តាកែវៈ រដ្ឋបាល​ស្រុក​គិរីវង់​បាន​បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​ស្វែង​រកមុខ​សញ្ញា​ចូល​ទន្ទ្រាន​ដី​រដ្ឋ​ជាច្រើន​ហិកតា​នៅ​ជើងភ្នំ​ជ្រោះ​ច័ន្ទ ភ្នំ​តាងិល និង​ភ្នំ​គោកព្រេច ដែល​ស្ថិតក្នុង​ឃុំ​ចំនួន​ ៣ គឺ​ឃុំ​រាមអណ្តើក ឃុំ​កំពែង និង​ឃុំ​គោកព្រេច នៃ​ស្រុក​គិរីវង់ បន្ទាប់ពី​មានការ​បង្គាប់​ពី​រដ្ឋបាល​ខេត្តតាកែវ ដើម្បី​អនុវត្ត​ទៅតាម​​នីតិវិធី​ច្បាប់​។

លោក មាស អ៊ុយ នាយក​រដ្ឋបាល​ខេត្តតាកែវ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា រដ្ឋបាលខេត្ត​មិន​ទាន់​បានទទួល​ព័ត៌មាន​ពី​ទំហំ​ដី​ប៉ុន្មាន​ហិកតា ដែល​ត្រូវបាន​ទន្ទ្រាន​នោះទេ ប៉ុន្តែ​លោក​បានឱ្យ​រដ្ឋបាល​ស្រុក​គិរីវង់ បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​។

លោក​បានទទួល​ស្គាល់​ចំពោះ​ករណី​ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅក្នុង​ឃុំ​ទាំងនេះ ពី​សំណាក់​ពលរដ្ឋ​មួយចំនួន ប៉ុន្តែ​មិនទាន់​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីខេត្ត ឬមួយ​​យ៉ាងណាទេ​។

លោក​បន្តថា​៖ «​កាលពី​មុន​គឺ​មាន​ការពាក់ព័ន្ធ​នឹង​មន្ត្រី​ស្រុក​គិរីវង់​ដែលមាន​ការទន្ទ្រាន​ដី​នៅក្នុង​ឃុំ​រាម​អណ្តើក​ ប៉ុន្តែ​​រដ្ឋបាលខេត្ត​បាន​ដោះស្រាយ​រួចហើយ​ដោយបាន​បញ្ឈប់​គាត់​ពី​តួនាទី​។ នៅពេលនេះ បើ​យើង​ពិនិត្យ​ទៅ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី ហើយ​លក្ខណៈ​ធ្ងន់ធ្ងរ យើង​នឹង​បញ្ជូនទៅ​តុលាការ តែបើ​ស្ថិត​ក្នុង​ស្ថានភាព​តិចតួច យើង​នឹងធ្វើ​លិខិត​ព្រមាន​ ឬ​ក៏​ដក​ចេញពី​ការងារ​»​។

លោក ស៊ុត ខុន អភិបាលស្រុក​គិរីវង់​បានឱ្យដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ​គណៈកម្មការ​នេះ​បាន​បង្កើត​រួចហើយ កាលពី​ដើម​ខែមីនា​នេះ និង​បាន​ធ្វើការ​មួយ​ជំហាន​រួចហើយ​ដែរ នៅ​ឃុំ​រាមអណ្តើក និង​ឃុំ​គោកព្រេច បន្ទាប់ពី​ទទួល​ការ​ប្រាប់​ពី​រដ្ឋបាលខេត្ត ឱ្យ​ចុះ​ស្រាវជ្រាវ​រកមុខ​អ្នក​នៅ​ពីក្រោយ​ការទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ទាំងនេះ​។

លោក​ ស៊ុត ខុន បាន​បន្តថា បច្ចុប្បន្ននេះ​រដ្ឋបាល​ស្រុក​បាន​សហការ​ជាមួយ​នឹង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពុង​ចុះ​វាស់វែង​ធ្វើ​និយាម​ការក្បាលដី​ឱ្យ​បាន​ច្បាស់ តែ​រហូត​មកទល់​ពេល​នេះ មិនទាន់​បានកំណត់​ពី​ចំនួន​ក្បាលដី ដែល​ត្រូវបាន​ទន្ទ្រាន​នោះទេ​។ នៅពេល​ក្រុមការងារ​ចុះ​វាស់វែង​ដំបូង​នេះ​លោក​ក៏បាន​កំណត់​មុខសញ្ញា​អ្នក​នៅ​ពីក្រោយ​ការទន្ទ្រាន​ដីព្រៃ​នេះ​បាន​ខ្លះៗ​ហើយ​ដែរ ប៉ុន្តែ​លោក​បាន​ស្នើសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បុគ្គល​នោះទេ ដោយ​ទុកឱ្យ​គណៈកម្មការ​ធ្វើ​កិច្ចការ​ឱ្យ​ចប់​សិន​។

