ឧត្តរមានជ័យៈ យ៉ាងហោចណាស់ក៏មានមនុស្សប្រុស ស្រីចំនួន ១៦ នាក់បានស្លាប់និង ២៣ នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយសារថយន្តក្រឡាប់ធ្លាក់ពីលើភ្នំដងរែកនៅពេលធ្វើដំណើរចុះពីលើភ្នំស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងកាលពីថ្ងៃម្សិលមិញ។
លោក ហ៊ឺង ថឹង នាយនគរបាលប៉ុស្តិ៍ត្រពាំងប្រីយ៍បានឲ្យដឹងថានៅវេលាម៉ោង ១១:២០ នាទីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តទេសចរណ៍ ៣៥ កៅអីមួយគ្រឿងដឹកអ្នកដំណើរ ៣៩ នាក់បានក្រឡាប់ធ្លាក់ពីលើភ្នំដងរែកនៅលើកំណាត់ផ្លូវជាតិលេខ ៦៧ ចំណុចចំរាក់ទី ១ ផ្លូវឡើងភ្នំសិ្ថតនៅច្រកជាំស្រងុំាក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
អ្នកស្លាប់នៅកន្លែងកើតហេតុមានចំនួន ១២ នាក់ហើយស្លាប់ ៤ នាក់បន្ថែមទៀតនៅឯមន្ទីរពេទ្យអ្នកស្លាប់ប្រុសម្នាក់។ អ្នកដែលរងរបួសចំនួន ២៣ នាក់ក្នុងនោះប្រុស ២ នាក់ដែលម្នាក់ជាកូនក្មេង។

លោកមានប្រសាសន៍ថា៖ «តៃកុងឡានដែលរងរបួសបាក់ភ្លៅបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យក្រឡាប់នោះគឺដោយសារតែរថយន្តចុះពីលើភ្នំដាក់លេខមិនចូលហើយហ្វ្រាំងមិនស៊ីស្ថិតក្នុងល្បឿនលឿនក៏បណ្តាលឲ្យក្រឡាប់តែម្តង»។
លោកបានថ្លែងឲ្យដឹងទៀតថារថយន្តទេសចរណ៍ខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C.៤៦១៣ បានដឹកអ្នកដំណើរមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បំណងហែទៀនវស្សាទៅកាន់វត្តប្រាសាទតាមាន់នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៥។
លោកបានថ្លែងបន្ថែមទៀតថា៖ «ពួកគាត់ទៅលេងនៅច្រកជាំស្រង៉ាំគឺទៅទិញទំនិញនៅផ្សារថៃហើយពេលធ្វើដំណើរត្រឡប់មកវិញក្នុងបំណងហែទៀនវស្សាទៅកាន់វត្តនៅប្រាសាទតាមាន់ក៏បានក្រឡាប់ធ្លាក់ពីលើភ្នំ»។
លោក ស៊ឹម វណ្ណៈ អធិការស្រុកអន្លង់វែងបានឲ្យដឹងថាអ្នកដែលស្លាប់បានយកទៅតម្កល់នៅក្នុងវត្តទឹកជុំហៅវត្តអន្លង់វែងដើម្បីរក្សាទុកឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអន្លង់វែង និងអ្នករបួសធ្ងន់បន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
លោកថា៖ «សពជនរងគ្រោះត្រូវបានដឹកដោយរថយន្តរបស់កងទ័ពយកមកភ្នំពេញ»។
លោក រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថាកត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅខេត្តឧត្តរមានជ័យនោះគឺបណ្តាលមកអ្នកបើកបរធ្វេសប្រហែសមិនបានប្រុងប្រយ័ត្នហើយបញ្ហាដែលកើតឡើងដោយអ្នកបើកបររថយន្តក្រុងនោះគឺមានច្រើនជាងគេ។
លោកថា៖ «ខ្ញុំតែងតែប្រាប់ថាត្រូវគិតពីជីវិតអ្នកដែលធ្វើដំណើរជាមួយពីព្រោះជីវិតមនុស្សមួយរថយន្តគឺពឹងលើយើងអ្នកបើកបរ»។
លោកបានថ្លែងឲ្យដឹងទៀតថាអ្នកបើកបរមួយចំនួនទៀតក៏ពុំមានប័ណ្ណបើកបរហើយកន្លងមកអ្នកបើករថយន្តក្រុងទោះបីជាផ្លូវចង្អៀតក៏នៅតែបើកវ៉ានេះហើយជាកក្តាដែលបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «កត្តាចម្បងដែលនៅតែនាំឲ្យមានគ្រោះថ្នាក់គឺបណ្តាលមកពីកត្តាមនុស្សមាន ៩១ ភាគរយ»។
បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងឆមាសទី ១ ឆ្នាំ ២០១៥ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥១៤ ករណីដែលក្នុងនោះមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២២៩ នាក់ខណៈពេលដែលមានអ្នករងរបួសចំនួន ៤០៩០ នាក់ក្នុងនោះមាន ២៣៥៩ នាក់បានរងរបួសធ្ងន់ និង ១៧៣១ នាក់រងរបួសស្រាល។ ចំពោះយានយន្តដែលបានខូចខាតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤១៤៨ គ្រឿង៕
រាយការណ៍បន្ថែមៈ ឃុត សុភចរិយា