The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រូវ​ជាង ២ ម៉ឺន​ហិកតា នៅ​សៀមរាប​ប៉ះពាល់​ដោយ​គ្រោះ​រាំងស្ងួត

ស្រូវ​ជាង ២ ម៉ឺន​ហិកតា នៅ​សៀមរាប​ប៉ះពាល់​ដោយ​គ្រោះ​រាំងស្ងួត

Content image - Phnom Penh Post
សកម្មភាពចុះពិនិត្យស្រែដែលខ្វះទឹកនៅសៀមរាប។ សហការី

ស្រូវ​ជាង ២ ម៉ឺន​ហិកតា នៅ​សៀមរាប​ប៉ះពាល់​ដោយ​គ្រោះ​រាំងស្ងួត

សៀមរាប​/​ពោធិ៍សាត់ៈ មន្ត្រី​កសិកម្ម​បាន​អះអាង​ថា​ នៅ​ខេត្ត​​សៀមរាប​​កំពុង​ប្រឈម​គ្រោះ​រាំងស្ងួត ​ស្រប​ពេល​ដែល​ដំណាំ​​​ស្រូវ​ប្រមាណ​ជាង​ ២ ម៉ឺន​ហិកតា ​រង​ផល​ប៉ះពាល់​ រីឯ​ជាង ​១ ​ពាន់​ហិកតា​ទៀត ​បាន​ខូចខាត​ ខណៈ​ខេត្ដ​ពោធិ៍សាត់​​កំពុង​រងគ្រោះ​ដោយ​​ជំនន់​ទឹក​ភ្លៀង​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្ដ​សៀមរាប​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​តាម​ការ​វាយ​តម្លៃ​ពី​មន្ត្រី​​ជំនាញ​ថា​ផល​ប៉ះពាល់​បាន​កើន​ឡើង​​ដោយសារ​តំបន់​ខ្លះ​គ្មាន​​ភ្លៀង ​និង​ប្រភព​ទឹក​គ្រប់គ្រាន់​ ខណៈ​គិត​ត្រឹមថ្ងៃ ​១៣​ សីហា ការ​ធ្វើ​ស្រែ​ចម្ការ​សម្រេច​បាន​ ១៧៥ ​៧២០ ហិកតា​ ស្មើ​នឹង ​៩៤,១៩ ភាគរយ ​នៃ​ផែនការ​ក្នុង​ឆ្នាំ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​មាន ​២០​ ៨៦៧ ​ហិកតា ក្នុង ​៩ ក្រុង​-​ស្រុក​ ៤៩ ​ឃុំ​ និង ​៣២៧ ​ភូមិ​ ដោយ​មាន​គ្រួសារ​រងគ្រោះ ​២៤ ០១៩ គ្រួសារ​។​ចំណែក​ស្រូវ​​ខូចខាត​មាន ១ ០៤៥ ​ហិកតា»។​

លោក ទា គឹមសុទ្ធ បាន​ឲ្យ​ដឹង​ថា​ ក្រុង​-ស្រុក​ទាំង ​៩ ​ ​នោះ​មាន​ ស្រុក​ស្រីស្នំ​ ​ស្រុក​សូទ្រនិគម ស្រុក​ពួក​ ​ស្រុក​អង្គរ​ជុំ ​ស្រុក​វ៉ារិន​ ស្រុក​ក្រឡាញ់ ស្រុក​ប្រាសាទ​បាគង​​ ស្រុក​អង្គរធំ​ និង​ក្រុង​សៀមរាប។

លោក ទា គឹមសុទ្ឋ ​បញ្ជាក់​ថា​៖ «​ចំពោះ​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​​ពេល ១ ​សប្តាហ៍​ទៀត​ទេ ការ​ប៉ះពាល់​ដំណាំ​ស្រូវ​នឹង​មាន​ការ​កើន​ឡើង​»។

លោក​ កែវ ​វី​ អ្នក​នាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គ្រោះ​រាំង​ស្ងួត​​នេះ ​បាន​កើត​ឡើង​តាំង​ពី​ខែ​កក្កដា​​មក​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ដ​នៅ​​ភាគ​ពាយព្យ ​រួម​មាន​ ខេត្ដ​សៀមរាប ​បន្ទាយមានជ័យ​ ឧត្ដរមានជ័យ និង​ខេត្ដ​បាត់ដំបង ​ជា​ដើម​។

លោក​​ថា​៖ ​«​ឥឡូវ​នៅ​តែ​មាន​ការ​ប៉ះពាល់​នៅ​ខេត្ដ​សៀមរាប​ និង​ខេត្ដ​បន្ទាយមានជ័យ​ នៅ​តែ​ប៉ះពាល់​ច្រើន​ដោយសារ​ ការ​​ប្រែប្រួល​អាកាសធាតុ​ ព្រោះ​ភ្លៀង​បាន​ធ្លាក់​តាម​តំបន់។ ខេត្ដ​បាត់ដំបង​ភ្លៀង​ធ្លាក់​គ្រាន់​បើ​ជាង​គេ​ ប៉ុន្ដែ​នៅ​ស្រុក​ខ្លះ​ខ្វះខាត​ទឹក​ដដែល​ ដូចជា​ស្រុក​មោងឫស្សី​ និង​ស្រុក​គាស់ក្រឡ​ជា​ដើម​»។

