ក្រចេះ: ​ស្រ្ដី​ម្នាក់​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សា​លា​ដំបូង​ខេត្ដ​ក្រចេះ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ថ្ងៃទី​២៣​ខែតុលា​នេះ​ពីបទ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​បន្ទាប់​​ពីសមត្ថ​កិច្ច​ចាប់​ខ្លួន​តាម​​បណ្ដឹង​ពី​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​សង្ស័យ​ក្លែង​ឯក​សារ​នាំ​យក​កូន​ស្រី​ពួក​គាត់​​ទៅ​លក់​នៅ​ចិន​។ នេះ​បើ​តាម​មន្ត្រី​នគរ​បាន​ខេត្ត​។

លោក​ស្រី នៅ រតនា ស្នង​ការ​រង​ទទួល​បន្ទុក​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនីតិ​ជន​ខេត្ដ​ក្រចេះ​បាន​​ប្រាប់​ភ្នំពេញ​បុស្ដិ៍​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​នេះ​​ថា ស្រី្ត​ជា​ជន​សង្ស័យ​ខាង​លើ​ ឈ្មោះ ឌី ចាន់ធី ​អាយុ​៥៦ ឆ្នាំ មាន​ទីលំនៅ​មិន​ពិត​ប្រាកដ​ត្រូវបាន​សា​លា​ដំបូង​ខេត្ត​ឃុំ​ខ្លួន​។​ គាត់​ធ្លាប់​បាន​រក​ស៊ី​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែនឲ្យ​ទៅ​យក​ប្តី​នៅ​​ចិន​និង​ធ្លាប់​​លក់​​កូន​ស្រី​ខ្លួន​ឯង៣​នាក់​ទៅ​​ចិន​ហើយក៏​ធ្លាប់​ឱ្យ​កូន​រក​ស៊ី​ផ្លូវ​ភេទ​តាំង​ពី​អាយុ​១៤​ឆ្នាំ​ផង​ដែរ​នៅ​​ខេត្ត​បាត់​ដំបង​។

លោក​ស្រី​បាន​បន្ថែម​ថា៖​«​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​គឺ​បន្ទាប់​ពី​ឪពុក​ម្ដាយ​ជន​រងគ្រោះ​​៣នាក់​ផ្សេង​ទៀត​នៅ​ខេត្ដ​ក្រចេះ​ដាក់​ពាក្យ​បណ្ដឹង​បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​ពី​ប្រ​ទេស​ចិន​ឱ្យ​ជួយ​ពួក​គេ»​។

លោក​ស្រី​ស្នង​ការ​រង​បាន​បន្ត​ថា​ ជន​សង្ស័យ​​រូប​នេះ​ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​នៅ​ស្រុក​កូន​មុំ ​ខេត្ត​រតន​គិរី ​កាល​ពីថ្ងៃ​ទី​១៨​តុលា​និង​បញ្ជូន​មក​សា​លា​ដំបូង​ខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ​នេះ​ហើយ​ក៏​ត្រូវ​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​តាម​មាត្រា​ទី​១១​នៃ​ច្បាប់​ស្ដី​ពីការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​កាល​ពីម្សិល​មិញ​។

លោក​ស្រី​ថា៖​«ឥឡូវ​ចៅ​ក្រម​ស៊ើប​សួរ​បានចេ​ញ​ដី​កា​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ខេត្ដ​ក្រ​ចេះ​​ហើយ​ក្រោម​បទ​ចោទ​​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​»​។

បើ​តាម​ លោក​ស្រី ​រតនា ក្រៅ​ពី​បញ្ឆោត​កូន​ខ្លួន​ឯង​៣​នាក់​ឲ្យ​រក​ស៊ី​ផ្លូវ​ភេទ​និង​នាំ​យក​ទៅ​លក់​នៅ​ប្រ​ទេស​ចិន​ ជន​សង្ស័យ​បាន​បោ​​ក​ស្រី​៣​នាក់​ផ្សេង​ទៀត​នៅ​ស្រុក​ស្នួល ​ខេត្ដ​ក្រ​ចេះ​ ក្នុង​រូប​ភាព​ទៅ​យក​ប្តី​នៅ​ចិន​​។

លោក​ស្រី​ស្នង​ការ​បន្ត​ថា​៖«យើង​ព្យា​យាម​សួរ​គាត់​ពី​ចំនួន​មនុស្ស​ ដែល​គាត់​នាំ​យក​ទៅ​លក់​ តែ​គាត់​ព្យា​យាម​មិន​ឆ្លើយ​និង​បដិ​សេធ​សំណួរ​របស់​យើង​។ យើង​គ្រាន់​តែ​ដឹង​ថា​ក្រៅ​ពី​កូន​ស្រី​គាត់​៣​នាក់​ដែល​ចូល​មក​បំភ្លឺ​ដល់​សមត្ថ​កិច្ច​…គឺ​មាន​អាណា​ព្យា​បាល​ជន​រង​គ្រោះ​៣នាក់ទៀត​បាន​ប្ដឹងជន​សង្ស័យ​ពីករណី​នាំ​កូនគាត់​ទៅ​លក់​នៅ​ប្រទេស​ចិន​នេះ​ដែរ​»។

