ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងកាលពីម្សិលមិញថា មានភ័ស្តុតាងជាច្រើនដែលបង្ហាញថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងព្រមទាំងសមាជិកបក្សដទៃទៀតមានស្រីកំណាន់និងកូនអត់ខាន់ស្លាជាច្រើននាក់ ហើយបញ្ជាក់ថា លោកបានធ្វើអន្តរាគមន៍បន្ទាប់ពីនគរបាលបានរកឃើញម្នាក់ព្យាយាមទិញពេស្យាចារកុមារមិនគ្រប់អាយុ កាលពីឆ្នាំ ២០១១។
ការចោទប្រកាន់អំពីរឿងនេះធ្វើឡើងក្នុងសុន្ទរកថាលោកនាយករដ្ឋមន្រ្តីក្នុងពិធីសម្ពោធអគារថ្មីរបស់គណៈកម្មាធិការជាតិអូឡាំពិកហើយសឹងតែស្របពេលនឹងសន្និសីទកាសែតដែលធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ដែលស្រីកំណាន់និងម្តាយកំពុងសម្រាកព្យាបាល បន្ទាប់ពីពួកគេអះអាងថា ត្រូវបានវាយដំដោយអង្គរក្សរបស់លោក កឹម សុខា។
ជិតមួយសប្តាហ៍មកហើយ ពាក្យចចាមអារ៉ាមអំពីស្រីកំណាន់បានផ្សព្វផ្សាយទូទៅតាមហ្វេសប៊ុក និងកាសែតក្នុងស្រុក។
កាលពីម្សិលមិញ លោក ហ៊ុន សែន បានអំពាវនាវឲ្យលោក កឹម សុខា ជួបជាមួយនឹងស្រ្តីនោះ ហើយដោះស្រាយស្ថានការណ៍ដោយមិត្តភាព។ ប៉ុន្តែលោកក៏បានគំរាមចេញផ្សាយព័ត៌មាន ប្រសិនបើលោក កឹម សុខា បដិសេធមិនពាក់ព័ន្ធនោះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប្រសិនបើលោក [កឹម សុខា]ពិតជាខ្លាំងលោកត្រូវដាក់ពាក្យបណ្តឹងប្រឆាំងស្រ្តីនោះទៅតុលាការ ដើម្បីការពារកិត្តិយសរបស់លោក ប៉ុន្តែ បើលោកមិនដាក់ពាក្យប្តឹងទេមានន័យថា លោកពិតជាមានស្នេហាជាមួយនាង។ ខ្ញុំជឿថា តុលាការនឹងរកយុតិ្តធម៌ឲ្យលោក បើលោកដាក់ពាក្យបណ្តឹង»។
ទប់ស្កាត់ការវាយបកដែលថា រឿងនេះរៀបចំឡើងដោយគណបក្សប្រជាជនលោក ហ៊ុន សែន ទទូចថា គណបក្សលោកមិនប្រើកលល្បិចនោះទេ ហើយគំរាមប្តឹង ប្រសិនបើនៅតែចោទប្រកាន់ថា លោកបានប្រើល្បិចបែបនេះ។
បន្ទាប់មកលោក ហ៊ុន សែន បានលម្អិតស្ថានការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលស្រ្តីឈ្មោះ កែវ សុផាន់ណារី បានបង្ហាញខ្លួននៅព្រឹតិ្តការណ៍ជាច្រើនរបស់គណបក្សសង្គ្រោះជាតិទាមទារប្រាក់១ម៉ឺនដុល្លារពីលោក កឹម សុខា សម្រាប់វះកាត់បេះដូងនិងថែទាំកូនពីរនាក់ដែលនាងអះអាងថា យកមកចិញ្ចឹមជាមួយលោក កឹម សុខា។
លោក ហ៊ុន សែន ថ្លែងថា៖ «ប្រសិនបើលោកពិតជាមាសសុទ្ធ [លោកនឹងជួបនាង] ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែលោករត់ចេញតាមទ្វារក្រោយ»។
អ្នកស្រី សុផាន់ណារី អាយុ ៤១ឆ្នាំ កាលពីម្សិលមិញបានហៅអ្នកព័ត៌មានទៅជួបអ្នកស្រីនិងម្តាយនៅមន្ទីរពេទ្យកាល់ម៉ែត ដែលអ្នកស្រីនិយាយថា ពួកគេត្រូវបានបញ្ជូនមកព្យាបាល បន្ទាប់ពីរងការវាយប្រហារពីអង្គរក្សរបស់លោក កឹម សុខា កាលពីម្សិលមិញនៅព្រៃវែង។
អ្នកស្រី សុផាន់ណារី បានបន្តថា៖«ម្តាយខ្ញុំដើរទៅចាប់ដៃគាត់ ...ហើយប្រាប់ថា យើងឃ្លានណាស់និងសុំអាហារ។ ភ្លាមៗនោះគាត់បានទាញដៃគាត់ចេញ ឯអង្គរក្សពីរនាក់បានប្រញាប់ចូលមកហើយទាត់ម្តាយខ្ញុំចំទ្រូង និងពោះហើយវាយខ្លួនប្រាណគាត់ជាច្រើនផងធ្វើឲ្យចេញឈាមតាមមាត់»។ អ្នកស្រីថា គាត់ក៏រងរបួសតិចតួចដែរ។

