សៀមរាបៈ​ ភូមិ​ចំនួន​ ១១​ ក្នុង​ចំណោម​ ៣៦ ​ភូមិ​ នៃ​ស្រុក​បន្ទាយ​ស្រី​ត្រូវ​បាន​បំពាក់​អំពូល​សូឡា​ប្រមាណ ​៣​ ពាន់​អំពូល​​រួច​រាល់​ហើយ ដែល​ការងា​រនេះ​ជា​ការ​អ​នុវ​ត្តតាម​រយៈ​យុទ្ធនា​ការ ​​«ផ្ទះ ​១ ​អំពូល ​១​» ​ដោយ​បាន​ចាប់​ផ្ដើម​ពីខែធ្នូ​ ឆ្នាំ​មុន​ ខណៈ​លោក​ ឃឹម ​ហ្វី​ណង់​ អភិ​បាល​ស្រុក​នេះ​ ប្ដេជ្ញា​បំពាក់​អំពូល​ឱ្យបាន​គ្រប់​ភូមិ​នៅត្រឹម​ឆ្នាំ​ ២០២១ ​ស្មើនឹង​ប្រមា​ណ ១​ ម៉ឺន​ខ្នង​ផ្ទះ​ ​។

លោក​ ឃឹម​ ហ្វីណង់ ​ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ កាល​ពីថ្ងៃ​ទី ៣ ​វិច្ឆិកា​ ថា ​ពិត​មែន​តែ​អំពូល​សូឡា ​មិន​អាច​ភ្លឺ​ស្មើ​នឹង​ភ្លើង​បំភ្លឺ​សាធារណៈ ​តែ​សម្រាប់​ ស្រុក​ ភូមិ​នៅ​ទី​ជន​បទ​ ពន្លឺ​តូចៗ​ដែល​លេច​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​តាម​មុខ​ផ្ទះ​នី​មួយៗ​ក្រោយ​ពេល​ព្រះ​អាទិត្យ​អស្តង្គត ​បាន​ប្រែ​ក្លាយ​ទី​ដែល​ធ្លាប់​តែង​ងឹត​សូន្យ​ឈឹង​នា​ពេល​រាត្រី​ ឱ្យ​ទៅ​ជា​ភូមិ​ឋាន​មួយ​ដែល​មាន​ពន្លឺ​ពេញ​មួយ​យប់​ទល់​ភ្លឺ​បាន​។

លោក​អភិ​បាល​ស្រុក​ថ្លែង​ថា​៖ «​ប្រយោជន៍​សំខាន់​នៃ​ពន្លឺ​ទាំង​នេះ ​មិន​បាន​ផ្តោត​ទៅ​លើ​សោភណ​ភាព​នោះ​ទេ​ បើ​ទោះ​ជា​វា​ពិត​ជា​​បាន​បង្កើត​ភាព​ទាក់​ទាញ​ថ្មី​​ក៏ដោយ​។ ​ភាព​ប្រសើរ​ឡើង​នៃ​សុវត្ថិ​ភាព​នៅ​ក្នុង​ភូមិ​ និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នា​ពេល​យប់​ទើប​ជា​គោល​ដៅ​ពិត​ប្រាកដ​នៃ​យុទ្ធ​នា​ការ​នេះ​»។

លោក​ ហ្វីណង់​ បាន​ឲ្យ​ដឹង​ថា​៖ «​អ្នក​ភូមិ​មុន​ៗ​ធ្លាប់​បាន​ប្រៀប​ធៀប​ប្រាប់​ខ្ញុំ​ពីបទ​ពិសោធ​ «មុន​និង​ក្រោយ»​ ពេល​មាន​យុទ្ធ​នាការ​ «ផ្ទះ​ ១ អំពូល ​១​» ថា ​ឥឡូវ​នេះ​ដើរ​ក្នុង​ភូមិ​ ឆ្កែ​មិន​សូវ​ព្រុស​ លែង​មាន​ចោរ​លួច​មាន់​លួច​ទា ​ហើយ​ក្មេងៗ​តូចៗ​ដើរ​មក​ពី​សាលា​នៅ​ពេល​យប់​ក៏​មិន​សូវ​ពិបាក​ដូច​ពី​មុន​ដែរ ​ព្រោះ​ទៅ​ទីណា​ក៏ភ្លឺ​គ្រប់​ផ្ទះ​»។

