បន្ទាយ​មានជ័យៈ ស្រូវ​ប្រាំង​ជាង​ ១ ០០០ ហិកតា​ របស់​ប្រជា​កសិករ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​រងផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​សារ​កង្វះ​ទឹក​ស្រោចស្រព ខណៈ​ដែល​កម្ពុជា​ នឹង​ទទួល​រង​ឥទ្ធិពលនៃ​បាតុភូត​ El Nino ដែល​ធ្វើ​ឲ្យ​បរិយាកាស​​ឡើង​កម្តៅ​ខ្លាំង ​និង​ធ្វើ​ឲ្យ​រដូវ​​ប្រាំង​អូស​បន្លាយ​វែង។

លោក ស៊ាង វ៉ាន់​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដូវ​ប្រាំង​ឆ្នាំ​នេះ​ ប្រជា​កសិករ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​នាំគ្នាសម្រុក​ធ្វើ​ស្រូវ​ប្រាំង​ លើផ្ទៃដី​ ៤៥ ០០០ ហិក​តា គឺលើស​ពី​ផែន​ការ ដែល​បាន​គ្រោង​ទុក ចំនួន ២១៦ ភាគរយ។

ទោះ​​បែប​ណា​ បញ្ហា​គ្រោះរាំង​ស្ងួត​ ដែល​បាន​ចាប់​ផ្ដើម​អូស​បន្លាយ​តាំង​ពី​ចុង​ខែធ្នូ​កន្លង​មក​បាន​ធ្វើ​ឲ្យ​ស្រូវ​សន្ទូង​របស់​ពួក​គេ ដែល​កំពុង​ចាប់​ផ្ដើម​បែក​គុម្ព​​នោះជួប​ប្រឈ​ម​​នឹង​​កង្វះ​ទឹក​ស្រោច​ស្រព។

លោក​​បន្ត​ថា​​៖ «មក​ទល់​ពេល​នេះដំណាំ​ស្រូវ​ប្រាំ​ង​​ប្រមាណ​ជាង​ ១ ០០០ ហិកតា​ ដែល​ភា​គ​ច្រើន​​ជារបស់​ប្រជា​កសិករ​នៅស្រុ​ក​​​ព្រះ​នេត្រព្រះ ​និង​ស្រុក​ភ្នំស្រុក​ កំពុង​រងការ​ខូច​ខាត​ ដោយ​គ្មាន​ប្រភព​ទឹក​ណា​មួយ​ដែល​អាចនាំ​ទៅ​ដល់ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​របស់​ពួកគេ​បាន»។

បើ​តាម​​លោក វ៉ាន់​សេដ្ឋ ស្រូវប្រាំង​របស់​ប្រជា​កសិករ​ នៅ​ស្រុក​ទាំង​ ២ ខាង​លើ​​ កន្លង​មក​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ទាញ​យក​ប្រភព​ទឹក​ពី​អាង​ត្រពាំង​ថ្ម មក​ស្រោច​ស្រព។ ប៉ុន្តែ​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​សិក្សា​តាមដាន​ អំពី​បញ្ហា​ប្រែ​ប្រួល​នៃអាកាសធាតុ ពិសេស​ការ​កើន​ឡើង​កម្តៅ​ក្នុង​បរិយា​កាស​ដែល​បង្ក​ឡើង​ដោយបាតុ​ភូ​ត​ El Nino ហើយ​បាន​ពិនិត្យ​ឃើញថា​ វា​នឹង​មានភាពរាំង​ស្ងួត​អូស​បន្លាយ​ក្នុង​រយ:​ពេល​វែងនោះ ​ប្រមុខ​រដ្ឋា​ភិបាល​​បា​ន​​ចេញ​សារាចរណែនាំ​​មួ​យ​ កាលពី​ពាក់​កណ្ដាល​ខែមករា​ដោយ​បាន​អំពាវនាវ​ដល់​ប្រជា​កសិករ ឲ្យ​សន្សំ​សំចៃ​ទឹក និង​ កាត់​បន្ថយ​ការ​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង។ ទន្ទឹម​នឹង​នេះ​ ប្រភព​ទឹក​សំខាន់​មួយ​ចំនួន​ត្រូវ​បាន​ហាម​ឃាត់​ការ​បូម​យក​ទៅ​​ដាក់​ស្រូវ​ប្រាំង។ ​

លោក ភោគ​ ជិត មេឃុំ​ទាន​កាំ ស្រុក​ព្រះ​នេត្រព្រះ​ ​​ឲ្យ​ដឹង​​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​ ១​៧​ ខែកុម្ភៈ​ ស្រូវ​ប្រាំង​កសិករ​​ ដែ​ល​កំពុង​រង​ការ​ខូច​ខាត​នៅ​​ឃុំ​របស់​លោក​មានជាង​ ៨០០ ហិកតា។ ស្រូវ​ទាំង​នោះ​ខ្លះបាន​ក្រៀម​ស្វិត​ជា​បណ្ដើរ​ៗ ហើយ​ខ្លះ​ទៀត​មាន​ជំងឺ រាត​ត្បាត ព្រោះ​គ្មាន​ទឹក​ស្រោ​ច ស្រព។​ «ស្រូវ​ទាំង​នោះ អាច​នឹង​ខូច​ខា​ត​ទាំង​ស្រុង​បើ​គ្មាន​ភ្លៀង​​កក់​ខែ​ ឬ​គ្មាន​ប្រភព​ទឹក​ពី ណា​​មក​​ជួយ​សង្គ្រោះ​ក្នុង​រយៈពេល​ ១ សប្ដាហ៍​ទៀត»៕​