មណ្ឌលគិរីៈ សាលាខេត្ត​មណ្ឌលគិរី​បានសម្រេច​ដក​តួនាទី​ស្មៀន​ម្នាក់​នៅ​ឃុំ​សែនមនោរម្យ បន្ទាប់ពី​មាន​ការមិន​ចុះសម្រុង​គ្នា​ក្នុង​ការបំពេញ​ការងារ​ពាក់ព័ន្ធ​នឹង​ការទទួលស្គាល់​ឯកសារ​ទិញ-លក់​ដីធ្លី​រដ្ឋ រវាង​អភិបាលស្រុក​អូររាំង និង​ស្មៀនឃុំ​រូបនេះ​។

លោកស្រី ថ្វាន់ ត្រែល មេឃុំ​សែនមនោរម្យ​មិនបាន​លើក​ទូរស័ព្ទ​ឡើយ​ ខណៈ​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​បដិសេធ​ឆ្លើយបំភ្លឺ​តាម​ទូរស័ព្ទ​ជុំវិញ​ករណីនេះ​ដោយ​ជំរុញ​ឱ្យ​ទៅ​មើល​លិខិត​ឆ្លើយបំភ្លឺ​របស់​សាលាស្រុក​វិញ ជុំវិញ​ការដក​តួនាទី​ស្មៀនឃុំ​នេះ​។

បើ​តាម​លិខិត​ឆ្លើយបំភ្លឺ​របស់​សាលាស្រុក​អូររាំង​ចុះ​ថ្ងៃទី​ ២៥ ការដក​តំណែង​ស្មៀនឃុំ​សែនមនោរម្យ​នេះ​គឺ​ដោយ​ហេតុផល​ចំនួន​ ៣​ ចំណុច​គឺ​ការបម្រើ​សេវា​សាធារណៈ​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ការថ្នាំងថ្នាក់​ចិត្ត និង​មិន​សប្បាយចិត្ត ការធ្វេសប្រហែស​​ធ្វើឲ្យ​បាត់បង់​នូវ​ឯកសារ​គតិយុត្ត​សំខាន់ៗ​របស់​សាលាឃុំ និង​ពុំ​មាន​ភាពស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ​។

សេចក្ដី​បំភ្លឺ​នេះ​បន្តថា ការចុះផ្សាយ​របស់​សារព័ត៌មាន​ជុំវិញ​ការផ្លាស់ប្ដូរ​ស្មៀនឃុំ​សែនមនោរម្យ​នេះ គឺជា​ការចុះផ្សាយ​វាយប្រហារ​មួលបង្កាច់​មេឃុំ និង​សាលាស្រុក​។

សេចក្ដី​បំភ្លឺ​សរសេរ​ថា​៖ «​រាល់​ការចោទប្រកាន់​របស់​សារព័ត៌មាន​បាន​វាយប្រហារ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​បាន​មួលបង្កាច់ និង​បំផ្លើស​លើស​ពី​ការពិត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្ដិយស​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ស្រុក​ទាំងមូល និង​ជា​ការញុះញង់​លាប​ពណ៌ បង្ក​ឱ្យ​មាន​ការរើសអើង​ជា​សាធារណៈ​»​។

ការបំភ្លឺ​នេះ​ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចុះផ្សាយ​ថា លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​ប្រើ​ឈ្មោះ​មន្ត្រី​នៅក្នុង​សាលាស្រុក​ឲ្យ​ឈរ​ឈ្មោះ​ឱ្យ​លោក​ដើម្បី​ធ្វើលិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​។ សារព័ត៌មាន​នោះ​ចុះផ្សាយ​ថា លោក សៀក មុន្នី បាន​តែងតាំង​ស្មៀនឃុំ​ថ្មី​ដែល​ជា​មន្ត្រី​ជំនិត​របស់​ខ្លួន បន្ទាប់ពី​សម្រេច​ដកតំណែង​លោកស្រី ញុំ សុភី ដោយសារ​ខឹងសម្បា​មិន​ព្រម​បោះត្រា​លើ​លិខិត​ស្នើសុំ​កាន់កាប់​ដី​តាម​ការចង់​បាន​របស់​ខ្លួន​។

លោកស្រី ញុំ សុភី ដែលជា​ស្មៀន​ត្រូវបាន​បញ្ឈប់​ពី​តួនាទី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កាលពី​ខែ​មុន​លោកស្រី​ត្រូវ​បាន​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​បង្ខំ​ឱ្យ​លោកស្រី​បោះត្រា​ទទួល​ស្គាល់​លើ​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី និង​លិខិត​ផ្ទេរសិទ្ធិ កាន់កាប់​ដីធ្លី​ចំនួន​ ៥ ​សន្លឹក​ដែល​ដី​ទាំងនោះ​គឺ​សុទ្ធតែ​ជា​ដី​រដ្ឋ​។

