ពោធិ៍សាត់/សៀមរាបៈ យ៉ាងហោចណាស់​មាន​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត​បាន​រងរបួស បន្ទាប់ពី​មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​បក់បោក​ដួលរលំ​ផ្ទះ​រាប់សិប​ខ្នង​ក្នុង​ខេត្តពោធិ៍សាត់ សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ម្សិលមិញ​។

លោក​ សូ សាហុង អភិបាលស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​បាតុភូត​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃ​ចន្ទ​បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​វ័យ​ ៧៨ ​ឆ្នាំ​ម្នាក់​ឈ្មោះ វិត ភ័ណ្ឌ មាន​លំនៅ​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ និង​បាន​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៥ ​ខ្នង​។

លោក សាហុង បាន​ថ្លែងថា​៖ «​ក្នុងអំឡុងពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ និង​ខ្យល់​បក់បោក​ខ្លាំង​នោះ​ផ្ទះ​របស់​ជនរងគ្រោះ​ត្រូវ​ខ្យល់​បក់​កួច​ឡើង​ផុតពី​ជើង​កំណល់​សសរថ្ម ហើយ​​កាច់​ផ្ដួលរំលំ​បោក​មកលើ​ដី​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​បាក់​សង្កត់​លើ​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​»​។

ចំណែក​លោក​ ឡាំយ៉ាង ​អាយុ​ ២២ ​ឆ្នាំ​រស់នៅ​ភូមិ-ឃុំ-ស្រុក​ជីក្រែង ខេត្តសៀមរាប​ក៏ត្រូវ​ផ្ទះ​ដួលរលំ​បាក់​សង្កត់​លើ​បណ្ដាល​ឲ្យ​របួសធ្ងន់​ផងដែរ​បន្ទាប់ពី​មាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​លោក សុខ សុទ្ធាវុធ អធិការ​ស្រុក​ជីក្រែង​កាលពី​ម្សិលមិញ​។

លោក​ សុទ្ធាវុធ បាន​ថ្លែងថា​៖ «​ជនរងគ្រោះ​បាន​បាក់ដៃ​ និង​របួស​ក្បាល​ដោយសារ​បាក់​ឈើ​ផ្ទោង​ផ្ទះ​ និង​ធ្លាក់​ក្បឿង​សង្កត់​លើ​។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​»​។

បើ​តាម​លោក​ សុទ្ធាវុធ​ក្រៅពី​បង្ក​របួស​ដល់​អ្នកភូមិ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​បាន​បំផ្លាញ​លំនៅឋាន​ពលរដ្ឋ​សរុប​ចំនួន​ ១០ ​ខ្នង​ដែល​​ក្នុង​នោះ​ផ្ទះ​ជនរងគ្រោះ​ខាងលើ​នេះ​ទំហំ​ ៧ ​ម៉ែត្រ​×១១ ​ម៉ែត្រ​​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ដោយសារ​ការបាក់រលំ​រាប​ដល់​ដី​។ ​ចំណែក​​ផ្ទះ​អ្នកភូមិ​ផ្សេងទៀត​ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​បាន​ប៉ើង​របើក​ដំបូល ហោជាង និង​ជញ្ជាំង​មួយចំនួន​ប៉ុណ្ណោះ​។

ដោយឡែក​លោក ជា ពិសិដ្ឋ ​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ដែរ​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ជាប់​គ្នា​នេះ​ (​ពីថ្ងៃ​ទី​ ១៦ ដល់​ ១៨ ​ខែ​​ឧសភា​) ​បាន​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ កុដិលោក និង​សាលា​ឆាន់​សរុប​ ២៨ ​ខ្នង​នៅក្នុង​ឃុំ​លំទង និង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។

លោក​បាន​បន្តថា​៖ «​ក្នុងពេល​មាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​ក៏មាន​ករណី​រន្ទះ​បាញ់​ងាប់​គោ​ ១ ​ក្បាល​ផងដែរ​កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ខែ​​ឧសភា​ កន្លងទៅនេះ ប៉ុន្តែ​មិន​បង្ក​របួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​»​។

ជុំវិញ​ករណីនេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀតថា ក្នុង​អំឡុង​ពេល​នៃ​ការផ្លាស់ប្ដូរ​រដូវកាល​ពី​ប្រាំង​មក​វស្សា​នេះ បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​នឹង​បន្ត​កើតមាន​កាន់តែ​ច្រើន​ថែមទៀត ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

យោង​តាម​លិខិត​ជូនដំណឹង​ចុះ​ថ្ងៃទី​ ១៩ ខែ ឧសភា ឆ្នាំ​ ២០២០ ក្រសួង​ធនធាន​ទឹកបាន​គូសបញ្ជាក់​ថា​ចាប់ពី​ថ្ងៃទី​ ២០-២៦ ​ខែ​ឧសភា​ខាង​មុខ​នេះ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស និង​ក្នុង​​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​នឹង​អាច​កើតមាន​បាតុភូត​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ផងដែរ ជាពិសេស​ខេត្ត​នៅជាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​វាលទំនាប​កណ្តាល​ដែល​គប្បី​បង្កើន​ការប្រុងប្រយ័ត្ន ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