ភ្នំពេញៈ ការប៉ះទង្គិចគ្នាដោយហិង្សារហូតក្រុមបង្ក្រាបប្រើកាំភ្លើងបាញ់ទៅលើហ្វូងបាតុករជាកម្មកររោងចក្រ SL បន្ទាប់ពីមានការដុតឡានម៉ូតូរបស់សមត្ថកិច្ចនោះ បានបណ្តាលឲ្យស្រ្តីអ្នកលក់បាយម្នាក់ស្លាប់ និងរងរបួសមនុស្សជាច្រើននាក់រួមទាំងសមត្ថកិច្ចផង ហើយបាតុករជាច្រើនមានព្រះសង្ឃផងក៏ត្រូវចាប់ខ្លួននៅក្នុងការបង្ក្រាបការព្យាយាមដង្ហែក្បួនរបស់ពួកគេ កាលពីព្រឹកម្សិលមិញ នៅមុខវត្ត ស្ទឹងមានជ័យ ក្នុងខណ្ឌ មានជ័យ។
កម្មកររោងចក្រ SL ប្រមាណជាង ២ ពាន់នាក់ បានដង្ហែក្បួនចេញពីរោងចក្រមានទីតាំងនៅក្នុងសង្កាត់ ស្ទឹងមានជ័យ នេះក្នុងបំណងសំដៅទៅសុំអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯគេហដ្ឋានរបស់លោកក្បែរវិមានឯករាជ្យ។
ការហែក្បួនបាតុកម្មនេះមិនបានទៅដល់គោលដៅគ្រោងទុកទេ ដោយសារតែសមត្ថកិច្ចចម្រុះដែលមានកងនគរបាលនិងកងរាជអាវុធហត្ថប្រមាណជា ៣០០ នាក់ បានដាក់ពង្រាយរារាំងក្បួននៅមុខវត្ត ស្ទឹងមានជ័យ ហើយការប្រឈមគ្នានៅទីនោះមិនប៉ុន្មានផង ក៏ឈានដល់ការផ្ទុះហិង្សានិងសោកនាដកម្ម។

រថយន្តពន្លត់អគ្គិភ័យប្រមាណជិត ១០ គ្រឿងបានដាក់ត្រៀមជាស្រេច នៅខាងត្បូងការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ។ ក្រុមកម្មករជាបាតុករនិងសមត្ថកិច្ចដែលប្រឈមគ្នា បានធ្វើការចរចាគ្នាប្រមាណជាកន្លះម៉ោង ប៉ុន្តែ ពុំមានលទ្ធផលដែលកម្មករអាចទទួលយកបានទេ។ នៅម៉ោង ៩ កន្លះព្រឹកអំពើហិង្សាក៏បានកើតឡើងដោយមានការបាញ់ទឹកមកលើហ្វូងកម្មករនិងមានការគប់ដុំថ្មតវិញ ប្រៀបបាននឹងឆាកប្រយុទ្ធក្នុងសមរភូមិមុខ។
ការប៉ះទង្គិចគ្នាកាន់តែក្តៅគគុកឡើងរហូតកម្លាំងសមត្ថកិច្ចចម្រុះដកថយទៅខាងការដ្ឋានស្ពានអាកាស ស្ទឹងមានជ័យ។ ប៉ុន្តែក្រុមបាតុករបានសម្រុកចូលទៅក្នុងវត្ត និងនាំគ្នារុញឡានរបស់នគរបាលចេញមកក្រៅរួចបានវាយកម្ទេចនិង ដុតបំផ្លាញចោលនៅមុខមហាជនជាច្រើននាក់។ ក្រោយមកប្រមាណជាកន្លះម៉ោង ហ្វូងមនុស្សមួយក្រុមបានរុញម៉ូតូរបស់នគរបាល ២ គ្រឿង ដែលចតនៅក្នុងវត្តមកដុតកម្ទេចចោល ជាមួយនឹងរថយន្តដែលកំពុងតែឆេះថែមទៀត។
ដោយឈរនៅក្រោមដើមឈើ នៅមុខវត្ត លោក វីរៈ ដែលអមដោយបាតុករជាច្រើនមានកាន់ដុំថ្មផងនោះបាននិយាយថា គាត់ជាមួយនឹងកម្មករច្រើនទៀត ជាអ្នករុញឡានចេញពីវត្តមកដុតកម្ទេចចោល។
វីរៈ និយាយថា៖ «យើងឃើញនគរបាលចាប់កម្មករទៅវាយនៅក្នុងវត្តពួកយើងបានចូលទៅតាមរំដោះគេបានមកវិញ ហើយគ្នាយើងជាង ១០០ នាក់បានវាយកម្ទេចឡាននិងគប់សមត្ថកិច្ចជាតៃកុងឡានម្នាក់ឲ្យរងរបួសរួចក៏នាំគ្នារុញឡាននោះចេញមកក្រៅដុតចោលតែម្តង»។
