កំពង់ស្ពឺៈ យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និង ៤ នាក់ រងបួសធ្ងន់ កាលពីរសៀលម្សិលមិញដោយសារអគ្គិភ័យឆាបឆេះរោងចក្រផលិតអង្ករ ១ របស់ក្រុមហ៊ុន «ហ្គោលឌិនរ៉ាយ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥១ ក្នុងភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នេះបើតាមលោក ប៊ុន ចាន់ថា ស្នងការនគរបាលស្ដីទីខេត្ដកំពង់ស្ពឺ។
លោក ប៊ុន ចាន់ថា បានឲ្យដឹងថា មនុស្ស ២ នាក់បានស្លាប់និង ៤ នាក់ទៀតបានរបួសធ្ងន់ បន្ទាប់ពីមានអគ្គិភ័យឆេះរោងចក្រសម្ងួតអង្ករមួយដែលសង្ស័យមកពីធ្លាក់កម្ទេចភ្លើងផ្សារដែក។ ប៉ុន្តែលោកថា គិតត្រឹមម៉ោងប្រហែល ៦ ល្ងាចម្សិលមិញភ្លើងបានរលត់វិញអស់ហើយ ព្រោះមានកិច្ចសហការពីរថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋានខេត្ដកំពង់ស្ពឺប្រមាណ ៩ គ្រឿង។
លោកថា៖ «ករណីឆេះនេះមកពីកម្មករផ្សារដែកលើដំបូលរោងចក្រដល់ពេលធ្លាក់កម្ទេចភ្លើងពីលើមក ក៏ឆេះចំកន្លែងមានធុងហ្គាសផ្ទុះឆេះខ្លាំងតែម្ដង»។
លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកទើបទទួលព័ត៌មាននេះ ប៉ុន្ដែរបាយការណ៍លម្អិតពីអត្តសញ្ញាណជនរងគ្រោះទាំងនោះ លោកមិនទាន់ដឹងច្បាស់ទេ ខណៈសមត្ថកិច្ចកំពុងធ្វើការនៅឡើយនោះ។
លោកបន្ដថា៖ «យើងមិនទាន់ដឹងពីមូលហេតុនៃករណីនេះទេ ឥឡូវយើងកំពុងសង្គ្រោះសិន យើងអត់ទាន់សួរមូលហេតុអ្វីទេ...ព្រោះរោងចក្រហ្នឹងធ្លាប់បានឆេះ ២ លើកហើយទាំងលើកនេះគឺចេះឡសម្ងួត»។
ទោះយ៉ាងណា លោក ផនសារី មេឃុំក្សេមក្សាន្ដ បានសង្ស័យថា អគ្គិភ័យនេះអាចមកពីទុស្សេខ្សែភ្លើង ខណៈកាលពីឆ្នាំមុននោះ ក៏ឆេះដោយករណីទុស្សេខែភ្លើងនៅឡសម្ងួតស្រូវនេះដែរ។
លោកបន្ដថា៖ «មានឡានទឹកស្នងការខេត្ដកំពង់ស្ពឺប្រមាណ ៩ គ្រឿងបានមកជួយអន្ដរាគមន៍បានទាន់ពេល...ភ្លើងបានរលត់ទៅវិញអស់ហើយ តែមិនទាន់ដឹងពីទិន្នន័យចំពោះការខូចខាតទាំងស្រុងទេ»។
បើតាមលោកមេឃុំ រោងចក្រមួយនេះមានបុគ្គលិកបម្រើការប្រមាណជាង ១០០ នាក់ក្នុងនោះក៏មានកូនប្រុសលោកម្នាក់ផងដែរ ប៉ុន្ដែមិនមានគ្រោះថ្នាក់អ្វីទេ។ លោកខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានបដិសេធធ្វើអត្ថាធិប្បាយ ដោយអះអាងថា កំពុងជាប់រវល់ប្រតិបត្តិការក្នុងករណីនេះ។
គួរបញ្ជាក់ថា រោងចក្រផលិតអង្ករ «ហ្គោលឌិនរ៉ាយ» ជារោងចក្រសម្ងួតស្រូវធំមួយ ប៉ុន្តែកាលពីឆ្នាំ ២០១៧ កន្លងទៅ ក៏ធ្លាប់មានគ្រោះអគ្គិភ័យនេះម្តងរួចហើយដែរ ប៉ុន្ដែមិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ៕