លោកស្រី​បន្តថា អ្នក​ឈរ​ឈ្មោះ​នៅក្នុង​លិខិត​ទាំង​ ៥ ​សន្លឹក​នោះ​គឺ​សុទ្ធ​តែមាន​តួនាទី​ជា​មន្ត្រី​រួមទាំង​មន្ត្រី​របស់​សាសាស្រុក​ផងដែរ ហើយ​ចំពោះ​លិខិត​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ​វិញ​គឺ​មាន​តែ​ឈ្មោះ​អ្នក​ផ្ទេរ ប៉ុន្តែ​គ្មាន​ឈ្មោះ​អ្នកទទួល​ឡើយ​។ លោកស្រី​បញ្ជាក់​ថា ខណៈ​ពេលនោះ​លោកស្រី​បាន​តវ៉ា​ដែរ ប៉ុន្តែ​ត្រូវ​លោក សៀក មុន្នី បង្ខំ​រហូត​ធ្វើឱ្យ​លោកស្រី​សម្រេចចិត្ត​​ចុះហត្ថលេខា​ឱ្យ​។

ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏​ស្រាប់​តែមាន​មន្ត្រី​ធ្វើ​ការងារ​នៅ​សាលាស្រុក​ម្នាក់​ទៀត​បាន​ដាក់​លិខិត​ស្នើសុំ​កាន់កាប់​ដី​នៅ​ទីតាំង​ផ្សេងទៀត​ទំហំ​ជាង ២០ ​ហិកតា​ដែល​មាន​ទីតាំង​នៅ​លើ​ដី​រដ្ឋ និង​ខ្លះ​ជា​ដី​ផ្នូរ​កប់​សព​។

ប៉ុន្តែ​លើក​ក្រោយនេះ ​លោកស្រី​បាន​បដិសេធ​មិន​ព្រម​បោះត្រា ដោយសារ​ពិនិត្យ​ឃើញ​ថា លិខិត​នោះ​មិនទាន់​មាន​ការចុះហត្ថលេខា​ទទួលស្គាល់​ពី​មេឃុំ ហើយ​បន្ទាប់មក​លោកស្រី​បានដាក់​លិខិត​ស្នើសុំ​កាន់កាប់​ដី​នោះ​ទៅ​ឱ្យ​សាលាខេត្ត​ពិនិត្យ​ និង​សម្រេច​ជំនួស​វិញ​។

លោកស្រី​បញ្ជាក់ថា​៖ «​លិខិត​ស្នើសុំ និង​លិខិត​សុំ​ផ្ទេរ​កាល​វគ្គ​មុន​ដែល​ខ្ញុំ​សម្រេច​បោះត្រា​ហ្នឹង​គឺ​ដោយសារ​បានឃើញ​មាន​មេឃុំ​ស៊ីញ៉េ​។ អ៊ីចឹង​!​ខ្ញុំ​ក៏​សម្រួល​តាម​មេឃុំ​ហ្នឹង​ទៅ​។ ប៉ុន្តែ​ដើម្បី​ទុក​ជា​ភ័ស្ដុតាង​គឺ​យើង​បាន​ថត​ទុក​ និង​កត់ចូល​ទៅ​ក្នុង​គល់បញ្ជី​សិន​មុន​នឹង​បោះត្រា​ដែរ ហើយ​មុន​នឹង​បោះត្រា​ហ្នឹង​! ខ្ញុំ​ក៏​បាន​ខល​សួរ​លោក​អភិបាលស្រុក​ដែរ ប៉ុន្តែ​គាត់​ប្រាប់​​ខ្ញុំ​វិញ​ថា ឯង​ខល​សួរ​ច្រើន​ម៉េសហ្អា បោះត្រា​ទៅ​»​។

លោកស្រី​បន្តថា​៖ «​ក្រោយមក​ទៀត​ក៏មាន​ឈ្មោះ​អ្នក​ផ្សេង​ទៀត​ (​ស្នើសុំ​កាន់កាប់​ដីធ្លី​) ​ដែរ ប៉ុន្តែ​មិនមែន​ជា​ឈ្មោះ​របស់​អភិបាលស្រុក​ទេ តែ​គេ​ហ្នឹង​ក៏​ជា​អ្នក​ធ្វើការ​ដែរ​ (​នៅ​សាលាស្រុក​)​។ ប៉ុន្តែ​ដី​ហ្នឹង​ (​ជា​ដី​រដ្ឋ​)​ ​គេ​មិន​ឱ្យ​កាន់កាប់​ទេ​។ ដំបូង​ឡើយ​គាត់​ស្នើសុំ​តាមរយៈ​មេឃុំ ប៉ុន្តែ​មេឃុំ​អត់ ស៊ីញ៉េ​។ ២-៣​ ​ថ្ងៃ​មកទៀត ខ្ញុំ​ឃើញ​ឯកសារ​ហ្នឹង​ត្រូវ​ជំទប់​ទី​ ១ ​ស៊ីញ៉េ​ហើយ​យក​មក​ឲ្យ​ខ្ញុំ​បោះត្រា​។ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​អស់ចិត្ត​ក៏​ខល​ទៅ​សួរ​មេឃុំ សួរ​ថា​លោក​ឃុំ​ឱ្យ​ជំទប់​ស៊ីញ៉េ​មែន ប៉ុន្តែ​គាត់​ឆ្លើយថា​អត់​ដឹង​ទេ​។ អ៊ីចឹង​!​ខ្ញុំ​ប្រាប់​គាត់ តើ​គួរ​បោះត្រា ឬ​មិនគួរ ព្រោះ​តាម​ច្បាប់​បើ​មាន​រឿង​គឺ​ជាប់​ទាំងអស់​។ អ៊ីចឹង​! ខ្ញុំ​ខ្លាច ខ្ញុំ​ក៏​ដាក់​លិខិត​ហ្នឹង​ឆ្លង​ទៅ​សាលាខេត្ត​វិញ​»​។

