ភ្នំពេញៈ អាជ្ញាធរខេត្ត និង​មន្ត្រី​កសិកម្ម​កំពុង​ធ្វើការ​រួមគ្នា ដើម្បី​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន ខណៈ​ស្រូវ​ស្រែ​នៅក្នុង​ខេត្ត​ចំនួន ៨ ដែល​ខេត្ត​ខ្លះ​មាន​ស្រូវ​រាប់ពាន់​ហិកតា​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ខ្វះទឹក នៅពេល​ដែល​មានការ​ព្រួយបារម្ភ​ថា ប្រជាពលរដ្ឋ​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នាពេល​ខាងមុខ​។

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ គឺជា​ប្រភេទ​ស្រូវធ្ងន់​ចុង​រដូវវស្សា និង​ស្រូវប្រាំង​ធ្វើ​លើក​ទី​ ១ ដែល​មាន​ក្នុង​ខេត្តព្រៃវែង កណ្ដាល តាកែវ កំពង់ចាម បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។

លោក​បន្តថា លោក​កំពុង​ប្រមូល​ព័ត៌មាន​អំពី​ចំនួន​ស្រូវ​ស្រែ​ដែល​ត្រូវ​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ ខណៈ​ខេត្តបាត់ដំបង​មាន​ជាង​ ១ ​ម៉ឺន​ហិកតា និង​ខេត្តកំពង់ចាម​មាន​ជាង​ ១ ​ពាន់​ហិកតា​។ មន្ត្រី​រូបនេះ​បន្ថែម​ថា មិនទាន់មាន​សេចក្ដី​រាយការណ៍​ណាមួយ​ដែល​អះអាងថា ស្រូវ​ក្នុង​ខេត្ត​ទាំងនោះ​បាន​រង​ការខូចខាត​នៅឡើយ​ទេ ខណៈ​ប្រភពទឹក​ដូចជា នៅតាម​បឹង ប្រឡាយ និង​ព្រែក​ជាដើម​រួមទាំង​ប្រព័ន្ធ​ស្រោចស្រព​តូចធំ​គឺ​នៅ​មាន​ទឹក​នៅឡើយ ហើយ​ក្រសួង​ធនធាន​ទឹក ក៏​ទើប​សម្រេច​ឱ្យ​បញ្ចេញ​ទឹក​ឱ្យ​ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រើប្រាស់ ដើម្បី​បូម​បញ្ចូល​ទៅក្នុង​ស្រែ​ទាំងនោះ​។

លោក​ថា​៖ «​យើង​បាន​បញ្ចេញ​ទឹក នៅ​អាង​កំពីងពួយ ដើម្បី​សង្គ្រោះ​ស្រូវ​ជាង ១ ​ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ហើយ​ក្រសួង​ធនធានទឹក​ថា ផ្លូវ​នាំ​ទឹក​ចេញពី​អាងទឹក​កំពីងពួយ​ទៅ​សង្គ្រោះ​ស្រូវ​ទាំង​ហ្នឹង​ឱ្យ​ដល់​ស្រុក​ថ្មគោល​គឺ​ប្រហែល ២៧ ​គីឡូម៉ែត្រ​។ ប៉ុន្តែ​ការបញ្ចេញ​ទឹក​ហ្នឹង​គឺ​យើង​ប្រើប្រាស់​លក្ខណៈ​សន្សំសំចៃ ដោយសារ​ (​យើង​) ​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​ខាងមុខ​»​។

លោក​បន្តថា​៖ «​យើង​ត្រៀម​ទឹក​ហ្នឹង គឺ​ដើម្បី​ប្រើប្រាស់​ក្នុង​រដូវប្រាំង គឺ​ប្រើ​ក្នុង​ចុងរដូវ​នេះ​ផង និង​រដូវប្រាំង​ក្នុង​ឆ្នាំ​ថ្មី​នេះ​ផង​។ យើង​អាច​សន្សំសំចៃ​ទឹក​ខ្លាំង ដោយសារ​តាម​ការព្យាករ​​វា​ប្រហែល​អត់​មាន​ភ្លៀង​កក់ខែ ហើយ​បើ​គ្មាន​ភ្លៀង​កក់ខែ​មែន វា​នឹង​ធ្វើឱ្យ​មាន​ការប៉ះពាល់​ច្រើន​។ ទឹក​ដែល​បង្វែរ​ចូលទៅ​អាង និង​ប្រព័ន្ធ​ស្រោចស្រព​តាំងពី​ក្នុង​រដូវវស្សា គឺ​យើង​ប្រើប្រាស់​ក្នុង​ការបង្កបង្កើនផល​ផង និង​សម្រាប់​ការប្រើប្រាស់​ (​របស់​ពលរដ្ឋ​) ​ផង យើង​មិន​ប្រើប្រាស់​ខ្ជះខ្ជាយ​ទេ ព្រោះ​ខ្លាច​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​កាលពី​ឆ្នាំ​ ២០១៦»​។