បើ​តាម​លោក ហ្វីណង់​ ​រហូត​មក​ទល់​បច្ចុប្បន្ន​ អំពូលសូឡា​ប្រមាណ ​៣ ០០០ ​អំពូល ត្រូវ​បាន​បំពាក់​រួចរាល់​ក្នុង​ ភូមិ​ចំ​នួន​ ១១ នៃ​ស្រុក​​បន្ទាយ​ស្រី។ ​អំពូល​ទាំង​អស់​នេះ​បាន​មក​ពីការ​ចូល​រួម​ឧបត្ថម្ភ​ និងថ​វិកា​រៃ​អង្គាស​ពី​សប្បុរស​ជន​ទាំង​ស្រុង​។ ប៉ុន្ដែ​​ក៏​មាន​ការ​ចូល​រួម​បដិ​ភាគ​ថ្លៃ​ដង​អំពូល​ពី​ប្រជា​ពល​រដ្ឋ​ដែរ​។

លោក​អភិបាល​ស្រុក​បាន​បញ្ជាក់​ថា​៖ «​នៅ​សល់​ភូមិ​ចំនួន ២៥ ទៀត​ ដែល​យុទ្ធ​នា​ការ​នេះ​មិន​ទាន់​បា​ន​ទៅ​​ដល់​​។ ប៉ុន្ដែ​ទោះ​យ៉ាង​ណា​ យើង​នឹង​ព្យា​យាម​បញ្ចប់​យុទ្ធ​នាការ​នេះ​ឱ្យ​បាន​នៅ​ឆ្នាំ​ ២០២១​»។

លោក​ ឃឹម ហ្វីណង់ ​បាន​ឲ្យ​ដឹង​ថា​ ល្បឿន​នៃ​ការ​អនុ​វត្ត​យុទ្ធ​នាការ​នេះ ​យឺត​ជាង​ផែន​ការ​គ្រោង​ទុក ​ដោយ​ហេតុ​តែ​រដ្ឋ​បាល​ស្រុក​បាន​លុប​ចោល​គម្រោង​រៀប​ចំ​បុណ្យ​ផ្កា​ទ្រង់​ទ្រាយ​ធំ​មួយ​ ព្រោះ​តែ​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩​ និង​ដើម្បី​ចៀស​វាង​ការ​រៃ​អង្គាស​​ថវិកា​ពី​សប្បុរស​ជន ក្នុង​កាលៈ​ទេសៈ​មិន​អំណោយ​ផល​នៃ​ការ​មាន​ផល​ប៉ះ​ពាល់​ខាង​ផ្នែក​សេដ្ឋ​កិច្ច​។

លោក​បន្ថែម​ថា​ ទោះ​ជា​យ៉ាង​ណា​រដ្ឋ​បាល​ស្រុក​ក៏​នៅ​បន្ត​ទទួល​បាន​ការ​ចូល​រួម​ឧបត្ថម្ភ​ដោយ​ស្ម័គ្រ​ចិត្ត​ជា​បន្ត​បន្ទាប់ ដែល​អាចឱ្យ​គម្រោង​​នេះ​នៅ​តែ​បន្ត​និរន្ត​រភាព​របស់​ខ្លួន​ជាប់​ជានិច្ច​។ ​លោក​ថា​៖ «​សុខ​ចិត្ត​យឺត​បន្តិច​​តែ​មិន​បោះ​បង់​ហើយ​​ក្នុង​នាម​អភិបាល​ស្រុក ​ខ្ញុំ​ប្តេជ្ញា​នឹង​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​​រហូត​ដល់​បំពាក់​បាន​គ្រប់​ផ្ទះ​ទាំង​អស់​នៅ​ក្នុង​ស្រុក​បន្ទាយ​​ស្រី​​​»។

