ភ្នំពេញ៖ មនុស្ស​បី​នាក់​បាន​ស្លាប់ និង មនុស្ស​ម្នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​នៅ​រសៀលថ្ងៃ​សៅរ៍​ទី ១៨ ខែ កក្កដា។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ដែល​ ភ្នំពេញប៉ុស្ដិ៍ ទទួល​បាន​ពី​លោក នេត វត្ថា ប្រធាន​នាយក​ដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ​នៅ​មុន​នេះ​បន្តិច។

លោក​បាន​បញ្ជាក់​ថា៖ «កំពុង​ពន្លត់​ភ្លើង​នេះ​នៅ​ឡើយ​ទេ ហើយ​សាកសព​ចំនួន​ពីរ​នាក់​បាន​យក​ចេញ និង ម្នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ភ្លក់​ភ្លើង​នៅ​ឡើយ។ មាន​អ្នក​រង​របួស​ម្នាក់​យើង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ហើយ។ ឥឡូវនេះ យើង​មិន​ទាន់បាន​ដឹង​អំពី​មូលហេតុ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​នៅ​ឡើយ​ទេ ហើយ​កំពុង​ប្រតិបត្តិការ​នៅ​ឡើយ»។

លោក​បន្តថា នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ គឺ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជិត ៤០ គ្រឿង និង មន្រ្តី​ពន្លត់​អគ្គិភ័យ​ជិត ១០០ នាក់។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា លោក​បាន​ចុះ​ទៅ​ដឹក​នាំ​មន្ត្រី​ពន្លត់​អគ្គិភ័យនេះ ហើយ​មិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «យើង​មិន​ទាន់​កំណត់​បាន​អំពី​ជន​រងគ្រោះ​នៅ​ឡើយ​ទេ។ ខ្ញុំ​កំពុង​តែ​ធ្វើ​ការងារ​ហ្នឹង»៕