ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ពី​ម្សិលមិញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​រយៈពេល​ ៣ ​ឆ្នាំ​ដើម្បី​ «​អភិវឌ្ឍ​អ្នក​មាន​ទេពកោសល្យ និង​អ្នកដឹកនាំ​អាជីវកម្ម​ឌីជីថល​ពេល​អនាគត​» ហើយ​នៅ​តែ​បន្ដ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ចំនួន​ ២០ ​កន្លែង​សម្រាប់​ឆ្នាំ​ ២០១៨ ​នេះ​។

ផ្នែក​មួយ​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​វិនិយោគ​ទឹកប្រាក់​ចំនួន​ ១,៥ លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​ចំនួន ​២ រួមមាន​កម្មវិធី​«​អាហារូបករណ៍ SmartEdu និង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ SmartEdu (USDP)»​។ ការវិនិយោគ​នេះ​គឺ​បាន​មកពី​វិភាគទាន​របស់​ក្រុមហ៊ុន Smart សម្រាប់​មូលនិធិ​កសាង​សមត្ថភាព​ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ (CBRDF)​។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​នៅក្នុង​ពិធី​នេះ​ថា​៖ «​ស្របពេល​ដែល​យើង​កំពុង​បោះ​ជំហាន​ចូល​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់កាល​ទី​ ៤ ដូច្នេះ​ផ្នត់គំនិត និង​ការយល់ដឹង​បែប​ឌីជីថល​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​សង្គម​ដែល​ផ្អែក​លើ​ចំណេះដឹង​»​។

លោក​រដ្ឋមន្ដ្រី​បន្ដ​លើក​ឡើង​ថា​ក្រុមហ៊ុន Smart នៅ​តែ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏រឹងមាំ​ដែល​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ផ្នែក​អប់រំ និង​នវានុវត្តន៍​បច្ចេកវិទ្យា​ផ្សេងៗ ដូចជា​កម្មវិធី​អាហារូបករណ៍ SmartEdu និង SmartStart Young Innovator Program​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ក្របខ័ណ្ឌ​កម្មវិធី​សិក្សា​ដ៏ទូលំ​ទូលាយ​របស់​កម្មវិធី USDP ដែល​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើក​ទឹកចិត្ត​ជំរុញ​ឲ្យ​យុវជន​មាន​ការ​រៀនសូត្រ​ដោយ​អនុវត្ត​ជាក់ស្ដែង​ថែម​ទៀត​»​។

កន្លង​មក​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៣០ នាក់​រួច​ហើយ ដែល​បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​អាហារូបករណ៍ SmartEdu ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០១៦ មក ដោយ​ផ្តោតលើ​សិស្ស​បញ្ចប់​ថ្នាក់​ទី​ ១២ និង​ទទួល​បាន​លទ្ធផល​សិក្សា​ល្អ ហើយ​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​។

នៅ​ឆ្នាំ ២០១៨ នេះ​កម្មវិធី SmartEdu ត្រូវ​បាន​ពង្រឹង​បន្ថែម​តាមរយៈ​ការបញ្ចូល​កម្មវិធី Discovery Day ដែល​ជា​សិក្ខាសាលា​អភិវឌ្ឍន៍​ដែល​មាន​រយៈពេល​កន្លះ​ថ្ងៃ​សម្រាប់​សិស្ស​វិទ្យាល័យ​ និង​កម្មវិធី​ស្វាគមន៍​និស្សិត​ថ្មី (Induction Camp) ​សម្រាប់​និស្សិត​អាហារូបករណ៍​ចំនួន ២០ ​នាក់​ដែល​នឹង​ត្រូវ​ជ្រើសរើស​ក្នុង​ឆ្នាំ​នេះ​។

លោក​ សារ៉ាក់ ខាន់ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ថា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នឹង​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​វិធានការ​ថ្មីៗ​ដើម្បី​អភិវឌ្ឍ អ្នក​មាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​នៅ​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មាន​ក្តីរំភើប​ដែល​មូលនិធិ​កសាង​សមត្ថភាព​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ (CBRD) ត្រូវ​បាន​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ក្រុមហ៊ុន Smart និង​ដៃគូ​របស់​ខ្លួន​ដើម្បី​ពង្រីក​កម្មវិធី SmartEdu ឲ្យ​មាន​វិសាលភាព​គ្របដណ្តប់​លើ​កម្មវិធី​អភិវឌ្ឍន៍​ភាព​ជា​អ្នកដឹកនាំ​ដោយ​ផ្ដោត​លើ​ការសិក្សា​បែប​ឌីជីថល​»​។