លោក ឡឹក វន់  មេភូមិ​ព្រះដា​ក់​ដែល​ជាភូមិ​ ១ ​នៃ​ស្រុក​បន្ទាយ​ស្រី​ដែល​បាន​អនុវត្ដ​យុទ្ធ​នាកា​រ​នេះ​មុន​គេ​បាន​ឲ្យដឹង​កាល​ពី​ថ្ងៃទី​ ៣ វិច្ឆិ​កា​ ដែរ​​ថា ក្នុង​ភូមិ​ព្រះ​ដាក់​មាន​ផ្ទះ​ពលរដ្ឋ​ប្រមាណ ​៥៦២​ ខ្នង និង​បាន​បំពាក់​អំពូល​សូឡា​អស់​ហើយ​។

លោក​ប្រាប់​ថា​៖ «ក្រោយ​បំពាក់​អំពូល​រួច ពល​រដ្ឋ​គាត់​សប្បាយ​ចិត្ដ​ណាស់ ព្រោះ​មាន​អំពូល​បំភ្លឺ​នៅ​គ្រប់​ដង​ផ្លូវ​តាម​បណ្ដា​ខ្នង​ផ្ទះ​ក្នុង​ភូមិ​ទាំង​មូល​។ ពីមុន​ពេល​យើង​ធ្វើ​ដំណើរ​ពេលយប់​តែង​តែ​បារម្ភ​ពី​ស្ថានភាព​ផ្សេងៗ​ដូចជា​សត្វ​ឆ្កែ និង​មនុស្ស​មិន​ស្គាល់​ជា​ដើម​។ ឥឡូវ​ពលរដ្ឋ​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ដំណើ​រ​ទៅណា​មក​ណានៅ​ពេ​ល​យ​ប់ មិន​បារម្ភ​ដូចពី​មុនទេ ព្រោះ​អំពូល​នេះ​អាច​បំភ្លឺ​ពេញ ​១​ យប់​រហូត​ដល់​ភ្លឺ​»។

ដោយ​ឡែក​លោក​អែម សុផា​ណា​ជា​ពល​រដ្ឋ​ម្នា​ករ​ស់នៅ​ខេត្ត​កំពង់​ស្ពឺ កា​លពីថ្ងៃ​ ៣​ វិច្ឆិកា បាន​បង្ហាញ​បំណង​ចង់​ឲ្យ​អាជ្ញា​ធរ ឬ​អភិ​បាល​ស្រុក​ផ្សេងៗតាម​បណ្ដាខេត្ដ​​នានា​នៅក​ម្ពុជា​ ​អភិវឌ្ឍ​ស្រុក ភូមិ​ ដោយ​យក​តាមគំរូ​ស្រុក​បន្ទាយ​ស្រី។ លោក​ថា​៖«បើ​នៅ​ស្រុក​ខ្ញុំ​មាន​អភិ​បាល​ស្រុក​ល្អ និង​អភិវឌ្ឍស្រុ​ក​បាន​ដូច​អភិ​បាល​ស្រុក​បន្ទាយ​ស្រី​មិន​ដឹង​ជា​ប្រជា​ពលរដ្ឋ​សប្បាយ​ចិត្ដ​យ៉ាង​ណាទេ​​»។

កាល​ពីថ្ងៃ​ទី​ ២៣ ​ខែ តុលា ​ឆ្នាំ ២០២០ ​នៅទី​ស្តីការ​ក្រសួង​បរិស្ថាន​ លោក សាយ​ សំអាល់ ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ទទួល​ស្គាល់​ស្រុក​បន្ទាយ​ស្រី ជា​ប្រតិ​បត្តិ​ករ​គំរូ​ប្រចាំ​ឆ្នាំ​ ២០២០ ​និង​ត្រូវ​បាន​ប្រគល់​បណ្ណ​សរសើរ​មេត្រី​ភាព​បរិស្ថាន​ ក្នុង​កម្ម​វិធី​«លើក​ទឹក​ចិត្ត​មេត្រី​ភាព​បរិ​ស្ថាន​ឆ្នាំ ២០២០»​ ផង​ដែរ​៕