កំពង់ធំ/កំពត: យ៉ាងហោច​ណាស់​មាន​ស្ត្រី​ ៥ ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ និង​កម្មករ កម្មការិនី​ ២៣ ​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ ២ ​ករណី​ផ្សេង​គ្នា​កាលពី​ម្សិលមិញ​នៅ​ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​ និង​នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត ខណៈ​គ្រាន់តែ​ក្នុង​ខែ​កញ្ញា​កន្លង​មក​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ ១៧៧ ​នាក់ និង​របួស​សរុប​ ៤៧០ ​នាក់​។

លោក ញ៉ែម ឈុនលី អធិការក្រុង​ស្ទឹងសែន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ស្ត្រី​ ៥ នាក់ ​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ភូមិ​ព្រៃតាហ៊ូ សង្កាត់​ព្រៃតាហ៊ូ ក្រុង​ស្ទឹងសែន​ដោយសារ​អ្នក​បើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ត្រង់​ចំណុច​ផ្លូវ​កោង​ហើយ​បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ពី​ផ្លូវជាតិ​លេខ​ ៦ ជាច្រើន​ត្រឡប់​។ អ្នកបើកបរ​រថយន្ត​ម៉ាក​បាឡែន ឈ្មោះ ឌុក វល្ល័ក្ខ ភេទ​ស្រី ជា​មន្ដ្រីនគរបាល​នៅ​នាយកដ្ឋាន​មួយ​ក្នុង​ក្រសួង​មហាផ្ទៃ​។

លោក​បន្តថា​អ្នកបើកបរ​រថយន្ត​នេះ​បាន​បើក​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​កន្លែង​កើតហេតុ​ដែល​ជា​ភូមិសាស្ត្រ​ផ្លូវកោង​បាន​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​លេខ ៦ ​ចូល​មក​នៅលើ​ផ្លូវលំ​ក្បែរ​ប្រឡាយទឹក​។ ចំណែកឯ​មនុស្ស​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា​នៅក្នុង​រថយន្ត​ទាំង ៥ នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ទាំងអស់​។

លោក ឈុនលី បញ្ជាក់​ថា​៖ «​ពួកគាត់​ទាំង ៥ ​នាក់​នេះ​ គឺ​ប្រហែល​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា​ដោយ​ពួកគាត់​ទំនង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប តែ​ដល់​កន្លែង​ហ្នឹង​ក៏​មាន​គ្រោះថ្នាក់​។ ចំណែក​សាកសព​ពួកគាត់​ខ្ញុំ​បាន​ឲ្យ​គេ​ដឹក​ទៅ​កម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួល​»​។

សមត្ថកិច្ច​កំពុង​ពិនិត្យ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥ ​នាក់​។ រូបថត សហការី

បើតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់​ក្រឡាប់​នោះ ម៉ាក​បាឡែន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS-6715 ដោយ​មាន​ជនរងគ្រោះ​ស្លាប់​ទាំង​ ៥ ​នាក់ ​រួមមាន ទី​១-​ អ្នក​បើកបរ​រថយន្ត​ឈ្មោះ ឌុក វល្ល័ក្ខ ភេទ​ស្រី ជា​មន្ដ្រី​នគរបាល​នៅ​នាយកដ្ឋាន​មួយ​ក្នុង​ក្រសួងមហាផ្ទៃ​។ ទី​២- ឈ្មោះ អួន ចាន់ធារី ភេទ​ស្រី អាយុ​ ៣៤ ​ឆ្នាំ ​រស់នៅ​ភូមិ​ទី​ ៤ ឃុំ​ស្វាយលួង ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​។ ទី​៣- ឈ្មោះ ឡាច ស្រីម៉ុម ភេទ​ស្រី អាយុ​ ២៦ ​ឆ្នាំ ​រស់នៅ​ភូមិ​ជំរៅ ឃុំ​ពារាម ស្រុក​បាទី ខេត្ត​តាកែវ ទី​៤- ឈ្មោះ ដុក ចាន់ វលក្ខ័ណ៍ ភេទ​ស្រី អាយុ​ ២៦ ​ឆ្នាំ នៅ​បឹង​កេងកង​ទី​ ៣ ខណ្ឌ​ចំការមន ភ្នំពេញ និង​ទី​៥- ​មិន​ស្គាល់​អត្តសញ្ញាណ​។

គ្រោះថ្នាក់​ចរាចរណ៍​ដាច់​ដោយឡែក​មួយទៀត​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​ ៤១ ​ក្នុង​ភូមិ​ស្រែចែង ឃុំ​ស្រែចែង ស្រុក​ជុំគិរី ខេត្តកំពត ដោយ​​រថយន្ត​បែក​កង់​មុខ​ហើយ​បាន​ក្រឡាប់​ធ្វើឲ្យ​កម្មករ​-​កម្មការិនី​ចំនួន​ ២៣ ​នាក់ (​ប្រុស​​ ៣ ​នាក់​) បាន​រងរបួស​ធ្ងន់-ស្រាល​ ហើយ​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​ចំនួន​ ១៦ ​នាក់ ​និង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ជុំគិរី​ចំនួន ៧ ​នាក់​។

លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​ខេត្តកំពត​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​ម៉ាក​សាំងយ៉ុង ពណ៌​លឿង ជា​រថយន្ត​ដឹក​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​រោងចក្រ​បឹង​ត្រកួន​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ដល់​ចំណុច​ខាងលើ​រថយន្ត​បាន​បែក​កង់​មុខ ខាងស្ដាំ​បណ្តាល​ឲ្យ​ក្រឡាប់​ ២-៣ ​ត្រឡប់​។

លោក​បន្តថា ក្រោយ​ហេតុការណ៍​នេះ នគរបាល​ស្រុក​ជុំគិរី និង​នគរបាល​មូលដ្ឋាន​បាន​ទៅ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ជួយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ឈូក និង​មន្ទីរពេទ្យ​ខេត្ត​តាកែវ​។ «​ឥឡូវនេះ យើង​បាន​ជួយ​សង្គ្រោះ​ពួកគាត់​ដល់​មន្ទីរពេទ្យ​រួចរាល់​ដោយ​មាន​ថ្នាក់​ដឹកនាំ​យើង​ចុះ​ទៅ​សួរសុខទុក្ខ​ដែរ ប៉ុន្ដែ​មិន​មាន​អ្នក​បាត់បង់​ជីវិត​ទេ​»​។

លោក ច័ន្ទមធុរិទ្ធ បន្ថែម​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​មាន​អ្នករបួសធ្ងន់​ចំនួន​ ៩ ​នាក់ ​ដោយ​បាន​បញ្ជូនមក​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ក្រៅពី​នេះ​បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​តាកែវ និង​មន្ទីរពេទ្យ​ស្រុក​ជុំគិរី​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នេះ​បាន​រត់​គេច​ខ្លួន​បាត់ ដោយ​សមត្ថកិច្ច​បាន​យក​រថយន្ត​ជា​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំគិរី​បណ្ដោះអាសន្ន និង​រង់ចាំ​ដោះស្រាយ​ជា​ផ្លូវការ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែងថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង​ជា​បន្តបន្ទាប់​មក​លើ​កម្មករ​រោងចក្រ​នៅតែ​ជា​ប្រធានបទ​ក្ដៅ​នៅ​ឡើយ ដោយ​មិនទាន់​អាច​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ​ទេ​។ កម្មករ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន និង​មួយ​ចំនួន​ជិះ​រថយន្ត​ដឹកជញ្ជូន​មិន​សមរម្យ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ជីវិត​កម្មករ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៅលើ​ដងផ្លូវ​។ ​

លោក​បន្តថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​គួរ​ដាក់ចេញ​វិធានការ​បន្ទាន់​ដើម្បី​កាត់បន្ថយ​ស្ថានភាព​គ្រោះថ្នាក់​មកលើ​កម្មករ​ក៏​ដូចជា​គ្រោះថ្នាក់​ពលរដ្ឋ​ទូទៅ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។ លោក​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​គួរ​ធានា​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ដោយ​ប្រើប្រាស់​រថយន្ត Bus សម្រាប់​ដឹក​កម្មករ​វិញ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរ​យក​គំរូ​តាម​រោងចក្រ​នៅ​ខេត្ត​កោះកុង ព្រោះ​ពួកគាត់​បាន​ធានារ៉ាប់រង​លើ​មធ្យោបាយ​ធ្វើដំណើរ​ឲ្យ​កម្មករ​ខ្លួន គឺ​គាត់​មាន ឡាន Bus ឲ្យ​កម្មករ​ជិះ​។ អ៊ីចឹង​បញ្ហា​នេះ​អត់​សូវ​កើត​មាន​មក​លើ​កម្មករ​ទេ​ហើយ​រដ្ឋាភិបាល គួរ​អនុវត្ត​គម្រោង​នេះ​នៅ​ទូទាំង​ប្រទេស​ដែរ អ៊ីចឹង​វា​អាច​ធានា​សុវត្ថិភាព​ជូន​ពួកគាត់​បាន​ហើយ​»​។

តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ចាប់​គិតពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ៣៣៨ ​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧៧ នាក់​ របួស​សរុប​ចំនួន​ ៤៧០ នាក់​ ក្នុង​នោះ​របួស​ធ្ងន់​ ៣០៤ ​នាក់ និង​ស្រាល​ ១៦៦ ​នាក់​ ដោយ​ខូចខាត​ម៉ូតូ​ចំនួន​ ១៥៣ គ្រឿង រថយន្ត​តូច​ ៨ ​គ្រឿង​។ មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្ដាល​មកពី​អ្នកបើកបរ​លើស​ល្បឿន​កំណត់ និង​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ បើកបរ​ប្រជែង​បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​បើកបរ​ទាំង​មាន​ផ្ទុក​សារធាតុ​ស្រវឹង​ជាដើម​៕