រតនគិរីៈ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តរតនគិរីបានអះអាងកាលពីម្សិលមិញថា ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងស្រុកប្រតិបត្តិចំនួន ៣ រួមមាន ស្រុកវើនសៃ បកែវ និងក្រុងបានលុង ខណៈដែលរយៈពេល ២ សប្ដាហ៍នៃការផ្ទុះឡើងជំងឺនេះ មានកុមារីម្នាក់ក្នុងចំណោមអ្នកកើតជំងឺ គ្រុនឈាមជាង ១០០ នាក់ នៅទូទាំងខេត្តនេះបានស្លាប់។
លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតមកត្រឹមថ្ងៃទី ៤ មិថុនា ២០១៩ នេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងចំនួន ១១១ ករណី និងបានសម្លាប់កុមារីអាយុ ១២ ឆ្នាំម្នាក់ នៅភូមិក្រឡាញ់ញ៉ៃ ឃុំ-ស្រុកវើនសៃ។
លោកបានបញ្ជាក់ថា៖ «ការស្លាប់របស់កុមារីនោះគឺបណ្ដាលមកពីឪពុកម្ដាយរបស់នាងព្យាយាមទិញថ្នាំសង្កូវពីឱសថស្ថានរងឯកជនមួយនៅក្នុងភូមិយកទៅឲ្យនាងលេបដោយគិតថាជាជំងឺក្ដៅខ្លួនធម្មតា។ លុះដល់នាងមានអាការធ្ងន់ធ្ងរទើបឪពុកម្ដាយបញ្ជូននាងទៅមណ្ឌលសុខភាពវរជ័យក្នុងស្រុកវើនសៃដើម្បីព្យាបាលតែវាហួសពេលទៅហើយ។ នាងបានស្លាប់ក្រោយសម្រាកព្យាបាលនៅទីនោះបានប្រមាណជា ២-៣ ម៉ោង ប៉ុណ្ណោះ»។
លោក រតនា បានឲ្យដឹងថា តួលេខនៃការផ្ទុះឡើងជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ សម្រាប់ខេត្តរតនគិរីបានកើនឡើងប្រមាណជិត៣ដង បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលមានអ្នកកើតជំងឺគ្រុនឈាមត្រឹមតែ ៣៨ នាក់ប៉ុណ្ណោះ។ ការកើនឡើងនេះ ដោយសារតែឆ្នាំ ២០១៩ នេះ គឺជាខួបនៃវដ្ដរបស់ជំងឺគ្រុនឈាម ដែលតែងកើតឡើងច្រើនក្នុងរយៈពេល ៤ ឆ្នាំម្ដង។
លោកបានបន្តថា ទោះជាបែបណាក្ដី នៅខណៈនេះក្រុមមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពុងរួមសហការជាមួយមន្ត្រីសុខាភិបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន បើកយុទ្ធនាការចុះផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺគ្រុនឈាមនេះដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្នុងនោះបានធ្វើការបាញ់ថ្នាំសម្លាប់មូសខ្លា និងសម្អាតបរិស្ថាន ដោយលុបបំបាត់ទីជម្រកពងកូនរបស់សត្វមូសខ្លានៅតាមសហគមន៍មូលដ្ឋានផងដែរ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០១៩ នេះ មានអ្នកកើតជំងឺគ្រុនឈាមជិត ៨,០០០ នាក់ នៅទូទាំងប្រទេស។
លោកបានបញ្ជាក់ថា៖ «ការពិតទៅក្រសួងសុខាភិបាលបានព្យាករដឹងមុនជាស្រេចហើយថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងខ្លាំងនៅរៀងរាល់ ៤ ឆ្នាំម្តង ឬ ៥ ឆ្នាំម្តង ហេតុនេះឆ្នាំ ២០១៩ នេះគឺជាឆ្នាំវដ្ដនៃការផ្ទុះជំងឺគ្រុនឈាមនោះឯង។ ទោះបីជាស្ថានភាពជំងឺគ្រុនឈាមមានសភាពខ្លាំងក្លាយ៉ាងណាក្តីក៏មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ គឺស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាននៅឡើយ»។
បើតាមលោក រ៉េកុល ជំងឺគ្រុនឈាម ជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ដែលបង្កឡើងដោយមូសខ្លាញីខាំបឺតឈាមអ្នកដែលមានវីរុសគ្រុនឈាមចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ មូសខ្លា កកើតកូនចៅនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយហើរក្នុងចម្ងាយមិនលើសពី ១៥០ ម៉ែត្រពីជម្រកកកើតមូសឡើយ។ ២-៣ ថ្ងៃក្រោយពីមូសខ្លាញីខាំ អ្នកជំងឺមានអាការក្តៅខ្លួនក្នុងកម្រិតពី ៣៩ ទៅ ៤០ អង្សាសេអមដោយរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែកឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ក្នុងករណីមានចេញរោគសញ្ញាទាំងនេះហាមដាច់ខាតការប្រើថ្នាំបញ្ចុះកម្ដៅហើយត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