ស្វាយរៀងៈ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង​បាន​កាត់កម្ទេច​ស្លាក​លេខ​យានយន្ត​ចាស់ៗ​ចំនួន​ ១ ៣៥៨ ​គូ គិត​ត្រឹម​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២១ ដែល​បន្សល់​ពី​ការសុំ​ប្តូរ​របស់​ប្រជាពលរដ្ឋ ដោយ​ស្លាក​លេខ​ទាំងនោះ​បាន​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​តាម​បែបបទ​ច្បាប់​ត្រឹមត្រូវ និង​រួចរាល់​ជា​ស្ថាពរ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បង្ហាញ​របាយការណ៍​ពី​ម្សិលមិញ​ថា ចំនួន​នេះ​ត្រូវ​បាន​ប្រមូល​ពី​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ចាប់​តាំងពី​ទទួល​បាន​សេចក្តី​ណែនាំ​របស់​ក្រសួង​រួចមក​ស្តីពី​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់ដើម​មិនឃើញ​ដែល​បានចេញ​សេចក្តី​ប្រកាស​នា​ថ្ងៃទី​ ១២ ខែមីនា ឆ្នាំ​ ២០២០​។

លោក​ ហ៊ាង សុទ្ធាយុតិ្ត អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការកម្ទេច​ស្លាក​លេខ​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ​ដែល​ផុត​សុពលភាព ខូច ឬក៏​រហែក គឺជា​លទ្ធផល​នៃ​ការស្នើ​ប្តូរ​ស្លាក​ចាស់ ស្លាកខូច ផ្ទេរកម្មសិទ្ធិ​យានយន្ត ជាដើម​។ ការកម្ទេច​ចោល​នេះ គឺ​ដើម្បី​ធានាថា ស្លាក​លេខ​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ឡើងវិញ​ដែល​ខុស​នឹង​ច្បាប់​ដោយ​ប្រការ​ណាមួយ​។

លោក​បន្តថា តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ក្រសួង​តែងតែ​កម្ទេច នូវ​ប្រភេទ​ស្លាក​លេខ​ទាំងនេះ​តែ​រហូត​មក បន្ទាប់ពី​ត្រូវអស់​សុពលភាព​ពី​ការស្នើសុំ​ផ្លាស់ប្តូរ តាម​លក្ខខណ្ឌ​ខាងលើ​។

មន្ត្រី​នាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​អ៊ីចឹង​ទេ វា​ជា​រឿង​ធម្មតា​ដែល​ជា​ទូទៅ គឺ​គេ​ធ្វើ​មិនមែន​ប្លែក​ទេ​។ ប៉ុន្តែ​យើង​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​នេះ​ជា​សាធារណៈ​នា​ពេល​កន្លងមក​។ អ្វីដែល​ក្រសួង​ប្រកាស​ជា​សាធារណៈ​នេះ គឺ​ដើម្បីឱ្យ​សាធារណជន​ដឹងថា​រាល់​លេខ ដែល​ខូច ឬ ផុត​សុពលភាព យើង​ត្រូវតែ​កិនកម្ទេច​ចោល​»​។

ទោះជា​យ៉ាងណា​លោក​ ហ៊ាង សុទ្ធាយុត្តិ មិន​បាន​បញ្ជាក់​ពី​តួលេខ​នៃ​ចំនួន​ស្លាក​លេខ​ដែល​ត្រូវបាន​កម្ទេច​ចាប់​តាំងពី​មាន​ការអនុញ្ញាត​ឱ្យ​កម្ទេច រហូត​ដល់​បច្ចុប្បន្ននេះ​ទេ​។ ប៉ុន្តែ​លោក​ថា ចំនួន​នេះ​អាច​នឹង​ប្រហាក់ប្រហែល​ទៅនឹង​ចំនួន​នៃ​ការចុះបញ្ជី​យានយន្ត​នៅ​កម្ពុជា​។

បើតាម​លោក​ ហ៊ាង សុទ្ធាយុត្តិ គិត​មកទល់​បច្ចុប្បន្ន​មាន​យានយន្ត​ចុះបញ្ជី សរុប​ប្រមាណ​ ៥ ៦៨០ ០០០ ​គ្រឿង​ក្នុង​នោះ​រថយន្ត​មាន​ប្រមាណ​ ៩៣៦ ០០០ ​គ្រឿង​។

លោក​ ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង ឱ្យដឹងថា​ខេត្តបាត់ដំបង បន្ទាប់ពី​ទទួលបាន​ស្លាក​លេខ គឺមាន​ការ​កាត់​កម្ទេច​ចោល ព្រោះ​មិន​បាន​ទុកឱ្យ​នៅ​គរ​ច្រើន​នោះទេ ដោយសារ​វា​អាច​នឹង​បណ្តាលឱ្យ​មាន​ការលំបាក​ក្នុងការ​គ្រប់គ្រង​។

លោក​ សំបូរ បន្តថា សម្រាប់​នៅ​ខេត្ត​បាត់ដំបង​មិន​មាន​ស្លាក​លេខ​ដែល​អស់​សុពលភាព ឬ​ក៏​ខូច​ច្រើន​ដូច​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​នោះទេ​ដែល​នៅក្នុង​ការកម្ទេច​ម្តងៗ​គឺមាន​ចំនួន​ប្រមាណ​ ៥ ទៅ​ ១០ ​ស្លាក​លេខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​មាន​ការកម្ទេច​ស្លាកលេខ​ច្រើន​ដែរ ដោយសារ​តែ​យានយន្ត​មាន​ការកើនឡើង​។

លោក​ថ្លែងថា​៖ «​មន្ទីរ​មិនអាច​ទុក​ច្រើន​ទេ ព្រោះ​ពិបាក​គ្រប់គ្រង និង​ខ្លាច​មាន​ជនខិលខូច​លួច​យក​ទៅ​ប្រើប្រាស់ ដែល​នាំឱ្យ​មាន​ការខុស​នឹង​ច្បាប់​»៕