ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​នេះ​ បាន​កើតឡើង​ចំនួន ៩៨៨ ​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៨៨ ​នាក់ និង​របួស​ ១ ៤៩៤ នាក់​ដែល​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ គឺមាន​ការកើនឡើង​ចំនួន ២៣៨ ​លើក អ្នកស្លាប់​កើនឡើង​ចំនួន ១០៥ ​នាក់ និង​របួស​កើនឡើង​ចំនួន​ ៤៤៦ ​នាក់​។

នេះ​បើតាម​របាយការណ៍​បូកសរុប​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​អគ្គស្នងការ​នគរបាល​ជាតិ សម្រាប់​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃ​ចន្ទ​នៅ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ បើតាម​របាយការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​បាន​កើតឡើង​ចំនួន ៩៨៨ លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៨៨ ​នាក់ និង​របួស​ចំនួន ១៤៩៤ ​នាក់​។ ក្នុងនោះ​គ្រោះថ្នាក់​កើតឡើង​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ចំនួន​អ្នកស្លាប់​ចំនួន ៨៣ ​នាក់ ខេត្ត​កណ្តាល​ស្លាប់​ចំនួន​ ៤៥ នាក់ ខេត្ត​កំពង់ស្ពឺ​ចំនួន​ ៤១ ​នាក់ និង​ខេត្ត​ព្រះសីហនុ​ស្លាប់​ចំនួន ៣៧ ​នាក់​។

របាយការណ៍​បញ្ជាក់ថា​៖ «​គ្រោះថ្នាក់​នេះ​កើតឡើង​ព្រោះ​មូលហេតុ​ការបើកបរ​លើស​ល្បឿន​កំណត់ ៣៣ ​ភាគរយ មិន​គោរព​សិទ្ធិ ២៧ ​ភាគរយ មិន​ប្រកាន់​ស្តាំ ១៣ ​ភាគរយ វ៉ាជែង ១០ ​ភាគរយ បត់​ ៩ ភាគរយ ស្រវឹង ៤ ​ភាគរយ កត្តា​យានយន្ត ៣ ​ភាគរយ ងងុយដេក​ ១ ​ភាគរយ​»​។

បើ​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៩​នេះ បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី ៣ ឆ្នាំ​ ២០១៨ គ្រោះថ្នាក់​កើនឡើង​ចំនួន ២៣៨ លើក​។ អ្នកស្លាប់​កើនឡើង​ចំនួន​ ១០៥ នាក់ និង​របួស​កើនឡើង​ចំនួន ៤៤៦​ ​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ចំនួន ៤៨៨ នាក់​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន ៣៩២ ​នាក់ ស្មើនឹង ៨០ ​ភាគរយ ក្នុង​នោះ​មិន​ពាក់​មួកសុវត្ថិភាព​មាន​ចំនួន​ ៣១២ នាក់​ស្មើ ៧៦ ​ភាគរយ​។

លោក ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង​មួយ​ផ្នែក​ដោយសារតែ​កំណើន​យានយន្ត ខណៈ​រថយន្ត​បាន​ចុះបញ្ជី​សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៧០ ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ចំនួន ៣,៥ លាន​គ្រឿង​គិត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ក្នុងនោះ​អ្នក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើនជាងគេ​មាន​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំទៅ ៤០ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ច្បាប់​យើង​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ​។ បច្ចុប្បន្ន​យើង​កំពុង​ត្រៀម​ធ្វើ​​វិសោធនកម្ម​បន្ថែមទៀត ដោយ​សម្តេច​ក្រឡាហោម​បាន​ឲ្យ​ធ្វើ​វិសោធនកម្ម​មួយ​ចំនួន ហើយ​ទាក់ទង​នឹង​ការពិន័យ​យើង​ត្រៀម​បង្កើន​ទោសទណ្ឌ​ប្រាក់​ពិន័យ​បន្ថែមទៀត​»​។

លោក គឹម បញ្ញា នាយកអង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី (AIP Foundation) បាន​ថ្លែង​ថា លោក​នៅតែ​មាន​ការព្រួយបារម្ភ​ខណៈ​ដែល​ចំនួន​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​ចំនួន​ច្រើន​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។ លោក​បាន​លើក​អនុសាសន៍​ក្នុង​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ត្រូវ​យក​ការអនុវត្ដ​ច្បាប់​ជា​អាទិភាព​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​នៅ​តែ​បន្ដ​ត្រឹម​ការអប់រំ​ដល់​ពលរដ្ឋ​មិន​អនុវត្ដ​ច្បាប់ មិនសូវ​ទទួល​បាន​ផល​ទេ​គ្រាន់តែ​អាច​បញ្ជ្រាប​ការយល់ដឹង​ប៉ុណ្ណោះ ប៉ុន្ដែ​មិនបាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ពលរដ្ឋ​ចំពោះ​ការបើកបរ​នោះទេ​។ ដូច្នេះ​ជា​ការចាំបាច់​ត្រូវ​តែ​មាន​ការអនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ព្រមៗ​គ្នា​គ្រប់​ទីកន្លែង​ទាំងអស់​»​។

លោក បញ្ញា សង្កេត​ឃើញ​ថា​កត្តា​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ដ​កើនឡើង​នេះ បញ្ហា​ចម្បង​គឺ​កត្ដា​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បើកបរ និង​កត្តា​ចំនួន​យានយន្ត​មាន​ការកើនឡើង​ច្រើន​ខណៈ​ក្នុង​ ១ ​ឆ្នាំ​មាន​យានយន្ត​ចុះបញ្ជី​នៅ​ក្រសួង​សាធារណៈការ​ និង​ដឹកជញ្ជូន​ប្រមាណ​ចាប់ពី​ ២០ ​ទៅ​ ៣០ ​ម៉ឺន​គ្រឿង​។

លោក​បញ្ជាក់ថា​៖ «​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​យើង​ទទួល​បាន​ភាគច្រើន​កើតឡើង​ចំពោះ​អ្នកបើកបរ​ម៉ូតូ ហើយ​ពួកគាត់​មិន​សូវ​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ទេ​។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​ភាគច្រើន​ជា​កម្លាំង​ម៉ូតូ​ក្រោម ១២៥ សេសេ ដែល​ចំណុច​នេះ ច្បាប់​យើង​មិន​បាន​ឲ្យ​ពួកគាត់​មាន​បណ្ណ​បើកបរ​ទេ​ឲ្យ​តែ​ពួកគាត់​មាន​លទ្ធភាព​ទិញ​ម៉ូតូ គឺ​ទិញ​ហើយ​អាច​ជិះ​បានតែ​ម្ដង​»៕