សៀមរាប/បាត់ដំបងៈ មន្ត្រី​កសិកម្ម​ខេត្ត​សៀម​រាប​​បារម្ភ​ថា ស្រូវ​ចំនួន​ ៤​ ៨០០ ​ហិកតា​ ស្ថិត​ក្នុង​ស្រុក​ស្រី​ស្នំ ស្រុក​ក្រឡា​ញ់ និង​ស្រុក​ពួកនឹង​រង​ការ​ខូ​ច​ខា​ត ​ប្រសិន​បើ​គ្មាន​ភ្លៀង​​ក្នុង​រយៈ​ពេល​ ១ សប្ដាហ៍​ទៀត​ ជាពិ​សេស​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភ​ពទឹកដែល​ពិបាក​ក្នុងការ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ទៅ​សង្គ្រោះ​បាន ស្រប​ពេល​ដែ​ល​ស្រែ​ខ្លះក្នុ​ង​ចំណោម​ជា​ង ៦ ម៉ឺ​នហិ​កតា​ នៅ​ខេត្ត​បាត់​ដំប​ងត្រូ​វបាន​ជួយ​សង្គ្រោះ។

លោក ទា គឹម​សុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​សៀម​រាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពីថ្ងៃ ២៣ កក្កដា ថា ក្នុង​ចំណោម​ជាង ៤ ពាន់​ហិក​តា​នេះ គឺមាន​ជាង​ ១០០​ ហិកតា​ប៉ុណ្ណោះ ​ដែល​អាច​បូម​ទឹក​ទៅ​សង្គ្រោះ​បាន​ ខណៈ​សល់​ពីនេះ​ជា​តំបន់​ស្រែដែល​គ្មាន​ប្រព័ន្ធ​ធារាសាស្ដ្រ​ទៅ​ដល់​ ដោយលោក​បារម្ភ​ថា ក្នុង​រយៈ​ពេល​ ១​ សប្ដាហ៍​ទៀត ​ស្រូវ​ទាំង​នោះ​នឹង​អាច​រង​ការ​ខូច​ខាត​ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​នោះ។​

លោក​ថា៖ ​«សំខាន់​ប្រព័ន្ធ​ធា​រាសាស្ដ្រ​វា​អត់​ទាន់​មានទៅ​ហើយ ​តែអាង​ស្ដុក​ទឹក​មួយ​ចំនួន​ហ្នឹង​ក៏​អត់​ទឹក​ទៀត»។

ជា​មួយ​គ្នា​នេះ​ លោក ​ឈឹម ​វ​ជិ​រា ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​បាន​លើកឡើ​ង​ដែរ​ថា ​នៅ​ខេត្ត​បាត់ដំបង​មាន​ស្រូវ​ចំនួន​ ៦ ​ម៉ឺន ​៥០០​ ហិកតា ​ស្ថិត​ក្នុង​ស្រុក​ចំនួន​ ៧ គឺ​ស្រុ​ក ថ្មគោល ប​វេ​ល រុក្ខ​គិ​រី សង្កែ ឯក​ភ្នំ គាស់ក្រ​ឡ និង​មោង​ឫស្សី ​បាន​ជួប​គ្រោះ​រាំង​ស្ងួត​ ប៉ុន្តែ​លោក​ថា ​មក​ទល់​ពេល​នេះ​ដីស្រែ​មួយចំនួន​ចាប់​ផ្ដើម​មាន​ទឹក​ខ្លះ​វិញ​ហើយ ដោយ​សារ​មាន​ទឹក​ភ្លៀង​ធ្លាក់​ និង​ខ្លះ​ទៀត​តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ទៅ​សង្គ្រោះ។

លោក​ថា៖​ «ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ហើយ​ ដូច​ជា​នៅ (ស្រុក) សង្កែ​ ដែល​ប៉ះ​ពាល់​ប្រហែល​ ២ ​ម៉ឺន​ហិក​តា​ហ្នឹង ​ប៉ុន្តែ​ភ្លៀង​ធ្លាក់​អត់​បាន​រាយ​ប៉ាយ​គ្រប់​កន្លែង​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា​វា​ធ្វើ​ឱ្យ​ស្រូវ​អាច​បន្តរ​ស់បាន​ ១ សប្ដាហ៍​ហ្នឹង​ទៀត​ហើយ​យើង​សង្ឃឹមថា​នឹង​មាន​ភ្លៀង​បន្ត​បន្ទាប់​ទៀត»។

