ស្វាយរៀងៈ មាន​មនុស្ស​យ៉ាងហោចណាស់​ ២ ​នាក់​បាន​​ស្លាប់ និង​ ២ ​នាក់​ទៀត បាន​​រងរបួស​ធ្ងន់ ដោយសារ​បាតុភូត​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​នៅ​ខេត្ត​សា្វយរៀង​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​។ នេះ​បើតាម​ការអះអាង​​របស់​មន្ត្រីនគរបាល​មូលដ្ឋាន​​កាលពី​ម្សិលមិញ​។

លោក អែម សុវណ្ណារិទ្ធ អធិការ​ក្រុង​បាវិត​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​វេលា​ម៉ោង​ ៥:៣០ ​នាទី​ល្ងាច​​ថ្ងៃ​ពុធ ខណៈ​មេឃ​កំពុង​ភ្លៀង​ និង​ខ្យល់​បក់បោក​ខ្លាំង ស្រាប់តែ​មាន​ករណី​រន្ទះបាញ់​កើតឡើង​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ២ ​នាក់​នៅក្នុង​សង្កាត់​ប្រាសាទ​ និង​ងាប់​គោ​ចំនួន​ ២ ​ក្បាល​នៅ​សង្កាត់​បាវិត​។

លោក​បាន​បន្តថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រន្ទះបាញ់​នោះ​រួមមាន​ឈ្មោះ ខាន់ ណាក់ អាយុ​ ៤៥ ​ឆ្នាំ​មាន​លំនៅ​ក្នុងភូមិ-សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​​ និង​ប្រពន្ធ​របស់គាត់​ឈ្មោះ​ ព្រាប សាត អាយុ ៣៨ ​ឆ្នាំ​។

លោក អែម សុវណ្ណារិទ្ធ បាន​បញ្ជាក់ថា​៖ «​ពួកគាត់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រឡប់​ពី​ធ្វើការ​មក​ផ្ទះ​វិញ​ក្នុង​គ្រា​មេឃ​កំពុង​ភ្លៀង​និយាយ​រួម​ពួកគាត់​ត្រូវ​រន្ទះបាញ់​នៅពេល​ដែល​ពួកគាត់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​មក​ដល់​មុខ​ច្រកទ្វារ​របង​ចូល​ផ្ទះ​របស់​ពួកគាត់​»​។

លោក​បាន​បន្ថែម​ថា ករណី​រន្ទះបាញ់​នេះ​ក៏​បាន​បង្ក​ឲ្យ​ងាប់​​សត្វគោ​ចំនួន​ ២ ​ក្បាល​របស់​ប្រជាកសិករ​នៅ​ភូមិ​កណ្ដាល សង្កាត់​បាវិត​ផងដែរ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

ចំណែក​លោក កែវ សុភ័ណ្ឌ អធិការ​ស្រុក​ស្វាយទាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា​កាលពី​ល្ងាច​ថ្ងៃទី​ ៨ ខែ​មេសា ឆ្នាំ​ ២០២០ មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​សំបួរ ដោយ​បាន​បង្ក​ឲ្យ​ស្ត្រី​ឈ្មោះ សុខ ឌឿក អាយុ​ ៤២ ​ឆ្នាំ និង​កូនប្រុស​របស់គាត់​ឈ្មោះ សាំង ចន្ថា អាយុ​ ៤ ​ឆ្នាំ​រងរបួសធ្ងន់ និង​ដួលរលំ​ខូចខាត​​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៣ ​ខ្នង​ផងដែរ​។

លោក សុភ័ណ្ឌ បាន​ថ្លែងថា​៖ «​នៅក្នុង​ហេតុការណ៍​នោះ​ស្ត្រី​ជា​ម្ដាយ​ត្រូវបាន​ផ្ទះរ​លំបាក់​សង្កត់​លើ​បណ្ដាល​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ និង​បាក់ឆ្អឹង​កំភួនដៃ​ខាងស្ដាំ​។ ​ចំណែក​កូនប្រុស​របស់​គាត់​បាន​រងរបួស​នៅត្រង់​​ក្បាល ដោយ​មុត​រយះ​ដេរ​ចំនួន​ ៣ ​ថ្នេរ​។ នៅពេល​នេះ​ម្ដាយ និង​កូនតូច​ដែល​រងគ្រោះ​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​»​។

ករណី​ស្លាប់ និង​របួស​ដោយ​គ្រោះធម្មជាតិ​ខ្យល់ និង​រន្ទះបាញ់​នៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​ដោយសារ​បាតុភូត​ធម្មជាតិ​កើន​ដល់​ ១៣ ​នាក់​ក្នុង​នោះ​មាន​ ៦ ​នាក់​បាន​ស្លាប់​ និង​ ៧ ​នាក់​ទៀត​រងរបួស​។

លោក ឃុន សុខា អ្នក​នាំពាក្យ​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​​ម្សិលមិញ​ថា យោងតាម​របាយការណ៍​ដែល​ប្រមូល​បាន​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ករណី​រន្ទះបាញ់​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​បាន​សម្លាប់​មនុស្ស​ ៤ ​នាក់​នៅក្នុង​ខេត្ត​ចំនួន​ ៣ រួមមាន ខេត្តតាកែវ​ម្នាក់​,​ខេត្ត​ប៉ៃលិន​ម្នាក់ និង​ខេត្ត​ស្វាយរៀង​ ២ ​នាក់​។ ចំណែក​ករណី​ខ្យល់​កន្ត្រាក់​វិញ​បាន​សម្លាប់​មនុស្ស​ចំនួន​ ២ ​នាក់​នៅក្នុង​​ខេត្ត​ព្រះសីហនុ និង​បង្ក​របួស​មនុស្ស​ ៧ ​នាក់​ដែល​ក្នុងនោះ​នៅ​ខេត្តកំពង់ចាម​ ២ ​នាក់ ខេត្តពោធិ៍សាត់ ៣ ​នាក់ និង​ខេត្តស្វាយរៀង ២ ​នាក់​៕