កណ្តាលៈ ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​វាយ​ក្មេងស្រី​ជា​កូនឈ្នួល​របស់​ខ្លួន​របួស​ពេញ​ខ្លួន​ចំនួន​ ១៣ ​កន្លែង​ត្រូវ​បាន​អយ្យការ​ចោទប្រកាន់​ពី​បទទារុណកម្ម​ និង​អំពើហិង្សា ហើយ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​ពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១១ តុលា នៅ​សង្កាត់-ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

លោក​ ទិន សុចិត្រា ព្រះរាជអាជ្ញារង​ និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ប្រាប់​ពី​ម្សិលមិញ​ថា ស្ត្រី​ឈ្មោះ​ ដាំង រស្មី អាយុ​ ២៧ ​ឆ្នាំ​ ត្រូវ​បាន​ផ្នែក​អយ្យការ​ចោទប្រកាន់​ហើយ​។ ​ស្ត្រី​ត្រូវ​ចោទ​រូបនោះ ត្រូវបាន​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ចុងក្រោយ​។

លោក​ថ្លែងថា​៖ «​ស្ត្រី​រូបនោះ​ត្រូវ​ចោទ​ពី​បទ​ទារុណកម្ម និង អំពើហិង្សា​តាម​ប្បញ្ញត្តិ​មាត្រា​ ២១០ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

បើ​យោង​តាម​មាត្រា​ ២១០ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅលើ​បុគ្គល​ណាមួយ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៧ ​ទៅ​ ១៥ ​ឆ្នាំ​។ ដូច្នេះ​ប្រសិនបើ​តុលាការ​រកឃើញ​ថា ស្ត្រី​ឈ្មោះ​ ដាំង រស្មី ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​តាម​ប្បញ្ញត្តិ​មាត្រា​ដូចខាងលើ​ពិតប្រាកដ​។

លោក​ រស់ សាវិន នាយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រាប់​ពី​ម្សិលមិញ​ថា ស្ត្រី​ឈ្មោះ​ ដាំង រស្មី មុន​នឹង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​គឺ​បាន​ឯកភាព​គ្នា​អស់ហើយ​តាមរយៈ​ការបង្កើត​គណៈកម្មការ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ និង​បាន​ពិនិត្យ​លើ​បញ្ហា​នេះ​យ៉ាង​គ្រប់គ្រាន់​។ ​បន្ទាប់ពី​បាន​ឯកភាព​គ្នា​ហើយ សមត្ថកិច្ច​ក៏បាន​រៀបចំ​ឯកសារ​បញ្ជូន​ទាំង​មនុស្ស​ទាំង​សំណុំរឿង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល​តែម្តង​។

លោក​បញ្ជាក់ថា​៖ «​ករណី​នេះ​មានតែ​បង្ក​របួសស្នាម​ទេ រីឯ​បញ្ហា​បៀតបៀន​ផ្លូវភេទ​គឺ​អត់​ទេ​។ ចំណែក​របួសស្នាម​លើ​ខ្លួន​ជនរងគ្រោះ​នោះ​គឺ​ខាង​ពេទ្យ​លោក​ពិនិត្យមើល​អស់ហើយ​»​។

បញ្ហា​នេះដែរ​លោក​ យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ​ប្រាប់​ពី​ដំណើររឿង​ឱ្យដឹងពី​ម្សិលមិញ​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ដាំង រស្មី រស់នៅក្នុង​ភូមិ​ថ្មី សង្កាត់-ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ឯ​ក្មេង​រងគ្រោះ​ឈ្មោះ​ ផាត សុរីន អាយុ​ ១៧ ​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​អូរអង្គរ ឃុំ​សាគ្រាម ស្រុក​ប្រាសាទ​បាល្ល័ង្ក ខេត្ត​កំពង់ធំ​។

លោក​មិនដឹងថា ក្មេងស្រី​រងគ្រោះ​មាន​ម្តាយ​ឪពុក​រស់នៅ​ជុំគ្នា​ ឬ​យ៉ាងណា​ទេ​។ ប៉ុន្តែ​តាម​សម្តី​ក្មេងរងគ្រោះ​ថា កាលពី​អំឡុង​ដើម​ឆ្នាំ​ ២០២០ ស្ត្រី​ឈ្មោះ​ សុខ ស្រី ដែលជា​មីង​បង្តើត​របស់​ក្មេង​រងគ្រោះ​បាន​នាំ​នាង​មក​ធ្វើការ​ជា​អ្នកបម្រើ​នៅផ្ទះ​របស់​ឈ្មោះ​ ដាំង រស្មី នេះ​។

