កំពង់ចាម/ត្បូងឃ្មុំ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ដែល​ឆ្លង​កាត់​ទន្លេមេគង្គ ចាប់​ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពិសេស​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​មីនា​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ថា៖ «ពេល​យើង​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​នឹង​មាន​ការ​កកស្ទះ (ឆ្លង​ស្រឡាង) យើង​មិន​ចង់​ឱ្យ​គាត់​ប្រើ​ស្រឡាង​ទៀត​ទេ គឺ​ពលរដ្ឋ​អាច​ប្រើ​ស្ពាន​នេះ​បាន​អ៊ីចឹង​សម្តេច​តេជោ​លោក​បាន​ឯកភាព​ថា​ឱ្យ​បើក​ស្ពាន​នេះ​ធ្វើដំណើរ​បណ្តោះអាសន្ន​ចាប់​ពី​ថ្ងៃ​នេះ​តទៅ»។

លោក​ឱ្យ​ដឹង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​នេះ នៅ​ពេល​វេលា​សម​ស្រប​ណា​មួយ។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ដែលត្រូវបានដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​នេះ។ រូបថត រ៉ាហ៊ីម

បើ​តាម​លោក ស៊ុន ចាន់ថុល តាម​គម្រោង​ស្ពាន​នេះ​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ពន្លឿន​ការ​សាងសង់​បាន​បញ្ចប់​មុន​កាល​កំណត់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លង​កាត់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លង​កាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាង​កើត​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ​មាន​ប្រវែង​សរុប ១ ១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​អា​មេ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០១៧៕