ភ្នំពេញ៖ សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​​បាន​ប្រកាស​សាលក្រម​ ដោយ​ផ្តន្ទាទោស​ស្រ្តី​ម្នាក់​ដាក់​ពន្ធនាគារ​អស់ ១ ​ជីវិត​​ បន្ទាប់​ពី​ជំនុំ​ជម្រះ​​កាល​ពី​ថ្ងៃទី ​២៥ ​​ធ្នូ​ ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ស្រ្តី​ជា​មិត្តភក្ដិ​ដោយ​អារ​សាច់​ជា​កង់ៗ​ដាក់​ក្នុង​ទូទឹកកក​ ប្រព្រឹត្ត​កាល​ពី​ខែ​មិថុនា ​​ឆ្នាំ ​២០១៩​ នៅ​សង្កាត់​ជ័យជម្នះ ​ខណ្ឌ​ដូនពេញ​​ ​​រាជធានី​ភ្នំពេញ​​​។​

លោក​ចៅក្រម ​ឌុច ​សុខសារិន​ បាន​អាន​សាលក្រម​​នៅ​ចំពោះ​មុខ​​ស្រ្តី​ជាប់​ចោទ​ថា​ សំណុំ​រឿង​នេះ​​ មាន​ជន​ជាប់​ចោទ​ឈ្មោះ ​ស៊ិន​ សុផល​ ហៅ ​ដា​ អាយុ​ ៣៥ ឆ្នាំ។ ក្រោយ​ពី​បើក​សវនាការ​មក ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​ផ្តន្ទាទោស​លើ​​ជន​ជាប់​ចោទ​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​អស់ ​១ ​ជីវិត​ និង​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​​គ្រួសារ​​ស្រ្តី​រងគ្រោះ​​ចំនួន ​១២០ ​លាន​រៀល​។​

លោក​ចៅក្រម​បាន​ថ្លែង​ថា​៖ «​តុលាការ​បាន​សម្រេច​​ផ្តន្ទាទោស​តាម​បញ្ញត្តិមាត្រា ​២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​បើ​មិន​សុខចិត្ត​នឹង​សាល​ក្រម​នេះ ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​បាន​»​​។

ពាក់ព័ន្ធ​នឹង​ការ​ផ្តន្ទាទោស​នេះ ​លោក​ស្រី​ មួង​ ធនលាភី ​មេធាវី​ការពារ​​សិទ្ធិ​ឲ្យ​ក្រុម​គ្រួសារ​ស្រ្តី​រងគ្រោះ​ឈ្មោះ ​គឹម ​យ៉ាទៀង​ ​អាយុ ​៤០ ​ឆ្នាំ​ បាន​ប្រាប់​ក្រោយ​ពី​ប្រកាស​សាលក្រម​ថា​ ការ​ផ្តន្ទាទោស​អស់​ ១ ​ជីវិត​នេះ ​គឺ​តុលាការ​​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោកស្រី​​ដែល​​ជា​ជន​រងគ្រោះ​ហើយ​​។​

លោកស្រី​មេធាវី​ថ្លែង​ថា​៖​ ​«​ក្រៅ​ពី​នេះ​ តុលាការ​បាន​បង្គាប់​ឲ្យ​ស្រ្តី​ជាប់​ចោទ​​សង ​១២០ ​លាន​រៀល​ផង»​។

ដោយ​ឡែក ​លោក ​គង់​ ហេង ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​​ពី​ម្សិលមិញ​ដែរ​ថា​ ការ​ផ្តន្ទាទោស​​​កូន​ក្តី​របស់​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់ ១ ​ជីវិត​នេះ គឺ​លោក​មិន​មាន​យោបល់​អ្វី​ទេ​ ព្រោះ​នេះ​ជា​​ឆន្ទានុសិទ្ធិ​របស់​​ចៅក្រម​។​

លោក​ថា​៖ ​«​ចំពោះ​ការ​ប្តឹង​ទាស់​​ទៅ​សាលា​ឧទ្ធរណ៍​យ៉ាង​ណា​នោះ ​ខ្ញុំ​មិន​ទាន់​ដឹង​ទេ​តែ​ចាំ​ខ្ញុំ​ពិភាក្សា​ជាមួយ​កូន​ក្តី​ខ្ញុំ​សិន​ថា​ តើ​ត្រូវ​ប្តឹង​ទៅ​ឧទ្ធរណ៍​បន្ត​ទៀត ​ឬ​យ៉ាង​ណា?​»។

