
ភ្នំពេញៈ ខណៈពិធីបុណ្យអុំទូកកាន់តែខិតជិតមកដល់ ស្ពាននាគភ្លោះត្រូវបានបើកសម្ពោធនៅកោះពេជ្រកាលពីថ្ងៃចន្ទ ដើម្បីជំនួសស្ពានពេជ្រ ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សជាង៣៥០នាក់ ក្នុងអំឡុងពេលផ្អើលរត់ជាន់គ្នា កាលពីពីរឆ្នាំមុន។
ស្ពាននាគ ភ្លោះថ្មីនេះត្រូវបានសាងសងឡើងកាលពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ ដែលត្រូវចំណាយទឹកប្រាក់ចំនួន២លានដុល្លារអាមេរិកដោយក្រុមហ៊ុន Oversea Cambodian Investment Company (OCIC)។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍នៅថ្ងៃបើកសម្ពោធកាលពីថ្ងៃចន្ទថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសប្បាយរីករាយចំពោះស្ពាននាគភ្លោះ ថ្មីដែលត្រូវបានកសាងឡើងសម្រាប់ការជួយសម្រួលក្នុងការធ្វើដំណើរ ទៅកាន់កោះពេជ្រ។
លោកស្រី បានមានប្រសាសន៍ថា៖ «ស្ពានថ្មីនេះកាន់តែធ្វើឲ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ កម្សាន្តនៅកោះពេជ្រនារដូវបុណ្យអុំទូកដែលនឹងត្រូវរៀបចំនាពេល ខាងមុខនេះ»។
លោកស្រី បានអំពាវនាវឲ្យសាលាក្រុងភ្នំពេញ សមត្ថកិច្ច និងសាធារណជននាំគ្នាថែរក្សាស្ពានថ្មីនេះសម្រាប់ប្រជាពលរដ្ឋ ទាំងអស់គ្នាដើម្បីចៀសវាងការកក់ស្ទះចរាចរណ៍ និងកើតមានឧបទ្ទវហេតុដោយចៃដន្យណាមួយ។
ស្ពានពេជ្រដែលមានមនុស្ស ៣៥០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយការផ្អើលរត់ជាន់គ្នា ត្រូវបានកម្ទេចចោលកាលពីចុងឆ្នាំមុន ហើយស្ពាននាគភ្លោះ ត្រូវបានសាងសង់ជំនួសវិញដែលមានទីតាំងនៅក្បែរស្ពានពេជ្រដែល ត្រូវបានកម្ទេចចោលនោះ។
កាលពីថ្ងៃចន្ទ លោក អភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានមានប្រសាសន៍ថា ស្ពានថ្មីនេះមានប្រវែង១០១ម៉ែត្រ និងទទឹង១២,៧០ម៉ែត្រ ហើយជាស្ពានឯកទិសសម្រាប់ការធ្វើដំណើរចូលមួយ និងចេញមួយ។
លោក កែប ជុតិមា បានបញ្ជាក់ថា៖ «តាមការស្ទង់របស់អ្នកបច្ចេកទេសស្ពានថ្មី [ស្ពាននាគភ្លោះ] អាចប្រើបានរហូតដល់ប្រហែល១០០ឆ្នាំ»។
លោក ម៉ាន់ ឈឿន អតីតអភិបាលរងរាជធានីភ្នំពេញដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ នេះដែរនោះ បានលើកឡើងថា ប្រជាពលរដ្ឋកាន់តែច្រើននឹងមកលេងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ ហើយវានឹងមានរបៀបរៀបរយល្អនៅក្នុងរាជធានី។
លោក មានប្រសាសន៍ថា៖ «វាគ្មានបញ្ហាទៀតទេសម្រាប់អ្នកមកលេង ហើយក៏គ្មានអ្វីដែលត្រូវព្រួយបារម្ភទៀតដែរ ពីព្រោះស្ពាននេះបានកសាងឡើងដោយមានស្តង់ដារល្អ។ វាគឺផ្លូវឯកទិស»។
លោក ទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញមិនអាចទាក់ទងសុំការអត្ថាធិប្បាយ បានទេ។ ចំណែកលោក ហ៊ី ព្រូ ស្នងការរងប៉ូលិសក្រុងភ្នំពេញក៏មិនអាចទាក់ទងដើម្បីសុំការ អត្ថាធិប្បាយបានដែរដោយលោកនិយាយថាជាប់ប្រជុំ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបាននិយាយកាលពីថ្ងៃចន្ទថា សាលាក្រុងបានកំពុងតែរៀបចំផែនការសម្រាប់រាជពិធីបុណ្យអុំទូកខាង មុខនេះ ហើយមិនទាន់បានជួបប្រជុំជាមួយអភិបាលក្រុងនៅឡើយទេ។
លោក បានបញ្ជាក់ថា៖ «ពិធីបុណ្យអុំទូកនឹងរៀបចំនៅក្នុងឆ្នាំនេះ ពីព្រោះយើងមិនមានបញ្ហាដូចកាលពីឆ្នាំមុនឡើយដែលមិនបានរៀបចំ នោះ ហើយរហូតមកដល់ពេលនេះយើងមិនទាន់ឃើញមានការប្រកាសណាមួយពីការលុប គម្រោងចោលឡើយ ដូច្នេះយើងបន្តរៀបចំផែនការ»។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ដោយជឿជាក់ថា ប្រជាពលរដ្ឋនឹងមកលេងឆ្នាំនេះ ពីព្រោះវាគ្មានបញ្ហាអ្វីដែលធ្វើឲ្យពួកគាត់ស្ទាក់ស្ទើរឡើយ។
គួរ រំឭកថា កាលពីឆ្នាំ២០១១កន្លងមករដ្ឋាភិបាល បានប្រកាសផ្អាកប្រារព្ធធើ្វពិធីបុណ្យអុំទូកមួយឆ្នាំបន្ទាប់មានឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រដែលបណ្ដាលឲ្យមនុស្ស ៣៥០នាក់ស្លាប់និងជាច្រើននាក់រងរបួស។ បន្ទាប់ពីមានឧបទ្ទវហេតុរត់ជាន់គ្នាមក មិនមានមន្ត្រីណាម្នាក់ត្រូវបានផ្ដន្ទាទោសនោះទេ ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា «វាជាកំហុសរួមគ្នាដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់នោះ...»៕ CC