លោក​បន្តថា ចំពោះ​ស្រែ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ និង​គ្មាន​ប្រព័ន្ធ​ធារាសាស្ដ្រ​ទៅ​ដល់ ហើយ​ប្រសិន​បើ​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​គ្មាន​ភ្លៀងធ្លាក់ អា​ជ្ញាធរ​នឹង​ចុះ​ទៅ​សិក្សា​វាយតម្លៃ​អំពី​ការខូ​ចខាត​ឱ្យ​ច្បាស់​លាស់​ និង​រាយកា​រណ៍​ទៅកាន់​គណៈ​កម្មការគ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ថ្នាក់​ខេត្ត​និង​ថ្នាក់​ជាតិ ដើម្បី​ឱ្យ​ចាត់វិ​ធាន​ការ​ជួយ​ស្ដារ​ឡើង​វិញ។

បើតាម​របាយ​ការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ឆមាស​ទី១ ​ឆ្នាំ​ ២០១៩​ នេះ ការ​បង្ក​បង្កើតផលស្រូវ​រដូវ​វស្សា​ដោយ​សាប​ និង​ស្ទូង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ​១២ ​លាន​ហិក​តា ស្មើ​នឹង​ជាង ៤៩% នៃ​ផែន​ការ ដែល​មាន​​ជាង​ ២៥​ លាន​ហិកតា។

លោក កែវ វី មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីថ្ងៃអង្គារថា តាម​តួលេខ​ដែល​លោក​ទទួល​បានគឺ​នៅ​ទូទាំង​ប្រទេស ​មាន​ស្រូវ​ជាង​ ៦ ​ម៉ឺន​ហិក​តា​ បាន​រង​គ្រោះ​រាំង​ស្ងួត ប៉ុន្តែ​លោក​ថា ស្រូវ​ទាំង​នោះ​នឹង​មិន​រង​ការ​ខូច​ខាត​ឡើយ ​ដោយសារ​ក្រសួង​ធន​ធាន​ទឹក​ទើប​ព្យាករ​ជាថ្មី​ថា​ចាប់​ពី​ពេល​នេះ​ទៅតំបន់​ស្រែ​ទាំង​នោះ​នឹង​ចាប់​ផ្ដើម​មាន​ភ្លៀង​ធ្លាក់​វិញ។

លោក​ថា៖​ «តាម​ព្យា​ករ​ថា ភ្លៀង​នឹង​មាន​ចាប់​ពី​ពេល​ហ្នឹង​ទៅ ប៉ុន្តែ​តាម​ពិត​ នៅ​តំបន់​ផ្នែក​ពាយព្យ​ និង​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​ហ្នឹង មាន​ភ្លៀង​តាំង​ពី ​២ ​ថ្ងៃ​មុន​ម្ល៉េះ អ៊ី​ចឹង!ដូច​ខ្ញុំ​ជម្រាប វា​អត់​មាន​ផល​ប៉ះ​ពាល់​អី​ទៀត​ទេ»។

បើតា​ម លោ​ក ​កែវ វី ខេត្ត​បាត់​ដំ​បង​គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ស្រូវ​ត្រូវ​រង​គ្រោះ​ដោយ​សារ​ខ្វះ​ទឹក​ច្រើន​ជាង​គេ ហើយ​លោក​ថា ថ្វី​​ដ្បិត​​មិន​អាច​រង​ការ​ខូច​ខាត ប៉ុន្តែ​គ្រោះ​រាំង​ស្ងួត​នេះ នឹង​ធ្វើ​ឱ្យ​ស្រែ​ទាំ​ងនោះ ត្រូវ​ធ្លាក់ចុះ​ទិន្ន​ផល​ខ្លះ​ជា​មិន​ខាន។​

កាល​ពី​ថ្ងៃ​ម្សិល​មិញ​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ​ចាន់ យុ​ត្ថា មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​លោក ​ងិន ​ឆាយ ​អគ្គនាយ​ក​​នៃ​អគ្គ​នាយកដ្ឋា​ន​កសិកម្ម​បានទេ ដោយ​សារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​លើក តែ​មិន​មាន​អ្នក​ទទួល៕