បើ​តាម​លោក ​ផែន​ ភីរ៉ូន​ ជា​ប្អូន​បង្កើត​របស់​ស្រ្តី​រងគ្រោះ​បាន​ប្រាប់​ថា​ បង​ស្រី​របស់​គាត់​ជា​ជាង​អ៊ុត​សក់​ ហើយ​បាន​រាប់​អាន​គ្នា​ជាមួយ​ស្រ្តី​ជាប់​ចោទ​រហូត​ក្លាយ​ជា​មិត្តភក្ដិ​នឹង​គ្នា​ដែល​ពួក​គេ​បាន​ស្គាល់​គ្នា​រយៈពេល​ជាង ​១ ​ឆ្នាំ​ មុន​មាន​អំពើ​ឃាតកម្ម​នេះ​។​ រយៈពេល​នៃ​ការ​រាប់​អាន​គ្នា​នោះ​ ស្រ្តី​រងគ្រោះ​​តែង​តែ​ខ្ចី​លុយ​ពី​បង​ស្រី​របស់​ខ្លួន​ តែ​លោក​មិន​ដឹង​ថា​ចំនួន​ប៉ុន្មាន​ទេ​។

លោក​បានបន្ត​ថា​៖​ «ប៉ុន្តែ​បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​ស្រ្តី​ជាប់​ចោទ​ថា​ គាត់​ជំពាក់​លុយ​បងស្រី​ខ្ញុំ​តែ ​៧០០ ​ដុល្លារ​ទេ​» ។

កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្រ្តី​ជាប់​ចោទ​បាន​ប្រាប់​ចៅក្រម​ថា​ គាត់​គ្មាន​បំណង​សម្លាប់​ស្រ្តី​រងគ្រោះ​ទេ​ ប៉ុន្តែ​ស្រ្តី​រងគ្រោះ​ចេះ​តែ​ទៅ​ផ្ទះ​របស់​គាត់​ និង​គំរាម​ប្រាប់​ប្តី​របស់​គាត់​ ប្រសិន​បើ​គាត់​មិន​សង​លុយ​ទេ​នោះ។

ស្រ្តី​ជាប់​ចោទ​ថា​ គាត់​ជំពាក់​លុយ​ស្រ្តី​រងគ្រោះ ​៧០០ ​ដុល្លារ ​ប៉ុន្តែ​គាត់​សុំ​សង​ត្រឹម​ ៣៥០ ​ដុល្លារ​សិន​ តែ​ស្រ្តី​រងគ្រោះ​មិន​ព្រម​។ មិន​តែ​ប៉ុណ្ណោះ​ ស្រ្តី​រងគ្រោះ​បាន​​គំរាម​​គាត់​ថា ​នាង (ស្រ្តី​រងគ្រោះ) នឹង​ប្រាប់​ដល់​អ្នក​ដែល​គាត់​ខ្ចី​លុយ​ផ្សេង​ៗ​ទៀត​ឲ្យ​ពួក​គេ​ស្គាល់​ផ្ទះ​របស់​គាត់ ​ទើប​គាត់​ខឹង​ហើយ​រៀបចំ​គម្រោង​សម្លាប់​ស្រ្តី​រងគ្រោះ​ទៅ​។​

បើ​តាម​ស្ត្រី​ជាប់​ចោទ ​ដំបូង​ស្រ្តី​រងគ្រោះ​បាន​ទៅ​លេង​ផ្ទះ​របស់​ខ្លួន ហើយ​បាន​ចូល​ក្នុង​បន្ទប់​ទឹក​។ ពេល​នោះ​​គាត់​បាន​លប​ចូល​តាម​ក្រោយ​ ហើយ​ច្របាច់​ក​​តែ​ម្ដង។ ​​បន្ទាប់​មក​​បាន​យក​ក្រមា ​ខ្ទប់​មាត់​ និង​យក​ខ្សែ​ចង​ដៃ ​ចង​ជើង​ ទុក​ក្នុង​បន្ទប់​ដេក​រហូត​ដាច់​ខ្យល់​ស្លាប់​ ហើយ​យក​សព​ដាក់​ចូល​ក្នុង​ទូ​ក្លាស្សេ​ឲ្យ​កក​។​

ស្ត្រី​ជាប់​ចោទ​បន្ត​ថា លុះ​បាន ២ ​ទៅ ​៣ ​ថ្ងៃ​ គាត់​បាន​កាត់​ដៃ​កាត់​ជើង​ កាត់​ក្បាល​ វះពោះ ​ពុះ​ឆ្អឹង​ជំនីរ​ ពន្លះ​យក​សាច់​ ច្រក​ស្បោង​ខ្មៅ​ម្តង​បន្តិចៗ​យក​ទៅ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ​ហើយ​ក្រោយ​មក ​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ​១១​ ខែ ​មិថុនា ឆ្នាំ ​២០១៩​៕