាន​ក្នុង​រយៈ​ពេល ៥០ ឆ្នាំ​ទៅ​មុខ​ទៀត»។

លោក​បន្ថែម​ថា ដើម្បី​បញ្ជ្រា​​ប​​ការ​យល់​ដឹង​អំពីការ​ប្រើប្រាស់​ផ្លូវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ ​(ទី១)​ នេះ​ក៏មាន​គំនូរ​រូបភាព​ម៉ូតូ​ សម្រា​ប់​ផ្លូវ​ម៉ូតូ និង​គំនូររូ​បភាព​មនុស្ស​ដើរ​លើ​គន្លង​ផ្លូវ​ថ្មើរ​ជើងជា​សញ្ញា​ផងដែរ។

ទោះ​ជាបែ​បណា​ក្ដីនៅ​ប៉ុន្មា​ន​​ម៉ោង​​បន្ទាប់​ពី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ស្ពាន​នេះ គេ​សង្កេត​ឃើញ​អ្នក​បើក​បរ​​មួយ​ចំនួន មិន​បាន​គោរព​​ទៅ​តាម​គំនូស​​ស្លាក​សញ្ញា​ចរាចរណ៍​​នៅ​លើ​ស្ពាន​នេះ​ឡើយ៕