នៅម៉ោងជិត ១២ ថ្ងៃត្រង់សមត្ថកិច្ចបានបន្ថែមកម្លាំងមកកាន់តែច្រើន ហើយក៏ប្រើវិធានការក្តៅធ្វើការបង្ក្រាបទៅលើក្រុមបាតុករ ជាថ្មី ដោយប្រើឡានទឹក គ្រាប់បែកផ្សែង ចម្ពាមកៅស៊ូ ...ដែលធ្វើឲ្យបាតុករកាន់តែពុះកញ្ជ្រោលគប់ដុំថ្មតបត រហូតមានការផ្ទុះកាំភ្លើងដែលទីបំផុត សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបាតុករនិងព្រះសង្ឃជាច្រើនផង រួចបញ្ជូនទៅកាន់ស្នងការក្រុងដើម្បីធ្វើការសាកសួរ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្នុងការសម្តែងការទាមទារអ្វីមួយកម្មករត្រូវធ្វើក្នុងក្របខ័ណ្ឌច្បាប់និងគោរពច្បាប់។
លោកថ្លែងថា៖ «កន្លងមកកម្មកររោងចក្រ SL បានធ្វើបាតុកម្មបិទផ្លូវសាធារណៈនៅមុខរោងចក្រនិងផ្លូវជាតិ ប៉ុន្តែ ក្នុងកិច្ចការនេះ គឺយើងជាអាជ្ញាធរនិងសមត្ថកិច្ចតែងតែខិតខំនិងព្យាយាមអត់ធ្មត់ ដោយមិនប៉ះពាល់បងប្អូនកម្មករទេដើម្បីឲ្យគាត់មានលទ្ធភាពតស៊ូ និងទាមទារនូវអ្វីដែលពួកគេចង់បាន»។
លោក ជួន សុវណ្ណ ថ្លែងទៀតថា៖ «ដុំថ្មបានគប់ស្រោចមកលើកម្លាំងសមត្ថកិច្ចរបស់យើង ឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់។យើងមានការសោកស្តាយណាស់ចំពោះព្រឹត្តិការណ៍នេះហើយបើសិនយើងមិនធ្វើការបំបែកគាត់នោះទេ គាត់នឹងធ្វើការបិទផ្លូវដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃ»។
លោក ជួន សុវណ្ណ បន្តទៀតថា លោកមិនទាន់អាចកំណត់បានថា បាតុករទាំងនោះជាកម្មករពិតឬជាក្រុមជន ទី៣ ចូលមកដើម្បីបង្កចលាចលដោយខ្ចីដៃរបស់កម្មករមកប្រើ ដោយសារសមាសភាពដែលសមត្ថកិច្ចយើងចាប់បាន ដែលកំពុងដុតឡានគឺមិនមែនជាកម្មករទេ។ លោកបញ្ជាក់ថា៖ «យើងនឹងធ្វើការស្រាវជ្រាវបន្តថាតើអ្នកទាំងនោះជា កម្មករឬជាអ្នកខាងក្រៅមកបន្លំខ្លួន»។
ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយកាលពីល្ងាចមិញបញ្ជាក់ថា៖ «ឧបទ្ទវហេតុនេះបណ្តាលឲ្យកងកម្លាំងមានសមត្ថកិច្ចរងរបួសធ្ងន់និងស្រាល ២៧នាក់ ស្លាប់ប្រជាពលរដ្ឋម្នាក់ និងរបួសធ្ងន់ស្រាល ៩ នាក់ និងបានដុតបំផ្លាញរថយន្តពីរគ្រឿង ម៉ូតូ ២គ្រឿង របស់សមត្ថកិច្ច និងបែកកញ្ចក់រថយន្តពន្លត់អគ្គិភ័យ ២ គ្រឿង»។ ក្នុងសេចក្តីថ្លែងការណ៍នេះឲ្យដឹងទៀតថា ក្នុងព្រឹត្តិការណ៍នេះមានជនឱកាសនិយមមួយក្រុមដែលមិនមែនជាកម្មករបានឆ្លៀតញុះញង់ បង្កឲ្យមានអំពើហិង្សាមកលើសមត្ថកិច្ច ដោយគប់ដុំថ្ម បាញ់ចម្ពាមគ្រាប់ដែក និងវាយដុតបំផ្លាញមធ្យោបាយព្រមទាំងហ៊ុមព័ទ្ធចាប់ខ្លួនសមត្ថកិច្ចចំនួន ៥នាក់ នៅក្នុងវត្តទៀតផង ក្នុងពេលកងកម្លាំងសមត្ថកិច្ចកំពុងបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបាតុករ។
