ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានប្រកាស​ពី​គម្រោង​បើក​ឲ្យ​ដំណើរការ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ហៅ​ស្ពាន​ជ្រោយ​ចង្វារ​ឲ្យ​ប្រើប្រាស់​វិញ​មុន​ព្រះរាជ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់​ដោយ​អះអាង​ថា ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​លទ្ធផល​ជួស​ជុល​សម្រេច​បាន ៩៧ ភាគរយ មុន​ផែនការ​រំពឹង​ទុក​ដែល​នឹង​បញ្ចប់​មុន​ពេល​កំណត់។

រាជរដ្ឋាភិបាល​បានប្រកាស​ជួសជុល​ស្ពាន​នេះ​ជាថ្មី​ស្ទើរ​ទាំង​ស្រុង​ក្រោម​ជំនួយ​ហិរញ្ញ​ប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដោយ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក និង​ប្រើ​រយៈពេល​ប្រមាណ ២ ឆ្នាំ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៤ ខែ​ មិថុនា ឆ្នាំ ២០១៩។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​ជួស​ជុល​ស្ពាន​ជ្រោយ​ចង្វារ​នេះ​ថា ការ​ជួស​ជុល​ស្ពាន គឺ​សម្រេច​បាន ៩៧ ភាគរយ​ហើយ ដោយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ។

លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់​ទំនង​សាធា​រណៈ​នៃ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​បន្ថែម​ថា ការងារ​សំខាន់ៗ​នៃ​ការ​ជួស​ជុល​ស្ពាន​នេះ គឺ​បាន​បញ្ចប់​រួច​រាល់​អស់​ហើយ នៅ​ឡើយ​តែ​ការងារ​តូចៗ ដូចជា សម្អាត និង​ការ​លាប​ពណ៌ រៀបចំ​សណ្តាប់​ធ្នាប់​ជុំវិញ​ស្ពាន​នេះ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ការ​ជួស​ជុល​បញ្ចប់​មុន​ផែនការ​នេះ ដោយសារ​ក្រុម​បច្ចេកទេស​ទាំង​កម្ពុជា និង​ជប៉ុន បាន​សហការ​គ្នា​បាន​ល្អ​ដែល​ធ្វើ​ឲ្យ​ការ​ជួស​ជុល​រួច​រាល់​មុន​កាល​កំណត់។

លោក​បញ្ចា​ក់ថា៖ «៩៧ ភាគរយ​ហ្នឹង គឺ​ហើយ​ស្ទើរតែ​ទាំងស្រុង​ហើយ នៅ​សល់​តែ​ការ​សម្អាត មាន​ទាំង​ផ្លូវ​ដើរ ផ្លូវ​ម៉ូតូ ផ្លូវ​ឡាន​ដោយ​មាន​គំនូស និង​កំពុង​ពិនិត្យ​មើល​ចំណុច​ខ្វះខាត​នៅ​លើ​ស្ពាន ដោយ​ធ្វើ​ការ​កែ​សម្រួល​ឲ្យ​វា​ស្អាត​ដែល​នៅ​សល់​ការងារ​តូចៗ​ទេ ដោយ​ឡែក​ការងារ​ធំៗ​មិន​មាន​នៅ​សល់​អី​ទេ»។

លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានបញ្ជាក់​បន្ថែមថា ការដាក់​ដំណើរការ​ឲ្យ​ប្រើប្រាស់​ស្ពាន​នេះ​ឡើង វិញ​មុន​ពិធី​ចូល​ឆ្នាំថ្មី វា​ជា​វិធានការ​មួយ ក្នុង​ការ​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​តែង​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ ព្រោះ​ក្នុង​ពេល​នោះ ប្រជា​ពលរដ្ឋ​នាំ​គ្នា​សម្រុក​ចេញ​ពី​រាជធានី​ទៅ​ស្រុក​កំណើត​ច្រើន។

លោក​ថា៖ «ការដែល​បើក​ដំណើរការ​មុន​ចូលឆ្នាំ​ខ្មែរ​ដោយសារ​យើង​យល់​ដឹង​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ដែល​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ ពួក​គាត់​សម្រុក​ចេញ​ពី​ក្រុង​ច្រើន ច្បាស់​ជា​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍។ អ៊ីចឹង​ការ​បើក​នេះ គឺ​នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍​ជូន​ពួក​គាត់ ហើយ​ចប់​ចូល​ឆ្នាំ​ខ្មែរ​ហ្នឹង ពួក​គាត់​ក៏​សម្រុក​មក​វិញ​ដែរ»។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ជា​រួម ការ​បើក​ឲ្យ​ដំណើរការ​ស្ពាន​នេះ​ឡើង​វិញ គឺជា​ការ​ប្រសើរ ដែល​ចូលរួម​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​អាជ្ញាធរ​ក្រុង ត្រៀម​រៀបចំ​សណ្តាប់​ធ្នាប់​ឲ្យ​បាន​ល្អ នៅ​ជុំវិញ​ស្ពាន​នេះ ជា​ពិសេស​គឺ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ។

លោក ​ម៉េ​ត មាស​ភក្តី បាន​បន្ថែមថា៖ «ជាទូទៅ​មិន​ថា ក្នុង​ពេលណា​នោះទេ គឺ​អាជ្ញាធរ​មាន​តួនាទី​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ជូន​សាធា​រណ​ជន។ ដោយ​ឡែក​ព្រះរាជ​ពិធី​បុណ្យ​នេះ ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅ​តាម​ផ្លូវជាតិ ៦ និង​លេខ ៥ នឹង​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ទៀត ពីព្រោះ​យើង​មាន​ស្ពាន​ដល់​ទៅ ៣ សម្រាប់​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់»។

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A មាន​ប្រវែង ៩៧១ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ ត្រូវ​បាន​សាង​សង់ និង​សម្ពោធ​ឱ្យប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ ១៩៦៣ ក្រោម​ហិរញ្ញ​ប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន។ ក្រោយ​រង​ការ​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ស្ពាន​នេះ​ក៏ត្រូវ​បាន​សាង​សង់​ឡើង​វិញ​នៅ​ឆ្នាំ ១៩៩២ ដោយ​ប្រទេស ​ជប៉ុន៕