ស្រ្តីទាំងពីរពុំបង្ហាញឲ្យឃើញស្នាមរបួសច្បាស់ទេ ហើយវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបានបដិសេធមិនប្រាប់អ្នកព័ត៌មាន អំពីស្ថានភាពពួកគេទេ។
យោងតាមអ្នកស្រី សុផាន់ណារី ឲ្យដឹងថា លោក កឹម សុខា មើលឃើញអង្គរក្សវាយម្តាយអ្នកស្រី ប៉ុន្តែ គាត់បានដើរចេញទៅនិយាយជាមួយនឹងអ្នកគាំទ្រដែលអ្នកស្រីថា ជាអ្នកឡោមព័ទ្ធហើយស្រែកចំអកចំអេសចំអាសឲ្យគាត់។
អ្នកស្រីឲ្យដឹងថា៖«ខ្ញុំឈឺចាប់យ៉ាងខ្លាំងពេលគាត់ធ្វើពុតមិនយកចិត្តទុកដាក់នឹងយើងជាពិសេស ខ្ញុំជាប្រពន្ធទី២ របស់គាត់ជាង១៩ ឆ្នាំមកហើយ។ យើងគ្រាន់តែសុំគាត់ឲ្យទទួលស្គាល់ការពិត ហើយសុំប្រាក់ខ្លះដើម្បីព្យាបាលជំងឺរបស់ខ្ញុំ។ ខ្ញុំនឹងប្តឹងគាត់និងអង្គរក្សពីរនាក់ទៅតុលាការ ក្នុងពេលឆាប់ៗ ពីបទបង្កអំពើហិង្សាមកលើស្រ្តី»។
ចំពោះអ្នកស្រី សុផាន់ណារី វិញថ្លែងថា ទុក្ខវេទនារបស់គាត់ផ្តើមឡើងពីប៉ុន្មានខែមុន បន្ទាប់ពីគាត់មានរបួសដៃហើយបានសុំប្រាក់៥០ដុល្លារអាមេរិកតែគាត់(កឹម សុខា)បានបដិសេធ ជាហេតុធ្វើឲ្យគាត់ដាក់ពាក្យប្តឹងទៅតុលាការទាមទារសំណង។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីម្សិលមិញជាង២ម៉ោង រឿងរ៉ាវរបស់នាងហាក់ដូចជាមានចន្លោះប្រហោងច្រើន។ ម្តងនោះអ្នកស្រីអះអាងថា បញ្ហាដៃគឺជាមូលហេតុសុំប្រាក់ពីលោក កឹម សុខា ក្នុងខែកុម្ភៈ ប៉ុន្តែតមកគាត់ថា គាត់មិនបង្ករបួសដៃទេ រហូតដល់ជិតចូលឆ្នាំខ្មែរ។
លោក ហេង បុប្ផា ក្រឡាបញ្ជីសាលាដំបូងភ្នំពេញ បានថ្លែងថា លោកមិនដឹងពីការដាក់ពាក្យប្តឹងរបស់អ្នកស្រី សុផាន់ណារីទេ។
ការហៅទូរស័ព្ទជាច្រើនលើកទៅ លោក កឹម សុខា ពុំទទួលបានការឆ្លើយតបឡើយកាលពីម្សិលមិញ ប៉ុន្តែអ្នកនាំពាក្យគណបក្សបានទទូចថា រឿងរ៉ាវនេះគឺជាការប្រឌិតហើយការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន គ្រាន់តែជាសកម្មភាពអ្នកនយោបាយដែលភ័យខ្លាចប៉ុណ្ណោះ។
កញ្ញា កឹម មូណូវិត្យា អគ្គលេខាធិការរងគណបក្សសង្គ្រោះជាតិជាកូនស្រី លោក កឹម សុខា បានថ្លែងថា អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមព្រឹត្តិការណ៍នៅខេត្តព្រៃវែង ហើយពុំឃើញកើតមានអំពើហិង្សាឡើយ។
កញ្ញាបន្តថា៖ «ខ្ញុំគិតថា អ្វីដែលស្ត្រីនោះកំពុងនិយាយគឺមិនត្រឹមត្រូវ ហើយដើម្បីបង្កចលាចលដល់លោក កឹម សុខា និងអង្គរក្ស»។ គណបក្សពុំមានបំណងដាក់ពាក្យប្តឹងស្រីនោះទេ បើទោះមានសំណើពីលោកនាយករដ្ឋមន្រ្តីឲ្យប្តឹងក៏ដោយ។ កញ្ញាថ្លែងថា៖ «យើងមិនដឹងអំពីប្រវតិ្ត ហើយយើងគិតថា ស្រីនោះត្រូវគេជួលដើម្បីបង្កការរំខាន»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានជំរុញគណបក្សប្រជាជនកម្ពុជាឲ្យផ្តោតយកចិត្តទុកដាក់លើប្រជាជនកុំបង្ខូចដៃគូប្រជែងនយោបាយរបស់ខ្លួន។
លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាឥឡូវនេះ កំពុងប្រឈមការជាប់គាំង ដោយសារតែគណបក្សសង្គ្រោះជាតិ»៕