The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្លាប់​១​របួស​៥៤​នាក់​ដោយ​រថយន្ត​ដឹក​កម្មករ​បុក​រថយន្ត​ដឹក​ដី

ស្លាប់​១​របួស​៥៤​នាក់​ដោយ​រថយន្ត​ដឹក​កម្មករ​បុក​រថយន្ត​ដឹក​ដី

ស្លាប់​១​របួស​៥៤​នាក់​ដោយ​រថយន្ត​ដឹក​កម្មករ​បុក​រថយន្ត​ដឹក​ដី

130214_06
រថយន្តដឹកកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផា លីណា

ភ្នំពេញៈ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​រថយន្ត​ដឹក​កម្មករ​ម្នាក់​បាន​បាត់​បង់​ជីវិត និង​កម្មករ​ជាង​៥០​នាក់​បាន​រង​របួស​ស្រាល និង​ធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​ឡាន​ដឹក​កម្មករ​និង​រថយន្ត​ដឹក​ដី ស្ថិត​ក្នុង​ចំណុច​ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ម្សិលមិញ។

លោក មុំ សុវត្ថិ អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ​បាន​និយាយ​ថា វេលា​ម៉ោង​ប្រហែល​៦​ព្រឹក ឡាន​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បុក​ពេញ​ទំហឹង​ចំ​ក្បាល​រថយន្ត​ដឹក​កម្មករ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​បណ្តាល​ឲ្យ​តៃកុង​ស្លាប់ និង​កម្មករ​ កម្មការិនី​ចំនួន ៥៤ នាក់​បាន​រង​របួស​ទាំង​​អស់​។ លោក​ថា៖ «តៃកុង​ឡាន​របស់​កម្មករ​បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរ​ពេទ្យ​ តែ​មិន​ទាន់​មាន​របាយការណ៍​ណា​មួយ​ថា​កម្មករ​ណា​ម្នាក់​រងគ្រោះ​បាត់​បង់​ ជីវិត​នោះ​ទេ។ កម្មករ​រង​គ្រោះ​ទាំង​អស់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​ផ្សេងៗ​គ្នា​»។

លោក​សុវត្ថិ​បន្ថែម​ថា ឡាន​ដឹក​កម្មករ​មិន​ខុស​ទេ ព្រោះ​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ​បើក​ត្រូវ​ទិសដៅ ​ប៉ុន្តែ​ឡាន​បង្ក​ហេតុ​បាន​បើក​រំលោភ​លើ​ផ្លូវ​ឡាន​របស់​កម្មករ​ដល់​ពីរ​ ម៉ែត្រ រេមក​បុក​​ចំពី​មុខ​ពេញ​ទំហឹង​តែ​ម្តង។

កម្មករ​ម្នាក់​ឈ្មោះ អោ ស្រីណែត អាយុ​៣៩​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ពោធិចិនតុង​បាន​និយាយ​ កាល​ពី​ម្សិលមិញ​ថា គាត់​បាន​សន្លប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ហើយ​គាត់​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង​ពេល​ដឹង​ខ្លួន​ឡើង។

នាង​និយាយ ថា៖ «​ខ្ញុំ​អត់​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ​។ ពេល​ខ្ញុំ​បើក​ភ្នែក​ឡើង ខ្ញុំ​ឃើញ​កម្មករ​ដេក​ពេញ​ដី​ប្រឡូក​ប្រឡាក់​ទៅ​ដោយ​ឈាម ហើយ​អ្នក​ខ្លះ​ត្រូវ​បាន​ដាក់​បញ្ចូល​​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​»។

នាង និយាយ​ទៀត​ថា នាង​រង​របួស​ជង្គង់​ខាង​ស្តាំ ក្បាល និង​ឈឺ​មួយ​ចំហៀង​ខ្លួន​។​ នាង​ថា៖​ «​ខ្ញុំ​គិត​ថា ជីវិត​ខ្ញុំ​ថ្លៃ ខ្ញុំ​ភ័យ​តក់​ស្លុត​ខ្លាំង​ណាស់​ចំពោះ​គ្រោះ​ថ្នាក់​នេះ ព្រោះ​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ខ្ញុំ​។ មន្ត្រី​ខាង​រោង​ចក្រ​បាន​មក​មើល​ខ្ញុំ ហើយ​ពួក​គាត់​នឹង​ចំណាយ​លើ​ថ្លៃ​ព្យាបាល​នេះ​ទាំង​អស់​»។

ចំណែក​លោក សួន ផល្លី មន្ត្រី​សហជីព​សេរីកម្មករ​ កម្ពុជា​ដែល​បាន​ចុះ​ទៅ​​ជួប​នឹង​កម្មករ​រង​គ្រោះ​ផ្ទាល់​បាន​និយាយ​កាល​ ពីម្សិលមិញ​ថា គ្មាន​កម្មករ​ណា​ម្នាក់​រង​គ្រោះ​បាត់​បង់​ជីវិត​នោះ​ទេ គឺ​មាន​តែ​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ​ម្នាក់​គត់​ដែល​បាត់​បង់​ជីវិត​។ លោក​បន្ត​ថា៖ «​កម្មករ​ដែល​របួស​ស្រាល​បាន​ទៅ​ផ្ទះ​វិញ​ហើយ​។ យើង​សោក​ស្តាយ​ណាស់​ចំពោះ​ឧបទ្ទវហេតុ​នេះ»។

យោង​តាម​របាយការណ៍​របស់​សហជីព​សេរីកម្មករ​កម្ពុជា​ដែល​និយាយ​ពី​ស្ថានភាព​កម្មករ​នៅ ឆ្នាំ​២០១២​បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ឡើង​ចំនួន​១១​ករណី​ដែល​បណ្តាល​ឲ្យ កម្មករ​៣៥៤​នាក់​រង​របួស និង​បាត់​បង់​ជីវិត​៤​នាក់​។

ទាក់ទិន ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​កាល​ពីថ្ងៃ​ទី១១​ ខែ​កុម្ភៈ ក៏​មាន​មនុស្ស​៦​នាក់ បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កាមារី​ឆ្លាម​បុក​ជាមួយ​នឹង​រថយន្ត​ធុនធំ​ដឹក​ប្រេងសាំ ងរបស់​ក្រុមហ៊ុន​សូគីម៉ិច​ ស្ថិត​ក្នុង​ស្រុក ព្រៃ​នប់ ខេត្ត​ព្រះសីហនុ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ម្តុំ​ចំការដូង​ប្រេង។ រីឯ​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចូល​ឆ្នាំ​ចិន​ចាប់ពី​ថ្ងៃ​ទី​៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​សរុប ៩៣ ករណី បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤៣ នាក់ របួស​ធ្ងន់ ៩៧ នាក់ និង​របួសស្រាល ៦៨ នាក់​។ មន្ត្រី​នគរបាល​ចរាចរ​ថ្លែងថា មូលហេតុ​ចម្បង គឺ​អ្នក​បើកបរ​ស្រវឹង បើកបរ​លឿន និង​ជ្រែ​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់៕ CC

អត្ថបទគួរចាប់អារម្មណ៍