លោក​អភិបាលស្រុក​បាន​បន្ដថា​៖ ​កន្លែង​ហ្នឹង​ខ្ញុំ​សុំ​មិន​ប្រាប់​សិន​នៅពេល​ដែល​យើងខ្ញុំ​ធ្វើ​កិច្ចការ​ហ្នឹងហើយ ខ្ញុំ​នឹង​ផ្តល់​របាយការណ៍​ជូនជ្រាប ហើយ​នៅ​​ពេលដែល​កំណត់​មុខសញ្ញា​បាន​ច្បាស់លាស់​នឹង​បញ្ជូន​របាយការណ៍​ទៅ​រដ្ឋបាល​ខេត្ត​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​»​។

បើតាម លោក ស៊ុត ខុន រដ្ឋបាលខេត្ត​តាកែវ​បានកំណត់​ពេល​ពី​ ៧ ​ថ្ងៃ ទៅ​ ១០ ​ថ្ងៃ ដើម្បី​ចុះ​វាស់វែង និង​ធ្វើ​និយាម​ការក្បាល​ដី​ដែល​ត្រូវបាន​ទន្ទ្រាន​នៅក្នុង​ឃុំ​ទាំង​ ៣ ​នេះ​ឱ្យបាន​ចប់សព្វគ្រប់ ប៉ុន្តែ​លោក​ថា បើ​រដ្ឋបាល​ស្រុក​ធ្វើ​មិនទាន់​ចប់​ទេ​នឹង​ស្នើសុំ​ទៅ​រដ្ឋបាលខេត្ត​បន្ថែម​ថ្ងៃ​ទៀត​។

លោក ឈិត ប៉ន មេឃុំ​គោក​ព្រេច​​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា ក្នុង​ឃុំ​របស់លោក​ក៏មាន​ពលរដ្ឋ​មួយចំនួន​​បាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ប្រមាណ​ជា​ ២ ​ឬ​ ៣ ​ហិកតា​ នៅ​ភ្នំ​គោក​ព្រេច​ដែរ ប៉ុន្តែ​ត្រូវបាន​គេ​លក់​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​វិនិយោគ​លើ​ការដាំ​ដំណាំ​ស្វាយ​ (​មិន​ស្គាល់ឈ្មោះ​) ​តែ​លោក​មិនបាន​ចុះហត្ថលេខា​ដឹងឮ​ទេ​។ ជាមួយ​គ្នា​នេះ​លោក​ក៏​មិនទាន់​ដឹងថា​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីខេត្ត​នោះដែរ ព្រោះ​ការទិញ​លក់​នោះ​ត្រូវបាន​ធ្វើឡើង​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​។

យ៉ាងណាក្ដី​លោក ឈិន ប៉ន បាន​អះអាង​ថា នៅក្នុង​ឃុំ​របស់​លោក​មាន​ការចូល​ទន្ទ្រាន​ដី​រដ្ឋ​តិចតួច​ប៉ុណ្ណោះ វា​មិនមាន​ទំហំ​ធំ​ដូច​នៅ​ឃុំ​រាម​អណ្តើក និង​ឃុំ​កំពែង​ដែល​ស្ថិតនៅ​ភ្នំ​ជ្រោះ​ច័ន្ទ និង​ភ្នំ​តាងិល​ជាប់​នឹង​ភ្នំ​គោក​ព្រេច​នោះទេ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​មាន​បញ្ហា​នេះ រដ្ឋបាល​ស្រុក​បាន​បង្កើត​គណៈកម្មការរួម​ជាមួយ​ឃុំ និង​ភូមិ​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​លើ​បុគ្គល​ណា​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​នេះ​។ ឃុំ​ខ្ញុំ​មាន​តិច​ទេ ឃុំ​កំពែង និង​ឃុំ​រាមអណ្តើក​មាន​ច្រើន​»​។

លោក​ យន់ ផល្លី មន្ត្រី​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តកំពត កែប និង​តាកែវ​បាន​ឱ្យ​ដឹងថា ករណី​ទន្ទ្រាន​រាន​យក​ដី​រដ្ឋ​នៅក្នុង​ឃុំ​ទាំងនេះ​មិន​ថា​ពលរដ្ឋ​ធម្មតា​ ឬ​អ្នកមាន​អំណាច​នោះ​ទេ អាជ្ញាធរ​ត្រូវតែ​ស្រាវជ្រាវ​ស្វែង​រកមុខ​អ្នក​ដែល​ប្រព្រឹត្ត​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ដំណាក់កាល​នេះ​មិនត្រូវ​ឱ្យមាន​បុគ្គល​ណាមួយ​ធ្វើការ​ទន្ទ្រាន​ដី​រដ្ឋ​យក​ទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បានទេ អាជ្ញារ​គួរតែ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​»៕