
រថយន្តបុកម៉ូតូ កាលពីថ្ងៃពុធ នៅខេត្តកំពង់ចាម។ សហការី
ក្រចេះ/កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចរណ៍នាអំឡុងថ្ងៃពុធ និងព្រហស្បតិ៍ម្សិលមិញ ក្នុងខេត្ដក្រចេះ និងកំពង់ចាម បណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ ហើយចំនួន ៣ នាក់ទៀតរងរបួសធ្ងន់ និងស្រាល ព្រមទាំងខូចខាតទ្រព្យសម្បត្ដិមួយចំនួន។
របាយការណ៍ស្នងការនគរបាលខេត្ដក្រចេះកាលពីថ្ងៃពុធសប្តាហ៍នេះបានបង្ហាញថា រថយន្តកាមរីបាឡែន ១ គ្រឿងបានបើកបុកចូលផ្ទះពលរដ្ឋយ៉ាងសាហាវ បណ្តាលឱ្យមនុស្សចំនួន ២ នាក់បានស្លាប់នៅកន្លែងភ្លាមៗ និង ២ នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះកាលពីល្ងាចថ្ងៃពុធ ខែមេសានេះ។
លោក ហន ប៉ូច ស្នងការរងនគរបាលខេត្តក្រចេះ ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា រថយន្ដដែលបើកបុកផ្ទះពលរដ្ឋនោះ គឺរថយន្ដម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-៥៨៩៣ រួមដំណើរមានគ្នាចំនួន ៤ នាក់ បើកបរដោយឈ្មោះ យិន ឌីណា ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិបានលុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
អ្នករួមដំណើរឈ្មោះឌិន ម៉េងហ៊ាង ភេទប្រុសអាយុ ៥៣ ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយអ្នកបើកបរខាងលើ ហើយអ្នកទាំង ២ បានស្លាប់នៅកន្លែងកើតហេតុ។ រីឯឈ្មោះឃុន សុផល ភេទស្រី អាយុ ៦២ ឆ្នាំរងរបួសធ្ងន់ និងឈ្មោះហឹម សុផា ភេទប្រុស អាយុ ៦៤ ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង ៤ ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាង ជើងក្នុងស្ថានភាពងងុយដេក ក៏ជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋដែលនៅចម្ងាយជិត ១០០ ម៉ែត្រពីថ្នល់ជាតិ។
លោកស្នងការរងបញ្ជាក់ថា៖ «ឥឡូវក្រុមគ្រួសារសពទាំង ២ នាក់ បានយកសពទៅធ្វើបុណ្យនៅស្រុកកំណើតហើយ ពេលធ្វើបុណ្យរួចទើបត្រឡប់មកដោះស្រាយជាមួយម្ចាស់ផ្ទះដែលខូចខាតនោះវិញ»។
លោកបានបន្ថែមថា ពេលដល់កន្លែងកើតហេតុអ្នកបើកបរបានងងុយដេក ហើយងោករេចង្កូតធ្លាក់ផ្លូវ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ឈ្មោះ ញ៉ាន ប៊ុនធី ភេទប្រុសអាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះអ៊ី វិសាល អាយុ ៣៣ ឆ្នាំ រស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ផ្ទះពលរដ្ឋខូចខាតទាំងស្រុង រីឯរថយន្ដកាមរី បាឡែនរងការខូចខាតធ្ងន់ធ្ងរដែរ។ រថយន្ដត្រូវកម្លាំងនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលក្បាលដំរី រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។
លោក ហន ប៉ូច ឲ្យដឹងដែរថា កាលពី ៣ ថ្ងៃមុន ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីដែរនៅទីតាំងកើតហេតុខាងលើ ដែលបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ផងដែរ។
ដោយឡែកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំណុចលើស្ពានគីហ្សូណា ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ស្លាកលេខ ភ្នំពេញ ៣B-១១៩០ បើកបរដោយឈ្មោះសន ណារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច បានដាច់កាឡេជ្រុល ទៅបុកម៉ូតូម៉ាកធូដេពណ៌ស ស្លាកលេខភ្នំពេញ ១FC-៨៧៨១ បើកបរដោយ ឈ្មោះយ៉ាំង ភឿកឡឺង ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយបុកម៉ូតូម៉ាកធូដេ រថយន្ដបង្កក៏បានជ្រុលទៅបុកម៉ូតូ ១ គ្រឿងទៀតម៉ាក MSX ពណ៌ស ស្លាកលេខភ្នំពេញ ១GL-៤០៩៣ ដែលកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចដោយ ឈ្មោះឡុង សុខុម ភេទប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រងរបួសស្រាល។
របាយការណ៍ស្នងការនគរបាលខេត្ដកំពង់ចាម កាលពីម្សិលមិញបានឲ្យដឹងថា៖ «មូលហេតុរថយន្តដាច់កាឡេ ក្រោយពេលកើតហេតុ ផ្នែកជំនាញបានហៅរថយន្តរបស់មន្ទីរពេទ្យខេត្តដឹកសាកសពយកទៅមន្ទីរពេទ្យខេត្ត ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី»។
របាយការណ៍ដដែលបានបញ្ជាក់ថា៖ «ចំណែកវត្ថុតាង និងអ្នកបើកបររថយន្តបង្កហេតុ សមត្ថកិច្ចយើងបានឃាត់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី»៕