តាមរបាយការណ៍នានាលើអនឡាញក្នុងស្រុកថា ក្នុងហេតុការណ៍ ហិង្សានេះ ក្រៅពីស្លាប់ម្នាក់និងរបួស សមត្ថកិច្ចនៅបានចាប់ខ្លួនមនុស្សប្រមាណ ៣០នាក់ ថែមទៀត ដែលក្នុងនោះ មានព្រះសង្ឃប្រមាណ ១២ អង្គផង។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិកាលពីម្សិលមិញបានឲ្យដឹងថា សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតនិងធ្វើកោសល្យវិច័យលើអ្នកដែលស្លាប់ ថាតើគាត់ពិតជាស្លាប់ដោយគ្រាប់កាំភ្លើងឬដោយអ្វីឲ្យប្រាកដ។
លោក ខេង ទីតូ ថ្លែងថា៖ «ដូចនេះយើងមិនទាន់អាចសន្និដ្ឋានបានទេ ថាជាការស្លាប់ដោយការបង្រ្កាប ដោយការបាញ់ពីនគរបាល ឬក៏ពីសមត្ថកិច្ចណាមួយនៅឡើយទេ»។
លោកបន្តទៀតថា ជាធម្មតានៅក្នុងការបង្រ្កាបទប់ទល់នឹងបាតុករមិនដែលប្រើគ្រាប់ពិតទេ គឺសមត្ថកិច្ចប្រើតែគ្រាប់ជ័រឬគ្រាប់ក្លែងក្លាយដែលអាចធ្វើឲ្យត្រឹមសន្លប់ ឬហូរទឹកភ្នែកប៉ុណ្ណោះ។ លោកអះអាងថា៖ «គេមិនយកគ្រាប់ពិតមកប្រើជាមួយនឹងជនស៊ីវិលដែលមិនមានអាវុធទេ»។
នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្រុមគ្រូពេទ្យបានញាប់ដៃ ញាប់ជើងក្នុងការពិនិត្យព្យាបាលជនរងគ្រោះក្នុងព្រឹត្តិការណ៍ប៉ះទង្គិចដ៏ហិង្សានេះ ជនរងគ្រោះដែលបានបញ្ជូនមកមន្ទីរពេទ្យនេះមាន ៨ នាក់ ភាគច្រើនជាកម្មករ អ្នករត់ម៉ូតូឌុប អ្នកលក់តាមចិញ្ចើមផ្លូវ ជាមន្ត្រីនគរបាល និងជាអ្នកយកព័ត៌មានម្នាក់ផង។
ក្រោយពីពិនិត្យអាការនិងស្ថានភាពមុខរបួសជនរងគ្រោះរួច ក្រុមគ្រូពេទ្យបានប្រាប់ភ្លាមៗថា ក្នុងចំណោមជនរងគ្រោះដែលបញ្ជូនមកនេះ មានម្នាក់បានស្លាប់។ ក្រុមគ្រួសារសពស្ត្រីរងគ្រោះឈ្មោះ ហេង សុខុម អាយុ ៤៩ឆ្នាំ ដែលជាអ្នកលក់បាយនៅចិញ្ចើមផ្លូវមុខវត្ត ស្ទឹងមានជ័យ បានស្រែកយំក្នុងមន្ទីរពេទ្យខណៈអ្នករងរបួសស្រែកថ្ងូរដោយឈឺ ចុកចាប់មុខរបួសដែលបៀមគ្រាប់។
សពស្ត្រីរងគ្រោះភ្លាម គ្រូពេទ្យបានបញ្ជូនឆ្ពោះទៅអគារធ្វើកោសល្យវិច័យ ខណៈក្រុមគ្រួសារបានព្យាយាមសុំយកត្រឡប់ទៅផ្ទះ ដើម្បីធ្វើបុណ្យ។
លោក ង៉ែត វង្ស អាយុ ៥១ឆ្នាំ ដែលជាប្ដីសពស្ត្រីរងគ្រោះថា គាត់នឹងដាក់ពាក្យប្ដឹងទាមទារឲ្យមានការទទួលខុសត្រូវចំពោះ ការស្លាប់ប្រពន្ធគាត់។ គាត់ថា៖ «ខ្ញុំមិនដឹងថា ភាគីណាជាអ្នកបំផ្ទុះហិង្សានេះទេ ប៉ុន្តែច្បាស់ណាស់ប្រពន្ធខ្ញុំស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង របស់សមត្ថកិច្ចដែលបាញ់រះលើក្រុមបាតុករ។ ខ្ញុំសុំឲ្យអាជ្ញាធរបើកការស៊ើបអង្កេតករណីនេះរកការពិតនៃអំពើបាញ់ប្រហារនេះនិងផ្ដល់សំណងនិងភាពយុត្តិធម៌ឲ្យប្រពន្ធខ្ញុំ និងជនរងគ្រោះផ្សេងទៀត»។