លោកស្រី សុភី អះអាង​ថា​លិខិត​នោះ​ត្រូវ​សាលាខេត្ត​បដិសេធ​មុនពេល​សាលាស្រុក​បាន​ធ្វើ​លិខិត​ទៅ​សាលាខេត្ត​ដើម្បី​ស្នើសុំ​ដកតំណែង​ស្មៀន​របស់​លោកស្រី​កាលពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​។

ប៉ុន្តែ​លោក សុក សេរ៉ា អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការដក​តួនាទី​ស្មៀនឃុំ​សែនមនោរម្យ នេះ​គឺ​ធ្វើ​ឡើង​ដោយសារ​ស្មៀន​រូបនោះ​ប្រព្រឹត្ត​ឱ្យ​មាន​កំហុស ប៉ុន្តែ​លោក​មិន​បញ្ជាក់​ច្បាស់​ថា ជា​កំហុស​អ្វី​នោះឡើយ​។

លោក​បញ្ជាក់​ថា ការលើកឡើង​របស់​ស្មៀន​ថា គាត់​ត្រូវ​បាន​ដកតំណែង​ដោយសារ​បន្ទាប់ពី​មិន​ព្រម​បោះត្រា​លើ​លិខិត​សុំ​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​របស់​​មន្ត្រី​ម្នាក់​នោះ គឺ​វា​ជា​សិទ្ធិ​លើក​ឡើង​របស់​ស្មៀន​រូបនោះ ព្រោះ​ធម្មតា​មនុស្ស​ម្នាក់ៗ​មិន​ដែល​និយាយ​អំពី​ចំណុច​អាក្រក់​របស់​ខ្លួន​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ករណី​ស្មៀនឃុំ ថ្នាក់ដឹកនាំ​ដែល​ដក មិនមែន​មិនមាន​កំហុស​ទេ ហើយ​ក៏​គាត់​មាន​ចំណុច​ត្រូវ​ដែរ​ដែល​គាត់​បាន​និយាយ​ខ្លួនឯង​ថា គាត់​ត្រូវ​ហ្នឹង​។ គាត់​និយាយ​តែ​អាត្រូវ​ទៅ​ប្រាប់​សារព័ត៌មាន ប៉ុន្តែ​មិន​យក​អាចំណុច​ខុស​របស់​គាត់​ទៅ​និយាយ​ទេ​»​។

យ៉ាងណាក្តី ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​សែនមនោរម្យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​មិនដឹង​ច្បាស់​ដែរ​បង ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បានឮ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ពី​ស្មៀន​ហ្នឹង​ដែរ និយាយ​រួមទាំង​មេឃុំ ទាំង​អភិបាលស្រុក គឺ​ដូច​តែ​គ្នា​ទេ មួយរយៈ​នេះ​ផ្អើល​រឿង​ដី​ (​យក​ដី​រដ្ឋ​)​នេះ ប្រជាពលរដ្ឋ​មិនសូវ​សប្បាយចិត្ត​ទេ​»​។

លោក​ អ៊ាង ម៉េងលី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី​យល់ឃើញ​ថា មន្ត្រី​ថ្នាក់លើ​គួរ​បើក​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​ជុំវិញ​ការចោទប្រកាន់​គ្នា​រវាង​មន្ត្រី​ និង​មន្ត្រី​នេះ ហើយ​ចំពោះ​មន្ត្រី​ណា​ដែល​អនុវត្ត​ខុសច្បាប់​ពិតប្រាកដ គឺ​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​ ឬ​ទទួល​វិន័យ​រដ្ឋបាល​ណា​មួយ ដើម្បី​ជា​ការបង្ហាញ​ថា ប្រទេស​ កម្ពុជា​ គឺ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​។

លោក​ថា​៖ «​ការដក​តំណែង​ស្មៀន​នេះ បើ​គោរព​ទៅតាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​វា​គឺជា​រឿង​ល្អប្រសើរ ប៉ុន្តែ​បើ​ការដក​នេះ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ណាមួយ គឺ​អាជ្ញាធរ​ (​ថ្នាក់លើ​) ​គួរតែ​ពិនិត្យមើល​ឱ្យបាន​ច្បាស់​»៕