បើ​តាម​មន្ត្រី​នគរបាល​រូបនេះ​គឺ​ចាប់តាំងពី​ក្មេងរងគ្រោះ​ចូល​បម្រើ​ក្នុង​ផ្ទះ​នោះមក​ម្ចាស់ផ្ទះ​រូបនោះ​តែងតែ​វាយដំ​នាង​រហូត​។ ពេលខ្លះ​យក​វែក​សម្ល វាយ​ក្បាល វាយ​មុខ និង​ពេលខ្លះទៀត​យក​កាំបិត​ប៉័ងតោ វាយ​ក្បាល​រហូត​ដាច់​រលាត់​មុខ​បណ្តាល​ឱ្យ​បែក​ឈាម​ជាច្រើន​លើក​ផង​។ ក្មេងរងគ្រោះ​បាន​ចូល​បម្រើ​ក្នុងផ្ទះ​ស្ត្រី​សង្ស័យ​បាន​ប្រហែល​ ១ ​ឆ្នាំ​មកហើយ​។

លោក​អធិការ​រៀបរាប់​បន្តថា​៖ «​ចាប់តាំងពី​រស់នៅ​ជាមួយ​ស្ត្រី​សង្ស័យ​មក​តែងតែ​វាយដំ​លើ​រាងកាយ​ក្មេងរងគ្រោះ​ជានិច្ច​។ ទោះជា​នៅក្នុង​គ្រួសារ​នោះ​មិនមាន​រឿង​អ្វី​ក៏ដោយ តែ​បើ​ស្ត្រី​សង្ស័យ​មាន​អារម្មណ៍​មួម៉ៅ​ក៏​វាយ​ក្មេងរងគ្រោះ​ដែរ​»​។

បើ​តាម​ការរៀបរាប់​របស់​លោក​ យី វណ្ណដា គឺ​ក្នុងអំឡុង​ពេលដែល​ក្មេងរងគ្រោះ​ជួប​ទុក្ខ​លំបាក​នោះ នាង​មិនដឹងថា ទៅប្តឹង​នរណា​ឱ្យជួយ​បានទេ​។ រហូតដល់​អំឡុង​ថ្ងៃទី​ ៨ ឬ​ទី​ ៩ តុលា ក្មេងរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ម្តាយមីង​របស់​នាង​ប្រាប់​ពី​ទុក្ខ​លំបាក​នេះ​។ បន្ទាប់មក​មីង​របស់​ក្មេងរងគ្រោះ​បាន​មក​ទទួល​នាង ហើយ​នាំគ្នា​ទៅ​ស្ថានីយ​វិទ្យុ ABC​។ នៅពេល​សមត្ថកិច្ច​របស់​លោក​ឮដំណឹង​តាម​វិទ្យុ​មក​លោក​រាយការណ៍​ទៅ​លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​ហើយ​លោក​ស្នងការ​បាន​បញ្ជា​ឱ្យ​លោក​ចុះ​ទៅដល់​ស្ថានីយ​វិទ្យុ​នោះ​ដើម្បី​ចាត់ការ​រឿងនេះ​។

លោកអធិការ យី វណ្ណដា បាន​បញ្ជាក់ថា​៖ «​ខាង​សមត្ថកិច្ច​របស់ខ្ញុំ​មិនទាន់​ទៅ​ចាប់​ស្ត្រីសង្ស័យ​ទេ តែ​ស្ត្រី​សង្ស័យ​ចូល​សារភាព​។ ខ្ញុំ​បាន​ជូនដំណឹង​ទៅ​ព្រះរាជអាជ្ញា​ហើយ​លោក​ក៏​បញ្ជា​ឱ្យ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១១ តុលា​»​។

លោកស្រី​ ញេប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា អំពើហិង្សា​គ្រប់រូបភាព​គឺ​ស្ថិតក្នុង​ច្បាប់​ដែល​ចែង​ពី​សិទ្ធិ​របស់​កុមារ ព្រោះថា​កុមារ​គ្រប់រូប​គឺ​មិនមាន​បញ្ហា​នេះ​ដែល​ពួកគេ​ត្រូវ​ជួបប្រទះ​ទេ​។ កុមារ​ត្រូវតែ​មាន​សិទ្ធិ​គ្រប់គ្រាន់​តាំងពី​ការចាប់​កំណើត​មក​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​មាន​ការអំពាវនាវ​គ្រប់​រូបភាព​មិនមែន ថា​តែ​ការបៀតបៀន​ផ្លូវភេទ អំពើហិង្សា​អី​ទេ គឺ​យើង​តែងមាន​ការផ្សព្វផ្សាយ​ឱ្យ​ចូលរួម​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​»៕