ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ២១ ​នាក់​បាន​ស្លាប់ និង ​៧៦ ​នាក់​បាន​រងរបួស​ធ្ងន់-ស្រាល​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​ ៤៩ ​លើក​នៅ​ទូទាំងប្រទេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​រយៈពេល​ ៤ ​ថ្ងៃ​ គឺ​មាន​ការថយចុះ​បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន​។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មកពី​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ស្រវឹង កត្ដា​យានយន្ត ភ្លើង​សញ្ញា កត្ដា​ផ្លូវ អ្នកបើកបរ​ងងុយដេក និង​ប្រើ​ទូរស័ព្ទដៃ​ក្នុងពេល​បើកបរ​។

លោក​ ហឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ ២០២០ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ​មាន​ការថយចុះ​ ១០ ​លើក​អ្នក​ស្លាប់​ថយចុះ​ ១៩ ​នាក់ និង​របួស​ថយចុះ​ ៤ ​នាក់​។

ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​នេះ​ត្រូវ​បាន​កំណត់​យក​ចំនួន ៤ ​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ១១ ​ដល់​ថ្ងៃទី​ ១៤ ​ហើយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​រយៈពេល​ ៤ ​ថ្ងៃនេះ​មាន​ការថយចុះ​ទាំង​ចំនួន​គ្រោះថ្នាក់​ទាំង​ចំនួន​អ្នករបួស និង​ចំនួន​អ្នកស្លាប់ ព្រមទាំង​ថយចុះ​នៃ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។

លោក យ៉ាន ​ថ្លែងថា​៖ «​ជារួម​យើង​ឃើញថា ល្អប្រសើរ ទី​ ១ សមត្ថកិច្ច​របស់​យើង​បាន​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ល្អ​ប្រសើរ ទី​ ២ ការត្រៀមទុក​ជាមុន​ក៏មាន​លក្ខណៈ​ល្អប្រសើរ​ដែរ តាមរយៈ​ការផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់​អំពី​ការចូលរួម​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ការធ្វើ​ដំណើរ​។ មាន​បងប្អូន​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ចរាចរណ៍​ក៏មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​»​។

បើតាម​លោក​ យ៉ាន នៅក្នុង​ឆ្នាំ ២០២០ កន្លងមក​អាជ្ញាធរ​បាន​ខិតខំ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដោយ​ក្នុងនោះ​គឺ​បាន​គិតគូរ​ទៅលើ​ការប្រើប្រាស់​ល្បឿន​ជា​ចំណុច​អាទិភាព​ជាងគេ ទើប​ធ្វើឱ្យ​គ្រោះថ្នាក់​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់ បើ​ធៀប​ជាមួយ​ឆ្នាំ​ ២០១៩។

ជាមួយ​គ្នា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​រួម​ក្នុង​ឆ្នាំ​ ២០២០ ​ក៏​មាន​ការថយចុះ​ជិត​ ១ ០០០ ​លើក​ កាត់បន្ថយ​អ្នកស្លាប់ ៣៣៥ ​នាក់ និង​កាត់បន្ថយ​អ្នករបួស​បាន​ចំនួន ១ ៤៤៥ នាក់​។ នៅក្នុង​ឆ្នាំ​ ២០២១ នេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត អាជ្ញាធរ​នឹង​បន្ត​រឹតបន្តឹង​បន្ថែមទៀត​ក្នុងការ​ធ្វើឱ្យ​មាន​ការគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​នៅ​ទូទាំង​ប្រទេស​កាន់តែ​នៅ​តិច​។

លោក ​គង់ ​រតនៈ ​អ្នកជំនាញ​ និង​ជា​អ្នកពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​ថ្លែងថា បញ្ហា​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​បញ្ហា​មិនទាន់​ធូរស្រាល​នៅឡើយ​។ ប៉ុន្តែ លោក​បាន​ឯកភាព​ចំពោះ​របាយការណ៍ និង​ការលើកឡើង​របស់​លោក ហឹម យ៉ាន ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កន្លងមក​នេះ​មាន​ការថយចុះ ដែល​ផ្អែកលើ​ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ​សមត្ថកិច្ច​នគរបាល​។

លោក​បន្តថា ក្នុង​នាម​លោក​ជា​អ្នកតាមដាន​រាល់​សកម្មភាព​គ្រោះថ្នាក់​ចរាចរណ៍​បាន​មើលឃើញ​ថា ចំនួន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មាន​ការថមថយ ប៉ុន្តែ​ការបាត់​បង់ជីវិត​នៅតែ​បន្ត​កើតមាន​ជាប្រចាំ​ថ្ងៃ​ដូច​ទៅនឹង​របាយការណ៍​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាលជាតិ​។

លោក គង់ រតនៈ ​បញ្ជាក់​ថា៖ «​សម្រាប់​ខ្ញុំ យើង​ចង់​ដោះស្រាយ​បញ្ហា​នេះ យើង​ត្រូវ​រក ឫសគល់​នៃ​បញ្ហា​ឱ្យ​ច្បាស់លាស់​។ មួយ​ទៀត​បញ្ហា​នេះ មិនមែន​កើតឡើង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​សូម្បីតែ​នៅលើ​ពិភពលោក ប្រទេស​ណា​ដែល​មាន​ការរីកចម្រើន​ដល់​ណា​ក៏​នៅមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​។ គ្រាន់តែ​ចំនួន​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​មាន​ការអភិវឌ្ឍ​វា​មាន​តិច និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​មាន​ច្រើន តែ​ប៉ុណ្ណឹង​ទេ​»​។

បើតាម​លោក គង់ រតនៈ តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​ឆ្នាំនេះ​មិន​ខុសគ្នា​ទៅនឹង​ឆ្នាំ​ ២០២០ ប៉ុន្មាន​នោះទេ ពោល​គឺ​តួលេខ​ជា​មធ្យម​នៃ​ជនរងគ្រោះ​វា​អាច​កើនឡើង​ពី ២ ​ទៅ ៣ ​ដង​ក្នុង​ថ្ងៃធម្មតា ហើយ​នៅ​ថ្ងៃ​ដែល​ពលរដ្ឋ​ធ្វើដំណើរ​ច្រើន​គឺ​នៅ​ថ្ងៃ​បន្ទាប់ពី​សែន​រួច ដែល​គិត​ជា​មធ្យម​មាន​អ្នក​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពី ៩ ​នាក់​ទៅ ១០ ​នាក់ ឬ​ក៏​លើស​នេះ ខណៈ​រាល់ថ្ងៃ​មាន​អ្នកស្លាប់​ជា​មធ្យម ៥ ​នាក់​៕