ព្រះសីហនុៈ យ៉ាង​ហោចណាស់​មាន​​បុរស​ជា​កម្មករ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង និង​ជិត​ ៣០ ​នាក់​ផ្សេង​​ទៀត​រងរបួស​ធ្ងន់-ស្រាល ​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ករណី​នេះ​បណ្តាល​មកពី​រថយន្ត​ដាច់​ហ្វ្រាំង​។

លោក អ៊ី សុខា ស្នងការរង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​​ជា​ជិត​ ៧ ​យប់ ទី​ ១១ ខែ​សីហា នៅពេល​ក្រុមកម្មករ​កំពុង​ចេញពី​រោងចក្រ​ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ត្រឡប់​ទៅ​លំនៅឋាន​របស់​ពួកគេ​វិញ​។

លោក​បាន​ថ្លែងថា​៖ «​អ្នក​ដែល​ស្លាប់​ និង​រងរបួស​ទាំងអស់​ គឺជា​កម្មករ​រោងចក្រ​ដែល​ពួកគេ​ទើប​តែ​ចេញពី​កន្លែង​ការងារ​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។

លោក អ៊ី សុខា បាន​បន្ថែម​ថា​អ្នក​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​ ២៩ ​នាក់ ​ក្នុង​នោះ​ស្រី​ ២២ ​នាក់ រីឯ​អ្នក​របួសធ្ងន់​មាន ៨ ​នាក់ ​(​ស្រី​ ៦ ​នាក់​)​។

ពួកគេ​មាន​ស្រុក​កំណើត​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទាំងនោះ​ដោយ​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​គ្លីនិក​ឯកជន​។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​ ៤ ​ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ដែល​បង្កឡើង​ដោយ​រថយន្ត​ ១ ​គ្រឿង​ម៉ាក​ FUSO បើកបរ​ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​រថយន្ត​បង្ក​នេះ​បាន​ដាច់​ហ្វ្រាំង​នៅ​ពេល​ចុះ​ផ្លូវ​ចំណោត ធ្វើឱ្យ​ជ្រុល​ទៅបុក​រថយន្ត​ចំនួន​ ៣ ​គ្រឿង​ផ្សេងទៀត ​ក្នុង​នោះ​មាន​រថយន្ត​ ២ ​គ្រឿង​ បាន​ដឹកកម្មករ​រោងចក្រ​កាត់ដេរ​ដែល​កំពុង​​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​។

របាយការណ៍​ដដែល​បន្ត​ថា ខណៈ​ដែល​ពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​នៅ​ជិត​កន្លែង​កើតហេតុ​ឈប់​ម៉ូតូ​មើល​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្រាប់តែ​មាន​រថយន្ត​ដឹក​កុងតឺន័រ​ ១ ​គ្រឿង​ទៀត​ បាន​បើក​មក​បុករះ​ម៉ូតូ​ចំនួន​ ៤ ​គ្រឿង ​ដែល​ឈប់​ចត​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​ផងដែរ​។

បើ​តាម​របាយការណ៍ ករណី​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​បើកបរ​រថយន្ត​បង្កហេតុ​នៅនឹង​កន្លែង និង​បាន​នាំមក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ រីឯ​វត្ថុតាង​មាន​រថយន្ត​ ៥ ​គ្រឿង និង​ម៉ូតូ​ ៤ ​គ្រឿង​ ដែល​ខូចខាត​ធ្ងន់ ត្រូវ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

យោងតាម​របាយការណ៍​របស់​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​សម្រាប់​គាំពារ​កម្មករ​និយោជិត​ (​ស.ផ.ក) ​បាន​ឱ្យដឹងថា នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មកលើ​រថយន្ត​ដឹក​កម្មករ​បាន​​កើតឡើង​ចំនួន​ ៨ ​ករណី ដោយ​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ចំនួន ២២៣ ​នាក់ ​ក្នុង​នោះ​មាន​អ្នកស្លាប់​ ២ ​នាក់ អ្នករបួស​ធ្ងន់ ៣២ ​នាក់ និង​អ្នក​របួសស្រាល ១៨៩ ​នាក់​៕