ក្នុង​អំឡុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ក្រុមហ៊ុន Smart Axiata ក៏​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី​ «​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ (USDP)» ដែល​យក​លំនាំ​តាម​កម្មវិធី Axiata អ្នក​មាន​ទេពកោសល្យ​វ័យក្មេង (Axiata Young Talent Program) ដ៏​មាន​ជោគជ័យ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។

តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ និស្សិត​ពូកែ​ចំនួន ៤៨ នាក់​នៅ​កម្ពុជា​នឹង​ចូលរួម​ក្នុង​កម្មវិធី​ហ្វឹកហាត់ Bootcamp ដោយ​មាន​ការ​ស្នាក់នៅ​សណ្ឋាគារ​រយៈពេល ១៣ ​ថ្ងៃ​ដែល​ផ្ដល់​ឱកាស​ដល់​និស្សិត​ចូលរួម​នូវ​ការអភិវឌ្ឍ​ផ្នែក​ទ្រឹស្ដី​ពិសោធន៍​ការអភិវឌ្ឍ​បុគ្គល និង​ទំនាក់ទំនង​។

សិក្ខាសាលា​ការ​ធ្វើ​ពិសោធ​អាជីវកម្ម​ក៏​ដូចជា​ការបង្ហាត់​បង្រៀន​ដែល​ផ្តោត​លើ​វិស័យ​ផ្សេង​។ ក្រុម​ដែល​ឈ្នះ​នឹង​​ទទួល​បាន​ជា​ប្រាក់រង្វាន់​ហើយ​សម្រាប់​និស្សិត​ដែល​ធ្វើ​បាន​ល្អ​បំផុត​ចំនួន​ ៥ ​នាក់​នឹង​ទទួល​បាន​ការចុះ​កម្មសិក្សា​រយៈពេល​ ២ ​ខែ​ជាមួយ​ប្រាក់​ឧបត្ថម្ភ​នៅ​ក្រុមហ៊ុន​របស់ Axiata នៅ​ប្រទេស​ម៉ាឡេស៊ី​។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ Smart Axiata បាន​ពន្យល់​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកល​វិទ្យាល័យ (USDP) គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​តាមរយៈ​ការអប់រំ និង​នវានុវត្តន៍​ដោយ​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ថូម៉ាស ថ្លែង​ទៀត​ថា​ការបណ្ដុះ​អ្នក​មាន​ទេពកោសល្យ ទាំង​បុគ្គលិក​ និង​មិនមែន​បុគ្គលិក​របស់​យើង​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ទស្សនវិជ្ជា​អាជីវកម្ម​របស់​ក្រុមហ៊ុន Smart​។

លោក​បន្ត​ថា​៖ «​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ បង្កើត​ឡើង​ដើម្បី​ផ្ដល់​ជំនាញ​សំខាន់ៗ​ផ្នែក​អាជីវកម្ម​ដល់​និស្សិត​កម្ពុជា​ក្នុង​យុគសម័យ​ឌីជីថល​ប្រកប​ដោយ​ការប្រកួតប្រជែង​។ ខ្ញុំ​ជឿ​ថា​កម្មវិធី​នេះ​នឹង​ជួយ​អភិវឌ្ឍ​អ្នកដឹកនាំ​ និង​នាយកប្រតិបត្តិ​ក្នុង​វិស័យ​ឌីជីថល​ទៅ​ថ្ងៃ​អនាគត​»​។

និស្សិត​សាកល​វិទ្យាល័យ​​ទាំងអស់​អាច​ដាក់​ពាក្យសុំ​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ​ឲ្យ​បាន​មុន​ថ្ងៃទី ២២ ខែ​តុលា ឆ្នាំ ២០១៨ ខណៈ​ការដាក់​ពាក្យ​សម្រាប់​កម្មវិធី​អាហារូបករណ៍​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃទី​ ១០ ខែ​តុលា ឆ្នាំ​ ២០១៨៕