ភ្នំពេញៈ យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​ ១០ ​នាក់​ស្លាប់ និង​ ៧៧ ​នាក់​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ដែល​តួលេខ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​មានការ​ធ្លាក់ចុះ​ចំនួន​ ៦ ​នាក់​។

របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បង្ហាញ​ឱ្យដឹង​កាលពី​ថ្ងៃទី​ ១២ ខែ​វិច្ឆិកា​ ថា រយៈពេល​ ៣ ​ថ្ងៃ​ (១០-១១-១២) ​នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បាន​កើតឡើង​ចំនួន​ ៣៦ ​លើក​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១០ ​នាក់ និង​រងរបួស​ ៧៧ ​នាក់​។ ក្នុងនោះ​របួសស្រាល​ ២៨ ​នាក់ និង​របួសធ្ងន់​ ៤៩ ​នាក់ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មនុស្ស​ចំនួន​ ១៦ ​នាក់​បាន​ស្លាប់ និង​ ៦០ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុងពេល​ ៣ ​ថ្ងៃ​ នៃ​ពិធីបុណ្យ​អុំទូក​ដូចគ្នានេះ​។

តាម​របាយការណ៍​បង្ហាញ​ថា ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​អង្គារ​ទី​ ១២ ​ត្រូវ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ អុំទូក​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​កើតឡើង​ចំនួន​ ១៤ ​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៤ ​នាក់ រងរបួស​ស្រាល ៥ ​នាក់ និង​របួសធ្ងន់​ចំនួន​ ២០ ​នាក់​។

របាយការណ៍​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ស្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ប្រជែង​គ្នា​ដោយ​មិន​ពិនិត្យ​ទៅលើ​ស្ថានភាព​ផ្លូវ និង​សិទ្ធិ​ជា​អាទិភាព​»​។

លោក ហឹម យ៉ាន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួងមហាផ្ទៃ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​ដោយ​ថា រវល់​ប្រជុំ ប៉ុន្ដែ​លោក​បាន​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​មន្ដ្រី​ជំនាញ​នៃ​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​វិញ​។

លោក ថី វិសាល ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ព្រះរាជពិធី​បុណ្យអុំទូក​នេះ បើ​ប្រៀបធៀប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​កាលពី​ឆ្នាំ​ពី​ ២០១៨ គឺ​មាន​ការថយចុះ​។ ព្រោះ​ប្រជាពលរដ្ឋ​មាន​ការកែប្រែ​ឥរិយាបថ​ចំពោះ​ការបើកបរ ដោយ​យល់ដឹង​និង​គោរព​ច្បាប់​បាន​ច្រើន​ជាង​មុន​។

លោក​ថ្លែងថា​៖ «​មាន​មូលហេតុ​ចំនួន​ ២ ​ដែល​ធ្វើឱ្យ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់​មាន​ការថយចុះ​នៅ​ឆ្នាំនេះ គឺ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហា​ចរាចរណ៍​មាន​ការកើនឡើង​ខ្ពស់​ដោយ​ឆ្លុះបញ្ចាំង​តាមរយៈ​ឥរិយាបថ​ពួកគាត់​នៅពេល​បើកបរ​ដោយ​បាន​គោរព​ច្បាប់​ចរាចរណ៍ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ខ្ពស់​ក្នុង​ការបើកបរ​»​។

លោក​ វិសាល បញ្ជាក់​ថា​កត្តា​ដែល​នាំឱ្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ក៏​បណ្ដាល​មកពី​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ផុលផុស​ក្នុង​ថ្ងៃ​ពិធីបុណ្យ​ជាតិ​ធំៗ​ជាង​ថ្ងៃ​ធម្មតា​ដោយ​សិក្សា​ពី​បញ្ហា​ដែល​ធ្លាប់​កើតមានឡើង​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​នា​ឆ្នាំមុនៗ​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​ កម្ពុជា ​សង្កេតឃើញ​ថា​បើ​តាម​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣ ​ថ្ងៃ​ ចំនួន​អ្នកស្លាប់ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ គឺ​មាន​ការធ្លាក់ចុះ​។ ប៉ុន្ដែ​បើ​សង្កេត​មើល​ទៅលើ​ចំនួន​ជនរងគ្រោះ​ដោយ​រងរបួស ជាពិសេស​ចំពោះ​អ្នករងរបួស​ធ្ងន់​មាន​ការកើនឡើង​។

លោក​ថ្លែងថា​៖ «​ករណី​គ្រោះថ្នាក់​កើតឡើង​មាន​ការថយចុះ​តិចជាង​មុន​ប្រមាណ​ ២ ​លើក​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨​។ ដូច្នេះ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ​មាន​ការថយចុះ​ចំនួន​ករណី និង​ចំនួន​អ្នកស្លាប់ ប៉ុន្ដែ​មាន​ការកើនឡើង​នូវ​ចំនួន​អ្នករងរបួស​ជាពិសេស​គឺ​ចំពោះ​អ្នករងរបួស​ធ្ងន់​»​។

លោក បញ្ញា បាន​បញ្ជាក់​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំណុច​ដែល​សង្គម​ស៊ីវិល​ទទូច​សំណូមពរ​បន្ថែម​នោះ​គឺ​ការបញ្ឈប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។ បើ​មិន​បាន​បញ្ឈប់​ជាទូទៅ ក៏​គួរតែបញ្ឈប់​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​ធំៗ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​ការផ្សព្វផ្សាយ​នោះទេ​។

របាយការណ៍​បូកសរុប​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សម្រាប់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ បង្ហាញ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​បាន​កើតឡើង​ ៩៨៨ ​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤៨៨ ​នាក់ និង​របួស​ ១ ៤៩៤ ​នាក់​។ ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ មាន​ការកើនឡើង​ ២៣៨ ​លើក​ អ្នកស្លាប់​កើនឡើង​ចំនួន​ ១០៥ ​នាក់ និង​របួស​កើនឡើង​ចំនួន​ ៤៤៦ ​នាក់​៕