ដោយ​ផ្អែក​លើ​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ស្នង​ការ​ដ្ឋាន​ខេត្ត​ ​លោក​ស្រី​ស្នង​ការ​រង​បាន​ឱ្យ​បញ្ជាក់​ដែរ​ថា ស្ត្រី​សង្ស័យ​រូប​នេះ​ធ្លាប់​បាន​លក់​ព្រហ្ម​ចារី កូន​ស្រី​បង្កើត​ម្នាក់​ឈ្មោះ ស.ន អាយុ ១៤ឆ្នាំ ទៅ​ខេត្ត​បាត់​ដំបង​ឲ្យបម្រើ​សេវាកម្ម​ផ្លូវ​ភេទ​។ ក្រោយ​លក់​ព្រហ្ម​ចារី​កូន​ស្រី​បាន​មួយរយៈស្ត្រី​រូប​នេះ​បាន​នាំ​នាង​ទៅ​បម្រើ​នៅ​បន​ស្រី​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់​ដំបង ដោយ​រូប​គាត់​ជា​អ្នក​ហៅ​ម៉ូយនិង​ជា​អ្នក​យក​លុយ​ដោយ​ខ្លួន​ផ្ទាល់​ ហើយ​ក្នុង​មួយ​ថ្ងៃៗឲ្យ​កូន​ស្រី​​កំដរ​ភ្ញៀវ​រួម​ភេទ​ចាប់​ពី​៥-៦​នាក់​។​

លោក​ស្រី នៅ រតនា បាន​ថ្លែង​ថា​ តាម​ចម្លើយ​ ក្រោយ​មក​នាង​បាន​រត់​ចេញ​ពី​បន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីរហូត​បន្ត​ដល់​ប្រទេស​ចិន​ដោយ​សារ​មិន​អាច​ទ្រាំ​នឹងការ​គាប​សង្កត់​ពី​ម្ដាយ​ដែល​បង្ខំ​ឲ្យ​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​បាន។​ ក្រោយ​ពី​ស្ត្រី​ជា​ម្តាយ​ដឹង​ថា​កូន​ស្រី​ដែល​គេច​ខ្លួន​នោះ​បាន​ទៅ​យក​ប្តី​នៅ​​ចិន​ស្ត្រី​រូប​នេះ​បាន​បោក​បញ្ឆោតកូន​ស្រី​បង្កើត២​នាក់​ទៀត​ដោយ​ម្នាក់​មាន​អាយុ​២០​ឆ្នាំនិង​ម្នាក់​​អាយុ២៣​ឆ្នាំ​ឲ្យ​ទៅ​យក​ប្តីនៅ​​ចិន​ខុស​ច្បាប់​បន្ត​ទៀតដោយ​ក្លែង​ឯក​សារ​ជា​មួយ​នឹង​ការ​គំរាម​ឱ្យ​ឈប់​រៀន​ ខណៈ​ពួកគេ​នៅ​ជា​សិស្ស​នៅ​ឡើយ​។

បើ​ទោះ​បី​ជា​កូន​ស្រី​ទាំង​២​នាក់ ​បាន​រត់​ត្រ​ឡប់​មក​ដល់​កម្ពុជា​វិញដោយ​សារ​អត់​ទ្រាំ​ការធ្វើ​បាប​ពី​ប្តី​ជន​ជាតិ​ចិន​មិន​បាន​ក៏​ដោយ ​តែ​ត្រូវ​បានស្ត្រី​ជា​ម្តាយ​រូបនេះ​បង្ខំនិង​បោក​បញ្ឆោត​យកទៅ​លក់​ឱ្យ​បុរស​ចិន​ម្ដង​ទៀត​តែ​ត្រូវ​លួច​រត់​មកវិញ​ជាថ្មី​។ នេះ​បើ​តាម​លោក​ស្រី នៅ រតនា ដែល​ផ្អែក​តាម​ចម្លើយ​ជន​រ​ង​គ្រោះ​។

យ៉ាង​ណា​ក្ដី​លោក​ស្រី​ នៅ រតនា ស្នង​ការ​រង​ខេត្ត​ក្រចេះបាន​បញ្ជាក់​ថា​ ករណី​នារី​៣​នាក់​ផ្សេង​ទៀត​ដែល​ឪពុក​ម្ដាយ​ប្ដឹង​ឱ្យ​ជួយ​នោះនៅ​មិន​ទាន់​បាន​ត្រឡប់​ម​កវិញ​ទេ​ខណៈ​សមត្ថ​កិច្ច​និង​អង្គ​ការ​សង្គម​ស៊ីវិល​កំពុង​សហ​ការ​

ជា​មួយ​ស្ថាន​ទូត​ដើម្បី​ជួយ​ពួក​គេ​៕