កាលពី​ឆ្នាំ​ ២០១៦ ប្រជាពលរដ្ឋ​ជាង​ ២ ​លាន​នាក់​ នៅក្នុង​ក្របខ័ណ្ឌ​​ទូទាំង​ប្រទេស​បាន​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​កាលនោះ​បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​ដឹក​ទឹក​ពី​កន្លែង​ផ្សេង​យក​ទៅ​ផ្គត់ផ្គង់​។ ការខ្វះខាត​ទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ​នៅពេល​នោះ​គឺ​ដោយសារ​កម្ពុជា​ជួប​គ្រោះរាំងស្ងួត​ក្រោម​ឥទ្ធិពល​នៃ​អាកាសធាតុ​អែលនីណូ​ដែល​ជា​គ្រោះមហន្តរាយ​អាកាសធាតុ​មួយ មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​។

លោក កែវ វី បានលើកឡើង​ទៀតថា​នៅក្នុង​ឆ្នាំ ២០១៩ ​នេះ​ដំណាំ​ស្រូវ​ជួប​គ្រោះរាំងស្ងួត​ដោយ​ខ្វះ​ទឹក​គឺ​បាន​កើតឡើង​ចំនួន ៣ ​លើក​ គឺ​ដោយសារ​ការរង​ឥទ្ធិពល​អាកាសធាតុ​អែលនីណូ​ដែល​មាន​អាកាសធាតុ​ក្ដៅ និង​អត់​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ខែ​មករា​ដល់​ខែ​កក្កដា និង​ការកើត​មាន​កូន​រដូវប្រាំង​នៅ​ដំណាច់​ខែកក្កដា រួមទាំង​ទឹកភ្លៀង​បាន​ធ្លាក់​ចុះខ្សោយ​ក្នុង​រយៈពេល​មុន​កាលកំណត់ ដែល​តាម​ធម្មតា ទឹកភ្លៀង​ត្រូវ​អស់​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា​។

លោក​ថា​នៅ​ឆ្នាំ​ក្រោយនេះ ប្រសិនបើ​កម្ពុជា​មិន​ទទួលរង​ឥទ្ធិពល​អាកាសធាតុ​អែលនីណូ​នោះទេ​គឺ​ចាប់ពី​ពាក់កណ្ដាល​ខែ​មករា​ដល់​ខែ​កុម្ភៈ​នឹង​អាចមាន​ភ្លៀង​កក់ខែ ហើយ​នឹង​អាច​ធ្វើឱ្យ​គ្រោះរាំងស្ងួត​នាពេល​ខាង​មុន មាន​លក្ខណៈ​ធូរស្រាល​បន្តិច​។

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែរ​ថា នៅ​ស្រុក​ថ្មគោល​គឺមាន​ស្រូវ​ចំនួន​ ១១ ៤០០ ​ហិកតា​ បាន​ជួប​គ្រោះរាំងស្ងួត​ខ្វះ​ទឹក ប៉ុន្តែ​មន្ត្រីខេត្ត រដ្ឋបាលខេត្ត​ និង​ស្រុក​រួមទាំង​មន្ត្រី​មន្ទីរ​កសិកម្ម គឺ​បាន​ចុះទៅ​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ តាំងពី​ចុង​សប្ដាហ៍មុន ដើម្បី​ស្វែងរក​ទឹក​បញ្ចូល​ទៅក្នុង​ស្រែ​ទាំងនោះ​ដោយ​ទឹក​ ១ ​ផ្នែក​នាំ​ចេញ​ពី​អាងទឹក​កំពីងពួយ​នៅ​ស្រុក​បាណន់ និង​ ១ ​ផ្នែក​ទៀត​ចេញ​ពី​ស្ទឹង​នៅ​ស្រុក​បវេល​។ លោក​ថា​៖ «​ស្រូវ​ទាំងអស់​ហ្នឹង​ជា​ស្រូវវស្សា ហើយ​មាន​តែ​ស្រុក​ (​ថ្មគោល​) ​ហ្នឹង​ទេ​»​។

លោក កែវ វី បាន​លើកឡើង​ទៀតថា ស្រូវ​ដែល​ជួប​គ្រោះរាំងស្ងួត នៅពេល​នេះ​គឺ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​នៅក្នុង​រដូវប្រាំង​ដោយសារ​តាម​ធម្មតា ស្ថានភាព​បែប​នេះ​គឺ​តែង​កើតឡើង​ជា​រៀងរាល់​ឆ្នាំ​នៅពេល​ដែល​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ចុង​រដូវវស្សា​។

មន្ត្រី​រូបនេះ​បន្តថា ប្រភពទឹក​ដែល​បាន​ស្ដុក​ទុក​នៅតាម​ប្រព័ន្ធ​ស្រោចស្រព ឬ​ប្រភពទឹក​នៅតាម​ស្ទឹង បឹង និង​ទន្លេ​នានា​ដើម្បី​ត្រៀម​ដោះស្រាយ​នៅពេល​មានការ​ខ្វះខាត​ទឹក​នោះ គឺអាច​ប្រើប្រាស់​រហូតដល់​ត្រឹម​ខែធ្នូ​នេះ ប្រសិនបើ​ស្ថានភាព​គ្រោះរាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ប្រសិនបើ​ចាប់ពី​ខែ​មករា​​គ្មាន​ភ្លៀង​កក់ខែ​ធ្លាក់ នោះ​អាច​នឹង​ជួប​បញ្ហា​ដោយសារ​ខ្វះ​ទឹក​៕