លោក លី សំរិទ្ធ ​អ្នក​នាំពាក្យ​និង​ជា​អភិបាល​រង​ខេត្ត​សៀមរាប មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​ទេ កាល​ពី​ម្សិលមិញ ដោយសារ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​។ ប៉ុន្ដែ​លោក ​សុខ ថុល នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​នេះ ​បាន​ថ្លែង​ថា ចាប់​ពី​ខែ ​កក្កដា ដល់​ដើម​ខែ ​សីហា​ ខេត្ត​សៀមរាប​បាន​ប្រឈម​នឹង​កូន​រដូវ​ប្រាំង​ដែល​មិន​មាន​ភ្លៀង​ធ្លាក់​។

លោក​ សុខ ថុល ថ្លែង​ថា​៖ «ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ​ប្រព័ន្ធ​ធារាសាស្រ្ដ​របស់​យើង​នៅ​មិន​ទាន់​ចូល​ទៅ​ដល់ ហើយ​ប្រភព​ទឹក​យើង​មាន​ការ​លំបាក​ក្នុង​ការ​ជួយ​អន្តរាគមន៍​...»។

ដោយ​ឡែក​នៅ​ខេត្ដ​ពោធិ៍សាត់​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ថា ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ស្ទឹង​ពោធិ៍សាត់ ​មាន​កម្ពស់​ទឹក​កើន​ឡើង​ក្នុង​កម្រិត​ប្រកាស​អាសន្ន​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​នេះ ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំ​ក្រវាញ​ ស្ទឹង​អារ៉ែង និង​ស្ទឹង​ធំ ​មាន​កម្រិត​ខ្ពស់​មក​លើ​ដង​ស្ទឹង​ពោធិ៍សាត់។ ​ឥទ្ធិពល​នេះ​នឹង​ធ្វើ​ឲ្យ​ទឹក​ស្ទឹង​ពោធិ៍សាត់​កើន​ឡើង​ និង​អាច​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​។ 

យ៉ាង​ណា​ក្ដី លោក ម៉ៅ ​ធនិន្ទ អភិបាល​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​​ពី​ម្សិលមិញ​ថា ​ជំនន់​ទឹក​ភ្លៀង​មិន​ទាន់​បង្ក​បញ្ហា​អ្វី​​​ទេ​ ថ្វី​បើ​កាល​ពី​ថ្ងៃ​ចន្ទ​កម្ពស់​ទឹក​ឡើង​ដល់ ​៤,៩១ ​ម៉ែត្រ​ ជា​កម្រិត​ប្រកាស​អាសន្ន​ក៏​ដោយ​។ ប៉ុន្ដែ​មក​ដល់​ថ្ងៃ​អង្គារ​កម្ពស់​ទឹក​បាន​ស្រក​ចុះ​កម្រិត ៣ តឹក​ហើយ​។

លោក​ថា​៖ ​«ថ្ងៃ​នេះ​ក្រុម​ការងារ​ខេត្ដ​យើង​បាន​ចុះ​ពិនិត្យ​មើល​គ្រប់​ស្ថានការណ៍​ទាំង​អស់​នៅ​តាម​ស្រុក​គោលដៅ​ងាយ​រងគ្រោះ​។ ទឹក​ជំនន់​នេះ​ វា​បាន​ហូរ​ស្រោចស្រព​ទៅ​ឲ្យ​ផ្ទៃ​ដី​ស្រែ​ចម្ការ​យើង​មួយ​ចំនួន​ដែល​ពី​មុន​នៅ​មិន​ទាន់​ទទួល​បាន​ទឹក​គ្រប់គ្រាន់​។ គ្រាន់​តែ​ផ្ទះ​ពលរដ្ឋ​តិចតួច​នៅ​សង​ខាង​ស្ទឹង​ពោធិ៍សាត់​នឹង​មាន​ការ​ជន់​លិច​តិចតួច​»។

លោក​អភិបាល​​ខេត្ដ​ បាន​ឲ្យ​ដឹង​ថា​ ខេត្ដ​ពោធិ៍សាត់​ក៏​មាន​តំបន់​ខ្លះ​ជួប​គ្រោះ​រាំង​ស្ងួត​ដែរ​ ប៉ុន្ដែ​មិន​​ធ្ងន់ធ្ងរ​នោះ​ទេ​ ដោយសារ​ខេត្ត​មាន​ប្រព័ន្ធ​ប្រឡាយ​ធំ​មាន​ប្រវែង​ជាង ​២១ ​គីឡូ​ម៉ែត្រ ​។​ លោក សួស ណារិន មន្ដ្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​សៀមរាប ​បាន​ឲ្យ​ដឹង​ថា ​ស្រុក​ជា​ច្រើន​ក្នុង​ខេត្ដ​សៀមរាប​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត។

លោក​ថា​៖ «​យើង​មាន​ប្រព័ន្ធ​ធារាសាស្រ្ដ​នៅ​បារាយណ៍​ដែរ​។ ប៉ុន្ដែ​ពលរដ្ឋ​មិន​មាន​វិធី​សាស្ត្រ​ទាញ​យក​ទឹក​នោះ​ទៅ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ​ទេ។​ ដូច្នេះ​ពលរដ្ឋ​រង់ចាំ​តែ​ទឹក​ភ្លៀង​ ពេល​គ្មាន​ភ្លៀង​ក៏​មិន​មាន​ទឹក​ប្រើប្រាស់​ដែរ​ ហើយ​បឹង​ប្រឡាយ​មួយ​ចំនួន​ក៏​​រីង​ស្ងួត​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