ជនរងគ្រោះ ម្នាក់ក្នុង ៨នាក់ ដែលត្រូវបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ទី សុផានិត អាយុ ៣១ឆ្នាំ បានប្រាប់ដែរថា កងនគរបាលបានធ្វើការបង្ក្រាបយ៉ាងហិង្សាមកលើកម្មករ ដោយគ្មានញញើតកោតក្រែងច្បាប់ឡើយ។
លោកបន្តថា ជាច្រើនខែហើយ ដែលកម្មកររោងចក្រ SL ធ្វើការទាមទារឲ្យមានលក្ខខណ្ឌការងារល្អប្រសើរ ប៉ុន្តែពុំមានដំណោះស្រាយអ្វីទាំងអស់ គឺមានតែការបញ្ជូនកម្លាំងសមត្ថកិច្ចមកវាយបង្ក្រាបដោយហិង្សាតែប៉ុណ្ណោះ។
គាត់បន្តថា៖ «ពួកខ្ញុំចង់បានដំណោះស្រាយដោយសន្តិវិធីនិងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានអាជ្ញាធរណាជួយដោះស្រាយឲ្យទេ មានតែការដាក់កម្លាំងវាយបង្ក្រាប និងនៅពេលនេះបានប្រើកាំភ្លើងបាញ់រះមកលើពួកយើងជាកម្មករថែមទៀត»។
ក្នុងទឹកមុខស្លេកស្លាំងនិងដោតសេរ៉ូមជាប់ផង លោក ផានិត និងអ្នកជំងឺពីរនាក់ដែលរង់ចាំវះកាត់យកក្បាលគ្រាប់ចេញពី មុខរបួសនិយាយខ្សាវៗថា៖ «ខ្ញុំត្រូវ នគរបាលបាញ់ត្រូវពីរគ្រាប់មួយគ្រាប់ចំភ្លៅស្ដាំ បាក់ឆ្អឹង និងមួយគ្រាប់ទៀតចំបោះដៃផុតផ្នែកខាងស្ដាំគ្រូពេទ្យពិនិត្យឃើញ ក្បាលគ្រាប់កាំភ្លើងជាប់ឆ្អឹងភ្លៅដែលបាក់ ១ គ្រាប់ និងមួយគ្រាប់ទៀតនៅជាប់ឆ្អឹងកផ្នែកខាងស្ដាំ ដែលពេលនេះកំពុងធ្វើឲ្យខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង»។
ចំណែក លោក វ៉ែន ថាន អាយុ ៤៣ឆ្នាំ អ្នកយកព័ត៌មានកម្មវិធីបច្ចុប្បន្នភាពនៃស្ថានីយ៍ទូរទស្សន៍ខ្មែរ ប៉ុស្តិ៍លេខ ៩ និយាយថា៖ «ខ្ញុំមិនដឹងថាភាគីណាគប់ចំ ខ្ញុំទេព្រោះពេលនោះខ្ញុំនៅកណ្ដាលហ្វូងបាតុករនិងសមត្ថកិច្ច ប៉ុន្តែ ក្រោយពីខ្ញុំត្រូវមួយដុំថ្មដួលដល់ដី ហ្វូងបាតុករផ្អើលរត់ជាន់លើខ្ញុំជាច្រើននាក់ ខណៈស្នូរកាំភ្លើងបានផ្ទុះជាច្រើនគ្រាប់»។
ទាក់ទិននឹងហេតុការណ៍ហិង្សានេះគណបក្សសង្គ្រោះជាតិកាលពីល្ងាចមិញបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើអាជ្ញាធរ ដែលប្រើហិង្សាទៅលើកម្មកររោងចក្រ SL និងសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុនេះ ប៉ុន្តែមិនបានទាមទារឲ្យដាក់ទោសជនដៃដល់ដូចកន្លងមកទេ។
សេចក្តីថ្លែងការណ៍នោះលើកឡើងថា៖ «គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអាជ្ញាធរប៉ូលិសត្រូវរិះរកគ្រប់វិធីក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយបញ្ឈប់ការប្រើអំពើហិង្សាទៅលើកម្មករ ដែលអាចបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសតទៅទៀត»៕