ត្បូងឃ្មុំ: យ៉ាង​ហោចណាស់​មាន​មនុស្ស​ប្រុស-ស្រី​ចំនួន​ ៣ ​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​ដឹកខ្សាច់​បុក​ជាមួយ​ម៉ូតូ​ ១ ​គ្រឿង​ពី​ម្សិលមិញ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ក្នុងភូមិ​ទន្លេ​បិទលើ ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប៉ុន្ដែ​អ្នកបើក​បររថយន្ត​បាន​រត់​គេចខ្លួនបាត់​។

លោក តេន សារុំ នាយផ្នែក​សេនាធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ថ្លែង​ពី​ម្សិលមិញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ក្រុម​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​ ១ ​គ្រឿង​ឌុប​គ្នា បើកបរ​ដោយ​ឈ្មោះ អោក សៅ ហៅ​ (​ម៉ាប់​) ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ​នៅ​ភូមិ​ខ្នប់​ដំរីត្បូង ឃុំ​ដំរិល ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដោយ​ឌុប​ស្ត្រី​ ២ ​នាក់​។ ក្នុងនោះ​ស្ត្រី​ម្នាក់ ឈ្មោះ សន សុខខឿន អាយុ​ ៣៤ ​ឆ្នាំ​ជា​ប្រពន្ធ​គាត់ និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ស៊ិន សុខខេន អាយុ​ ២៧ ​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

លោក តេន សារុំ ថា​៖ «​ឡាន និង​ម៉ូតូ​ហ្នឹង​គាត់​ជិះ​បញ្ច្រាស​ទិស​គ្នា ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​ប្រឹង​វ៉ា​ជែង​រថយន្ត​តូច​ ១ ​គ្រឿង តែ​វ៉ា​ជែង​មិន​ផុត ស្រាប់​តែមាន​រថយន្ត​ដឹក​ខ្សាច់​មកពី​មុខ​ក៏​បុក​គ្នា​ពេញ​ទំហឹង​តែម្ដង​។ ក្រោយ​កើតហេតុ​គឺ​អ្នកបើកឡាន​បាន​រត់គេចខ្លួន​បាត់​តែ​យើង​បាន​យក​ឡាន និង​ម៉ូតូ​មក​រក្សាទុក​ហើយ​រង់ចាំ​ការដោះស្រាយ​នាពេល​ក្រោយ​»​។

លោក​បន្ថែមថា ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​បាន​ចុះ​វាស់វែង ហើយ​បាន​យក​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។ ចំណែក​សាកសព​ជនរងគ្រោះ​ទាំង​ ៣ ​នាក់​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

លោក កេង ប៊ុនណា អភិបាល​ស្រុក​ត្បូងឃ្មុំ បាន​ថ្លែងថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ ដោយ​ចាំមើល​សមត្ថកិច្ច​រាយការណ៍​មក​សិន​។

លោក ឯក សារិន នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ទន្លេ​បិទ​បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ប៉ុន្ដែ​មិនបាន​ដឹង​ពី​ដើមហេតុ​លម្អិត​ទេ ព្រោះ​លោក​ជាប់រវល់​ប្រជុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ពី​មន្ត្រី​ជំនាញ​ខ្ញុំ​ដែរ តែ​ដឹង​អត់​ច្បាស់​ទេ ព្រោះ​ខ្ញុំ​មើល​របាយការណ៍​គេ​ផ្ញើ​មក​ដែរ​»​។

ពលរដ្ឋ​ជា​សាក្សី​នៅ​កន្លែង​កើតហេតុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​​មុន​ពេល​កើតហេតុ លោក​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ​ឌុប​ស្ត្រី​ ២ ​នាក់​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស​គ្នា​ជាមួយ​រថយន្ត​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​ពេល​ជិះ​វ៉ា​ជែង​រថយន្ត​ធុន​តូច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ខ្សាច់​ពណ៌​ស ស្លាប់​ទាំង​ ៣ ​នាក់​ភ្លាមៗ​តែម្ដង​។

លោក​បន្តថា ក្រោយពេល​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ខ្សាច់​បាន​ប្រញាប់​ចត​រថយន្ត​ចោល​រួច​រត់​គេចខ្លួនបាត់​។

លោក​ថា​៖ «​ខ្ញុំ​បានឃើញ​គាត់​ជិះ​ដូចជា​មិនលឿន​ប៉ុន្មាន​ទេ តែ​គាត់​ជិះ​វ៉ា​ជែង​ឡានតូច​ហើយ​ពេល​វ៉ា​ជែង​ហ្នឹង គាត់​ជិះ​លឿន ស្រាប់តែ​មាន​ឡាន​ដឹក​ខ្យាច់​មកពី​មុខ​គាត់​ហ្នឹង ក៏​បុក​គ្នា​ពេញទំហឹង​តែម្ដង​»​។

តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​របស់​​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹងថា គ្រាន់តែ​នៅ​ថ្ងៃទី​ ២៧ ​កក្កដា​គឺមាន​មនុស្ស​ស្លាប់​ ៧ ​នាក់​របួសធ្ងន់​ ៨ ​នាក់​ (​ស្រី​ ៣ ​នាក់​) ​និង​របួសស្រាល​ ៧ ​នាក់​ (​ស្រី​ ៥ ​នាក់​) ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ១២ ​លើក​៕