ភ្នំពេញៈ សកម្មជនដីធ្លីដែលរងគ្រោះពីការវាយប្រហារនៅវត្តភ្នំចំនួន ៥ នាក់ក្នុងចំណោម ១១ នាក់ដែលបានដាក់ពាក្យប្តឹងមន្រ្តីខណ្ឌដូនពេញកាលពីឆ្នាំ ២០១៣ បានចូលបំភ្លឺក្នុងនាមជាដើមបណ្តឹងនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញខណៈមន្រ្តីដែលកាន់សំណុំរឿងនេះអះអាងថានឹងបន្តកោះហៅអ្នកពាក់ព័ន្ធបន្ថែមទៀតដើម្បីស្វែងរកភាពយុត្តិធម៌តែអ្នករងគ្រោះមិនទាន់មានជំនឿ។
តំណាងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី ថ្លែងថា៖ «គេប្រាប់ថានៅពេលបានចម្លើយបំភ្លឺពីដើមបណ្តឹងអស់សព្វគ្រប់ពេលណាគេនឹងបញ្ជូនចម្លើយបំភ្លឺរបស់យើងទៅតុលាការ។ តែយើងគ្មានសង្ឃឹមទេព្រោះគាត់និយាយហាក់ដូចជាបោះបាល់ឱ្យគ្នាទៅវិញទៅមក»។
ខណៈដើមបណ្តឹងចូលបំភ្លឺ ៥ នាក់នោះស្រី្តសកម្មជនដីធ្លីបឹងកក់ប្រមាណ ១៥ នាក់បានឈរចាំឃ្លាំមើលដើម្បីគាំទ្រគ្នារបស់គាត់ផងដែរ។
អ្នកស្រី ផាន់ ឈុនរ៉េត ដែលបានចូលបំភ្លឺបានឲ្យដឹងថាភាគច្រើនមន្ត្រីបានសួរគាត់ទាក់ទងនឹងព្រឹត្តិការណ៍ហិង្សានៅវត្តភ្នំកាលពីឆ្នាំ ២០១៣។ អ្នកស្រីថា៖ «មន្ត្រីសួរថាគេវ៉ៃយើងនៅកន្លែងណាត្រូវកន្លែងណាហើយខ្ញុំឆ្លើយថាខ្ញុំត្រូវរបួសត្រង់ក្បាលដេរ ៥ ថ្នេរ»។ តែអ្នកស្រីថាអ្នកស្រីពុំមានជំនឿលើសមត្ថកិច្ចនោះទេ «អ្នកដែលយើងប្តឹងសុទ្ធតែគ្នាគាត់ទាំងអស់គេមិនងាយរកយុត្តិធម៌ឱ្យយើងទេ»។
មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃលោក អ៊ីវ រិទ្ធ បានបដិសេធផ្តល់ចម្លើយរបស់ដើមបណ្តឹងដែលត្រូវបានសាកសួរពីម្សិលមិញ។ លោកថា៖ «ចំណាត់ការបន្ទាប់ជានីតិវិធីរបស់ខ្ញុំ បើខ្ញុំប្រាប់ដល់អ្នកកាសែតដូចជាហែកទ្រូងខ្លួនឯងឱ្យក្អែកចឹកអ៊ីចឹងរាល់នីតិវិធីខ្ញុំគ្រាន់តែប្រាប់ថានឹងរៀបចំឯកសារហើយនឹងកោះហៅចុងបណ្តឹងក្តីយកមកដើម្បីសាកសួរ»៕